
បន្ទាប់ពី BYD បានប្រកាសពីតួរលេខនៃការលក់រថយន្តប្រចាំឆ្នាំ 2025 របស់ខ្លួន ដែលមានចំនួនដល់ទៅជាង 4.6 លានគ្រឿង ស្រាប់តែក្រុមហ៊ុនរួមស្រុក Geely Auto ក៏បានប្រកាសពីភាពជោគជ័យនៃការលក់រថយន្តប្រចាំឆ្នា 2025 របស់ខ្លួនផងដែរ ដោយលក់បានសរុបចំនួន 3.0246 លានគ្រឿង ដែលធ្វើឲ្យការលក់ប្រចាំឆ្នាំមានកំណើនប្រមាណ 39% ពីមួយឆ្នាំទៅមួយឆ្នាំ។
ក្នុងទិន្នន័យនេះ ក៏បានបង្ហាញផងដែរថា ការលក់រថយន្តដំណើរការដោយថាមពលថ្មី ឬ New Energy Vehicles (NEVs) របស់ Geely ក៏មានការកើនឡើង 90% ពីមួយឆ្នាំទៅមួយឆ្នាំផងដែរដោយលក់បានសរុបចំនួន 1.6878 លានគ្រឿង។ ដោយក្នុងនោះសម្រាប់ម៉ាករថយន្ត Geely ផ្ទាល់បានរួមចំនែកក្នុងការលក់សរុបបានចំនួនដល់ 2.4499 លានគ្រឿង ហើយក្នុងនោះមានម៉ាក Geely China Star បានសម្រេចការលក់ប្រចាំឆ្នាំចំនួន 1.2141 លានគ្រឿង ដែលបង្ហាញពីការកើនឡើង 3% ពីមួយឆ្នាំទៅមួយឆ្នាំ ហើយនិងលក់បានលើសពីគោលដៅ "Million China Star" របស់ខ្លួនដោយជោគជ័យ។ ម៉ាក Geely Galaxy លក់បានចំនួន 1.2358 លានគ្រឿង កើនឡើង 150% ពីមួយឆ្នាំទៅមួយឆ្នាំ។

ដោយឡែកម៉ាកយីហោរថយន្តរងរបស់ Geely Auto ដូចជា Lynk & Co លក់បានចំនួន 350,500 គ្រឿង កើនឡើង 23% ធៀបនឹងឆ្នាំ 2024 ហើយ ក្នុងនោះម៉ាក Lynk & Co ប្រភេទ NEV លក់បានចំនួន 227,800 គ្រឿង កើនឡើង 36% ធៀបពីមួយឆ្នាំទៅមួយឆ្នាំ។ ហើយសម្រាប់ម៉ាករថយន្តអគ្គិសនីប្រណិត Zeekr វិញ លក់បានចំនួន 224,100 គ្រឿង ក្នុងឆ្នាំ 2025។ Zeekr ទទួលបានភាពជោគជ័យខ្លាំងក្នុងខែធ្នូ ឆ្នាំ 2025 ដោយបាននាំចេញរថយន្តចំនួន 30,300 គ្រឿង។ ក្នុងឆ្នាំ 2025 ដដែល Geely Auto បានធ្វើការនាំចេញ និងចេញលក់រថយន្តនៅលើទីផ្សារក្រៅស្រុកបានចំនួន 420,100 គ្រឿងផងដែរ។

ទន្ទឹងនឹងភាពជោគជ័យនៃការលក់ក្នុងឆ្នាំ 2025 កន្លងទៅ Geely Auto ក៏បានដាក់គោលដៅក្នុងការលក់រថយន្តរបស់ខ្លួនបានយ៉ាងហោចណាស់ក៏ 3.45 លានគ្រឿង ក្នុងឆ្នាំ 2026 នេះ ដែលតួរលេខនេះ គឺមានកំណើនប្រមាណ 14% ធៀបនឹងការលក់ក្នុងឆ្នាំ 2025។ នៅក្នុងគម្រោងនៃការលក់ក្នុងឆ្នាំ 2026 នេះ Geely Auto បានធ្វើបែងចែកចំនួនកំណត់នៃការលក់ម៉ាកយីហោផ្សេងគ្នាក្នុងនោះ ម៉ាករថយន្ត Geely ផ្ទាល់មានប្រមាណ 2.75 លានគ្រឿង, ម៉ាកយីហោរង Lynk & Co ចំនួន 400,000 គ្រឿង និង Zeekr ចំនួន 300,000 គ្រឿង។ ជាមួយគ្នានេះ Geely ក៏រំពឹងថា ការលក់រថយន្តប្រភេទ NEV ឆ្នាំ 2026 អាចនឹងមានចំនួន 2.22 លានគ្រឿង កើនឡើង 32% ធៀបនឹងការលក់ NEV ក្នុងឆ្នាំ 2025៕





