នារយៈពេលប៉ុន្មានថ្ងៃនេះ បន្ទាប់ពីការទម្លាយព័ត៌មានរបស់ស្មាតហ្វូនជំនាន់ថ្មី realme GT 8 series នៅទីបំផុត ក្រុមហ៊ុន realme បានចេញមកបញ្ជាក់ថា ស្មាតហ្វូនស៊េរីថ្មីនេះ នឹងបង្ហាញខ្លួននៅថ្ងៃទី 21 ខែតុលានេះ នៅក្នុងប្រទេសចិន។ ស្មាតហ្វូន Series ថ្មីនេះ នឹងមាន 2 ម៉ូដែលរួមមានដូចជា ស្មាតហ្វូនជំនាន់ថ្មី realme GT8 និង GT8 Pro ហើយស្មាតហ្វូនទាំងពីរនេះ នឹងមានការប្រើប្រាស់នូវបន្ទះឈីប Snapdragon 8-Series។
តាមការបញ្ជាក់ក្នុងប្រភពខាងលើនេះ និយាយថា ស្មាតហ្វូន realme GT 8 Pro នឹងបំពាក់នូវបន្ទះឈីប Snapdragon 8 Elite Gen 5 ដែលនឹងមានសមត្ថភាពខ្លាំង អាចធ្វើការប្រកួតប្រជែងបានជាមួយនឹងស្មាតហ្វូនស៊េរីថ្មីជាច្រើនទៀត OnePlus 15, iQOO 15 និង Redmi K90 Pro។ នៅលើស្មាតហ្វូនថ្មីនេះ ក៏នឹងមានការបំពាក់នូវបន្ទះឈីប R1 graphics chip សម្រាប់ផ្តល់នូវបទពិសោធន៍នៃការលេងហ្គេមកាន់តែអស្ចារ្យថែមទៀតផង។ ស្មាតហ្វូន realme GT8 Pro ថ្មីនេះ នឹងក្លាយជាស្មាតហ្វូនដំបូងបំផុតរបស់ក្រុមហ៊ុន ដែលសហការជាមួយនឹងក្រុមហ៊ុនកាមេរ៉ាដ៏ល្បីល្បាញ Ricoh ។
តាមរយៈនៃកិច្ចសហការរបស់ក្រុមហ៊ុន Realme និង Ricoh ក៏នឹងមានការផ្តល់នូវពណ៌ច្រើនសម្រាប់ស្មាតហ្វូន realme GT8 Pro ផងដែរ ដោយក្នុងនោះរួមមានដូចជា Positive Film, Negative Film, High Contrast Black & White, Standard និង Black & White ជាដើម។ ស្មាតហ្វូនជំនាន់ថ្មី realme GT8 Pro នេះ នឹងមានអេក្រង់ OLED 2K display ជាមួយនឹងកម្រិត 144Hz refresh rate ។
នៅលើស្មាតហ្វូនថ្មីនេះ នឹងមានថាមពលថ្មទំហំ 7,000mAh+ ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿនកម្លាំង 120W fast charging ហើយនិង wireless charging ផងដែរ។ ស្មាតហ្វូននេះ ក៏នឹងមានបំពាក់នូវសិនស័រ ultrasonic in-screen fingerprint scanner, គែមធ្វើពីលោហធាតុ , dual speakers និង X-axis linear motor ផងដែរ។ និយាយពី ស្មាតហ្វូន realme GT 8 នេះ ក្រៅពីបន្ទះឈីប Snapdragon 8 Elite នេះ នៅលើស្មាតហ្វូននេះ គឺមានការបំពាក់នូវអេក្រង់ទំហំ 6.6-អ៊ីង និងថាមពលថ្មទំហំ 7,000mAh ៕