ថ្មីៗនេះ ក្រុមហ៊ុន Qualcomm ទើបតែប្រកាសចេញនូវបន្ទះឈីបថ្មី Snapdragon 8 Elite Gen 5 របស់ខ្លួនហើយបន្ទាប់ពីមានការបែកធ្លាយព័ត៌មានអស់ជាច្រើនរួចមក។ បន្ទះឈីបនេះ គឺបានចាប់ផ្តើមដាក់អោយដំណើរការនៅលើស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុនធំៗមួយចំនួនហើយ។ ប៉ុន្តែបើមើលទៅលើពាក្យចចាមអារ៉ាមថ្មីនេះ មានការចែកព័ត៌មានថ្មីពីបន្ទះឈីបសម្រាប់ឆ្នាំ 2026 ទៀតហើយ។ យោងតាមការទម្លាយចេញពី Digital Chat Station ថ្មីៗនេះ បានអោយដឹងថា ក្រុមហ៊ុន Qualcomm បានត្រៀមខ្លួនក្នុងការបញ្ចេញនូវបន្ទះឈីបថ្មីចំនួន 2 ដែលមាន Snapdragon 8 Elite Gen 6 និង Snapdragon 8 Gen 6។
យោងតាមការបែកធ្លាយចុងក្រោយបំផុតនេះ បានទម្លាយអំពីកូដរបស់បន្ទះឈីបដែលមានលេខកូដ SM8975 គឺសម្រាប់ប្រើប្រាស់ទៅលើ Snapdragon 8 Elite Gen 6 និងលេខកូដ SM8950 សម្រាប់បន្ទះឈីប Snapdragon 8 Gen 6។ បើមើលទៅលើបន្ទះឈីប Snapdragon 8 Elite Gen 5 និង Snapdragon 8 Gen 5 ដែលទើបនឹងចេញនៅក្នុងឆ្នាំនេះ គឺមានលេខកូដ SM8850 និង SM8845។ បន្ទះឈីបនេះគឺប្រើប្រាស់នូវដំណើរការ 2nm ជំនាន់ថ្មីផងដែរ។
ក្រុមហ៊ុន Qualcomm បានអះអាងថា បន្ទះឈីបថ្មីនេះ នឹងមានការបង្កើនល្បឿន performance លឿនជាងមុន 20% និងល្បឿន efficiency ប្រសើរជាងមុន 35% ធៀបជាមួយនឹងបន្ទះឈីបជំនាន់មុននេះ។ សម្រាប់ GPU នៅលើបន្ទះឈីបនេះ ក៏មានការកើនឡើង 23% ផងដែរ ទាត់ទងទៅលើផ្នែកក្រាហ្វិក និងល្បឿន Ray-Trace Gaming។ បន្ថែមពីនេះទៀតនោះ នៅលើបន្ទះឈីប ក៏មានការបំពាក់នូវ Spectra ISP និង Advanced Professional Video (APV) codec សម្រាប់ថតវីដេអូកម្រិត 8K ទៀតផង។
ក្រុមហ៊ុន Qualcomm ក៏ប្រើប្រាស់នូវម៉ូដឹម X85 5G modem សម្រាប់ការភ្ជាប់ទំនាក់ទំនង។ ក្រុមហ៊ុន Xiaomi ទើបតែបង្ហាញចេញនូវស្មាតហ្វូន Xiaomi 17 series ដែលបំពាក់នូវបន្ទះឈីបនេះ ខណៈពេលដែលក្រុមហ៊ុន OnePlus, Vivo, iQOO, Oppo, Realme និង Honor នឹងប្រើប្រាស់នូវបន្ទះឈីបថ្មីនេះនៅចុងឆ្នាំ 2025 និងដើមឆ្នាំ 2026 នេះ៕