Find X9 Ultra គឺជាស្មាតហ្វូនថ្នាក់ប្រណិតស៊េរីថ្មីរបស់ OPPO ត្រូវបានគេជឿជាក់ថា អាចនឹងក្លាយជាម៉ូដែលថ្មីមួយ ដែលមានការប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ាថតរូបមានសមត្ថភាពខ្លាំងបំផុតនៅលើទីផ្សារស្មាតហ្វូនសម្រាប់ឆ្នាំ 2025 នេះ ដោយសារតែឆ្នាំនេះ ក្រុមហ៊ុននេះបានសម្រេចធ្វើការឌីស្សាញរូបរាងក៏ដូចជាការប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីៗប្លែកជាងគេប្រៀបធៀបជាមួយនិងស្មាតហ្វូនដ៏ទៃទៀតក្នុងចំណោម Find X9 series។
នៅថ្ងៃនេះ បើយោងតាមការបែកធ្លាយជាថ្មីនៅលើបណ្តាញ Weibo ពីអ្នកទម្លាយ Digital Chat Station បានបង្ហើបពីព័ត៌មានថ្មីៗរបស់ស្មាតហ្វូននេះហើយ។ នៅក្នុងការបង្ហោះខាងលើនេះ គឺបានបញ្ជាក់ថា Find X9 Ultra នឹងកា្លយជាម៉ូដែលតែមួយគត់ ដែលប្រើប្រាស់នូវបន្ទះឈីបជំនាន់ថ្មី Snapdragon 8 Elite Gen 5 SoC មានលក្ខណៈពិសេសជាងគេក្នុងចំណោមស្មាតហ្វូនជាច្រើនទៀតដែលមាននៅលើទីផ្សារនាពេលខាងមុខ។ ហើយ Find X9 Ultra ក៏អាចនឹងកា្លយជា ស្មាតហ្វូនថ្នាក់ប្រណិតតែមួយគត់ដែលមានឡែន Periscope Telephoto ពីរគ្រាប់ផងដែរ។
អ្នកទម្លាយរូបនេះបានបន្តថា Find X9 Ultra នឹងមានការបំពាក់នូវកាមេរ៉ាគោលមានទំហំ 200MP។ សូមជំរាបថា កន្លងមក ក៏មានការបញ្ជាក់ថាស្មាតហ្វូន Xiaomi 16 Ultra, Honor Magic 7 Ultra, Vivo X300 Ultra និង Oppo Find X9 Ultra នឹងមានការប្រើប្រាស់នូវកាមេរ៉ាដូចគ្នានេះដែរ។ ជាមួយនិង Find X9 Ultra នឹងមានការប្រើប្រាស់នូវសិនស័រទំហំ 200MP Sony IMX09E (LYT990)។