ក្រុមហ៊ុន Huawei ត្រូវបានគេរំពឹងថា បានត្រៀមខ្លួនក្នុងការបញ្ចេញនូវស្មាតហ្វូនប្រណិតរបស់ខ្លួននោះ Mate 80 series នៅក្នុងប្រទេសចិននាខែវិច្ឆិកានេះ។ បើតាមការទម្លាយចេញពី Digital Chat Station នៅពេលនេះ គឺបានចែករំលែកនូវព័ត៌មានថ្មីអំពីស្មាតហ្វូន Mate 80 series នេះ រួមជាមួយនឹងការឌីស្សាញ បច្ចេកវិទ្យាសាកថ្ម ហើយនិងពេលវេលានៃការប្រកាសជាផ្លូវការរបស់ស្មាតហ្វូននេះផងដែរ។
តាមរយៈ DCS បានទម្លាយថា ក្រុមហ៊ុន Huawei កំពុងតែតេស្តទៅលើស្មាតហ្វូនចំនួន 3 ម៉ូឌែលដែលមានកូដ Voyager និង Sagittarius។ ស្មាតហ្វូន Mate 80 ដែលមានលេខកូដ VYG-AL00 ក៏បានបង្ហាញខ្លួននៅលើ Database របស់ 3C ប្រទេសចិនផងដែរ។ ស្មាតហ្វូននេះ នឹងមានទ្រទ្រង់ទៅលើបច្ចេកវិទ្យាសាកថ្មលឿន 66W wired charging។ សម្រាប់ស្មាតហ្វូន Mate 80 Pro វិញ គឺមានលេខម៉ូឌែល SGT-AL00 និង SGT-AL50 បានបង្ហាញខ្លួននៅលើវិញ្ញាបនបត្រ 3C ជាមួយនឹងឆ្នាំងសាក 100W charger ។
DCS ទម្លាយទៀតថា សម្រាប់ស្មាតហ្វូន Mate 80 series នេះនឹងមានការឌីស្សាញជាមួយនឹងកាមេរ៉ាមូលនៅខាងក្រោយ។ វាក៏បំពាក់នូវ Dual-Color Temperature Bar-Style Flash នៅផ្នែកខាងឆ្វេងនៃសិនស័រថែមទៀត។ បើមើលទៅលើកាលបរិច្ឆេទនៃការប្រកាសបង្ហាញខ្លួនរបស់ស្មាតហ្វូននេះ ត្រូវបាន DCS បញ្ជាក់ថា ការប្រកាសជាផ្លូវការទៅលើស្មាតហ្វូននេះអាចនឹងធ្វើឡើងនៅក្នុងខែវិច្ឆិកា ប៉ុន្តែក្រុមហ៊ុន Huawei មិនទាន់បញ្ជាក់ជាផ្លូវការទៅលើរឿងនេះនៅឡើយទេ។ របាយការណ៍មុននេះបញ្ជាក់ថា ស្មាតហ្វូននេះនឹងមាន 4 ម៉ូឌែលនោះគឺ Mate 80, Mate 80 Pro, Mate 80 Pro+ និង Mate 80 RS ។
បើមើលទៅលើលក្ខណៈសម្បត្តិនៃកាមេរ៉ារបស់ស្មាតហ្វូននេះវិញ ក៏មានភាពខុសគ្នាផងដែរ។ ស្មាតហ្វូន Mate 80 នឹងមានកាមេរ៉ាគោល 50MP សិនស័រ 1/1.5-អ៊ីង ខណៈដែលស្មាតហ្វូន Pro មានកាមេរ៉ា 50MP សិនស័រ 1/1.3 អ៊ីង និងស្មាតហ្វូន Pro+ និង RS បំពាក់នូវសិនស័រ 50MP 1/1.3 អ៊ីង SmartSens 590។ ស្មាតហ្វូននេះ អាចនឹងបំពាក់នូវបន្ទះឈីប Kirin 9030 ថែមទៀត៕