no-alternative title
no-alternative title

GWM ត្រៀមបញ្ចេញឡាន Supercar ដំបូងរបស់ខ្លួននៅឆ្នាំ 2026 មានតម្លៃធូរថ្លៃជាង Ferrari SF90 ពាក់កណ្តាល

ក្រុមហ៊ុនផលិតរថយន្តប្រទេសចិន Great Wall Motor (GWM) នឹងប្រកាសចេញឡាន Supercar ដំបូងរបស់ខ្លួននៅឆ្នាំ 2026 នេះបើតាមការបញ្ជាក់ពីអគ្គនាយកក្រុមហ៊ុនលោក Wei Jianjun។ អគ្គនាយកក្រុមហ៊ុនរូបនេះ បានបញ្ជាក់ថា “រថយន្តស្ព័រ ឬ Supercar ដំបូងគេរបស់ប្រទេសចិននឹងលេចរូបរាងពិតប្រាកដក្នុងពេលឆាប់ៗនេះ”។ លោក Wei បានបញ្ជាក់បន្ថែមថា “គម្រោងក្នុងការអភិវឌ្ឍន៍រថយន្ត Supercar នេះ GWM បានស្ថិតក្នុងការអភិវឌ្ឍន៍អស់រយះពេល 4 ទៅ 5 ឆ្នាំមកហើយ”។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

គម្រោងកម្មវិធីផលិតនេះត្រូវបានបង្កើតឡើងក្រោមសម្ព័ន្ធទំនើបកម្មរថយន្តថ្មីហៅថា "Ultra Luxury Vehicle Business Group" ដែលទើបបង្កើតថ្មី ដែលដឹកនាំដោយលោក Wei ជាប្រធានផ្ទាល់។ អតីតអនុប្រធានផ្នែកបច្ចេកវិទ្យា GWM លោក Song Dongxian ត្រូវបានតែងតាំងជា នាយកប្រតិបត្តិ ហើយលោក Zhang Xiaobo មានតួនាទីជា CTO។ គំនិតផ្តួចផ្តើមនេះក៏ត្រូវបានគាំទ្រដោយការជ្រើសរើសបុគ្គលិកអន្តរជាតិ ដើម្បីពង្រឹងសមត្ថភាពរចនា និងវិស្វកម្មផងដែរ។ ចំពោះគំរូរថយន្ត Supercar ដំបូងរបស់ GWM ត្រូវបានបង្ហាញជាសារធារណៈកាលពីអំឡុងខែកក្កដា ឆ្នាំ 2025 ក្នុងសម័យប្រជុំប្រារព្ធខួបលើកទី 35 របស់ GWM។ 

 

លោក Wu Huixiao ដែលជាCTO របស់ GWM បានបង្ហើបថា ក្រុមហ៊ុនកំពុងធ្វើការលើផលិតផលដែលផ្តោតលើរថយន្តទំនើប ដោយយករថយន្ត Ferrari SF90 ត្រូវបានកំណត់ថាជាស្តង់ដារគំរូ។ បើយោងតាមរបាយការណ៍ពីខ្សែសង្វាក់ឧស្សាហកម្មបានបង្ហាញថា រថយន្ត Supercar ដំបូងរបស់ GWM អាចនឹងប្រើប្រាស់ម៉ាស៊ីន 4.0T twin-turbo V8 ដែលអភិវឌ្ឍដោយក្រុមហ៊ុនខ្លួនឯងផ្ទាល់ ហើយនិងភ្ជាប់ជាមួយម៉ូទ័រអគ្គិសនីសម្រាប់ម៉ូដែល Plug-in-hybrid។  GWM supercar អាចនឹងមានកម្លាំងប្រហែល 1,000 សេះ និងអាចជាន់ល្បឿនពីកុងទ័រ 0-100km/h ចាយពេលខ្ទង់ 3 វិនាទី ហើយអាចជាន់ល្បឿន Top Speed បានលើសពី 350km/h។

រថយន្តស្ព័រ ឬ Supercar ដំបូងរបស់ GWM ត្រូវបានក្រុមហ៊ុនដាក់គោលដៅធំក្នុងការប្រកួតប្រជែងដោយផ្ទាល់ជាមួយរថយន្តស័្ពរទំនើបរបស់ក្រុមហ៊ុនអឺរ៉ុបជាមួយតម្លៃធូរជាង។ រថយន្ត Supercar ដំបូងរបសើ GWM នឹងមានតម្លៃក្នុងចន្លោះ 2 លានយន់ ឬប្រហែល $280,000ដុល្លារអាមេរិកនៅពេលបង្ហាញវត្តមាននៅលើទីផ្សារ ដែលតម្លៃនេះ គឺធូរថ្លៃជាងប្រហែលពាក់កណ្តាលនៃតម្លៃរបស់ម៉ូដែល Ferrari SF90 នៅទីផ្សារប្រទេសចិន។ GWM បានបញ្ជាក់ថា គោលដៅនៃគម្រោងផលិតឡាន Supercar នេះ គឺមិនត្រឹមតែបង្កើតប្រភេទផលិតផលរថយន្តថ្មីនៅក្នុងត្រកូលរថយន្តរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីវឌ្ឍនភាពនៃបច្ចេកវិទ្យារបស់ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសចិននៅលើឆាករថយន្តពិភពលោកផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម