
ក្រុមហ៊ុន Samsung Electronics បានធ្វើការប្រកាសចេញបន្ទះជំនាន់ថ្មីរបស់ខ្លួន គឺ Exynos 2600 SoC កាលពីម្សិលមិញនេះ ជាមួយគ្នានេះ ក៏មានលេចលឺព័ត៌មានចចាមអារាមបានខ្សិបខ្សៀវថា Exynos 2600 ថ្មីនេះអាចនឹងប្រើនៅលើកំពូលស្មាតហ្វូនជំនាន់ថ្មី Galaxy S26 Series ដែលតម្រូវក្នុងទីផ្សារប្រទេសណាមួយផងដែរ។
ដោយឡែកក្នុងពេលនេះ តាមប្រភពព័ត៌មានថ្មីចេញពីកូរ៉េខាងត្បូង បាននិយាយថា Samsung នឹងប្រើបន្ទះឈីប Exynos 2600 SoC ថ្មីរបស់ខ្លួននៅលើស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មី Galaxy Z Flip 8 ដែលនឹងបង្ហាញវត្តមានផ្លូវការណ៍នារដូវក្តៅឆ្នាំក្រោយនេះ។ បច្ចុប្បន្នក្នុងជំនាន់ Galaxy Z Flip 7 គឺបានប្រើបន្ទះឈីប Exynos ស៊េរី Exynos 2500 ហើយជា Z Flip ដំបូងគេដែលបំពាក់បន្ទះឈីបមួយនេះ ដូចនេះ សម្រាប់អ្នកស្នងដំណែងជំនាន់ថ្មី Z Flip 8 គឺនឹងនៅបន្តប្រើបន្ទះឈីប Exynos ជាជំនាន់ថ្មីផងដែរ។ តាមប្រភពព័ត៌មានចចាមអារាមបាននិយាយថា Galaxy Z Flip 8 នឹងមានទំងន់ និងកម្រាស់ស្រាលជាង Z Flip 7 ប្រមាណ 10% ដែលមានន័យថា Z Flip 8 នឹងមានកម្រាស់ស្តើងត្រឹម 6mm នៅពេលបើក និង 12mm នៅពេលបត់ជាមួយទំងន់សរុប 170 ក្រាម។
ទោះជាយ៉ាងណាសម្រាប់បងធំ Galaxy Z Fold 8 ត្រូវបានគេនិយាយថា នឹងបង្ហាញវត្តមានជាមួយការបំពាក់នូវបន្ទះឈីបកំពូលជំនាន់ថ្មីរបស់ Qualcomm គឺ Snapdragon 8 Elite Gen 5។ បន្ថែមពីនេះ Galaxy Z Fold 8 ត្រូវបានគេដឹងទៀតថា នឹងបន្តបំពាក់នូវសែនស័រកាមេរ៉ាគោលខាងក្រោយទំហំ 200MP ប៉ុន្តែបង្កើនសមត្ថភាពកាមេរ៉ា telephoto កម្រិត 3X ទំហំដល់ 12MP ជំនួសឲ្យ 10MP នៅលើ Galaxy Z Fold 7 បច្ចុប្បន្ន ហើយសម្រាប់កាមេរ៉ា Ultrawide នឹងខ្ចីសែនស័រទំហំ 50MP ថ្មី ដែលប្រើនៅលើបងធំ Galaxy S25 Ultra។

Samsung បានដាក់ការរំពឹងថា ខ្លួនអាចនឹងបង្កើតបរិមាណការលក់ Galaxy Z Flip 8 និង Z Fold 8 ប្រមាណ 10% ធៀបនឹងជំនាន់ Z Flip 7 និង Z Fold 7។ ជាក់ស្តែង Samsung ត្រូវបានគេដឹងថា បានកំណត់គោលដៅការលក់ Galaxy Z Flip 8 និង Z Fold 8 ចំនួនប្រមាណ 6.7 លានគ្រឿង៕





