ឡាន Plug-in-hybrid Pick up របស់ក្រុមហ៊ុន BYD ម៉ូដែល Shark នឹងមានការចេញលក់នៅទីផ្សារប្រទេសចិនក្នុងពេលមិនយូរមិនឆាប់ខាងមុខនេះ នេះបើតាមលោក Li Yunfei ប្រធានគ្រប់គ្រងទូទៅផ្នែកទំនាក់ទំនងសាធារណៈរបស់ BYD។ ប្រធានផ្នែករូបនេះ បានបញ្ជាក់ថា ការចេញលក់រថយន្ត Pick up មួយនេះ ស្ថិតនៅក្នុងដំណាក់កាលរៀបចំផែនការរបស់ក្រុមហ៊ុន។ ទន្ទឹងនឹងនេះលោក Yunfei បានបង្ហើបថា តម្លៃរបស់ Shark នៅក្នុងទីផ្សារប្រទេសចិន គឺនឹងទាបជាងតម្លៃនៅទីផ្សារក្រៅស្រុក។
BYD Shark ត្រូវបានក្រុមហ៊ុនធ្វើការចេញលក់នៅទីផ្សារសកលក្នុងខែឧសភា ឆ្នាំ 2024 ដោយចាប់ផ្តើមចេញលក់ដំបូងគេ គឺនៅក្នុងប្រទេសម៉ិកស៊ិក។ ក្នុងខែកញ្ញា ឆ្នាំ2025 កន្លងទៅថ្មៗនេះ BYD Shark មានការនាំចេញចំនួន 30,000 គ្រឿង ហើយនៅក្នុងបណ្តាទីផ្សារប្រទេសមួយចំនួនឡាន PHEV Pick up មួយនេះ ត្រូវបានក្រុមហ៊ុនចេញលក់ក្រោមស្លាកឈ្មោះ BYD Shark 6។
សម្រាប់ការលក់រថយន្តប្រភេទ Pick up ដំណើរការដោយថាមពលថ្មី ឬ New Energy Pickup truck មានការកើនឡើងយ៉ាងឆាប់រហ័សក្នុងទីផ្សារប្រទេចិន ដោយការលក់មានចំនួនប្រហែល 49,000 គ្រឿង គិតចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ 2025 បើតាមរបាយការណ៍ពី CPCA ដែលតួលេខនេះ គឺកើនឡើងដល់ 536% ធៀបនឹងឆ្នាំ 2024។
BYD Shark ឬ Shark 6 គឺជារថយន្ត PHEV Pickup truck ដែលមានទំហំធំ ដោយរថយន្តនេះ មានបណ្តោយ 5,457mm/ ទទឹង 1,971mm/ កំពស់ 1,925mm និងគម្លាតកង់មុខទៅកង់ក្រោយ 3,260mm។ រថយន្ត dual-cab pickup 5-កៅអីមួយនេះ អាចផ្ទុកទំងន់ខាងក្នុងបាន 835kg ខណៈគ្រែដឹកខាងក្រោយអាចផ្ទុកទំងន់បាន 1,450kg។
នៅផ្នែកកណ្តាលនៃ Dashboard មានភ្ជាប់នូវអេក្រង់កម្សាន្តទំហំ 12.8-inch រួមនឹងមានប៊ូតុងប្រភេទ Physical នៅផ្នែកកណ្តាលសម្រាប់បញ្ជាមុខងារផ្សេងៗមួយចំនួនផងដែរ។ ប្រព័ន្ធ Plug-in-hybrid នៅលើ BYD Shark 6 គាំទ្រដំណើរការនៅលើម៉ាស៊ីនសាំង 1.5-liter turbocharged ICE និងបង្វិលកង់ដោយប្រព័ន្ធម៉ូទ័រអគ្គិសនីចំនួន 2 ដែលផ្តល់នូវកម្លាំងសរុប 320kW (429hp) និងកម្លាំងរមួល 650Nm។
BYD Shark 6 បំពាក់នូវកញ្ចប់ថ្មប្រភេទ LFP ទំហំ 29.58kWh សាកភ្លើងពេញម្តងអាចជិះបានចម្ងាយ 100km ដោយប្រើថាមពលថ្មសុទ្ធ និងដល់ 840km នៅពេលប្រើគូបជាមួយម៉ាស៊ីនចាក់សាំងមួយពេញម្តង។ ចំពោះកម្រិតស៊ីសាំងវិញ គឺ 7.5L/100km។ ចំពោះតម្លៃ BYD Shark 6 វិញ គឺខុសៗគ្នាទៅតាមទីផ្សារ ដូចជានៅប្រទេសម៉ិកស៊ិកមានតម្លៃខ្ទង់ $49,050, អូស្ត្រាលីមានតម្លៃ $38,120, ប្រេស៊ីលមានតម្លៃ $71,180 និងនៅទីផ្សារប្រទេសកម្ពុជាមានតម្លៃ $56,800។ ទោះជាយ៉ាងណាសម្រាប់តម្លៃ និងថ្ងៃចេញលក់នៅប្រទេសចិន ក្រុមហ៊ុនមិនទាន់បានបង្ហើបឲ្យដឹងនៅឡើយទេ៕