ក្រុមហ៊ុន Samsung ត្រូវបាមគេមើលឃើញថា បាននឹងកំពុងតែមានសន្ទុះងើបឡើងវិញទៅលើផ្នែកអាជីវកម្មជាច្រើនរបស់ខ្លួន ដោយថ្មីៗនេះ ក្រុមហ៊ុនកូរ៉េខាងត្បូងមួយនេះ ទទួលបាននូវការកម្ម៉ង់បន្ទះឈីបជាច្រើនចេញពីក្រុមហ៊ុនធំៗជាច្រើនដូចជា Apple និង Tesla ជាដើម។ បន្ថែមពីនេះ ស្មាតហ្វូនបត់បានស៊េរីថ្មីរបស់ក្រុមហ៊ុននេះ ក៏ទទួលបាននូវលទ្ធផលវិជ្ជមានជាច្រើន ដែលធ្វើអោយក្រុមហ៊ុននេះ ក្លាយជាក្រុមហ៊ុននាំមុខេគេនៅលើទីផ្សារស្មាតហ្វូនទៀតផង។
ក្រុមហ៊ុន Samsung ទទួលបានចំណាត់ថ្នាក់លេខ 1 នៅក្នុងទីផ្សារស្មាតហ្វូនសកលនៅក្នុងត្រីមាសទី 3 ឆ្នាំ 2025 នេះ ដោយ ការលក់ស្មាតហ្វូននៅលើទីផ្សារសកលក្រុមហ៊ុន Samsung បានច្រើនជាងគូរប្រជែងរបស់ខ្លួន។ យោងតាមរបាយការណ៍ចុងក្រោយបំផុតចេញពី IDC បានអោយដឹងថា ក្រុមហ៊ុននេះ បាននាំចេញស្មាតហ្វូនបានចំនួន 61.4 លានគ្រឿងដែលមានចំនួន 6.3% ធៀបទៅនឹងត្រីមាសទី 3 ឆ្នាំ 2024។ ក្រុមហ៊ុននេះមានចំណែកទីផ្សារចំនួន 19% នៅក្នុងរយៈពេលដូចគ្នានេះ ដែលជួយអោយក្រុមហ៊ុននេះជាប់ចំណាត់ថ្នាក់លេខ 1។ នៅក្នុងត្រីមាសទី 3 ឆ្នាំ 2024 ក្រុមហ៊ុន Samsung នាំចេញស្មាតហ្វូនបានចំនួន 57.7 លានគ្រឿងដែលមានចំណែកទីផ្សារចំនួន 18.4% ប៉ុណ្ណោះ។
បើតាមរបាយការណ៍នេះ ក្រុមហ៊ុន Samsung គឺទទួលបាននូវកំណើនដ៏ល្អបផុតសម្រាប់ត្រីមាសទី 3 ឆ្នាំ 2025 នេះ។ ភាពជោគជ័យនេះ គឺកើនឡើងដោយសារតែការឆ្លើយតបដ៏ខ្លាំងក្លារបស់អ្នកប្រើប្រាស់ជាមួយនឹងស្មាតហ្វូនបត់បានស៊រីថ្មីរបស់ក្រុមហ៊ុននេះ នោះគឺ Galaxy Z Flip 7 និង Galaxy Z Fold 7។ បន្ថែមពីនេះ ស្មាតហ្វូនទាំងពីរនេះ ក៏លក់បានច្រើនខ្លាំងជាងស្មាតហ្វូន Galaxy Z series ហើយនេះ គឺជាដំណឹងដ៏ល្អរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូងនេះ។ ក្រុមហ៊ុន Samsung ក៏ត្រៀមបញ្ចេញនូវស្មាតហ្វូនបត់បាន 3 តង់របស់ខ្លួននៅខែនេះ។ ក្រុមហ៊ុនបានប្រកាសថា ខ្លួននឹងបង្ហាញនូវ Extended Reality (XR) headset របស់ខ្លួននៅថ្ងៃទី 21 ខែតុលាខាងមុខនេះហើយ។ ផលិតផលទាំងពីររបស់ក្រុមហ៊ុន Samsung នេះ នឹងជម្រុញទៅលើការលក់កាន់តែខ្លាំង។
ក្រឡេកមកក្រុមហ៊ុន Apple វិញ គឺមានការនាំចេញស្មាតហ្វូន iPhones បានចំនួន 58.6 លានគ្រឿងនៅក្នុងរយៈពេលដូចគ្នា ហើយក្រុមហ៊ុននេះជាប់ចំណាត់ថ្នាក់លេខ 2 សម្រាប់ទីផ្សារស្មាតហ្វូនសកល ដោយមានចំណែកទីផ្សារចំនួន 18.2% ខណៈពេលដែលក្រុមហ៊ុន Xiaomi ជាប់លេខ 3 មានការនាំចេញចំនួន 43.5 លានគ្រឿង ខណៈពេលដែលក្រុមហ៊ុន Transsion នាំចេញស្មាតហ្វូនបានចំនួន 29.2 លានគ្រឿងជាប់ចំណាត់ថ្នាក់លេខ 4។ ក្រុមហ៊ុន vivo នាំចេញស្មាតហ្វូនបានចំនួន 28.9 លានគ្រឿងនៅក្នុងត្រីមាសទី 3 ឆ្នាំ 2025 នេះ ជាមួយនឹងចំណែកទីផ្សារចំនួន 8.9% ៕