
ក្រោយពីទទួលបាននូវភាពជោគជ័យទៅលើម៉ូដែល Sealion នៅថ្ងៃនេះ ក្រុមហ៊ុនផលិតឡានអគ្គិសនីដ៏ធំរបស់ចិនមួយនេះ បានបញ្ចេញនូវ BYD Sealion 06 EV ជំនាន់ថ្មីថែមទៀតហើយ ដោយាមនការបង្កើនទំហំអាគុយចាប់ពី 75.616 kWh និង82.732 kWh Blade (lithium iron phosphate) ដោយសាកពេញម្តងអាចបើកបរតាមស្តង់ដារ CLTC បានចម្ងាយចាប់ពី 620 km និង 710 km ហើយនឹងអាចដឹកបានទម្ងន់ 2,040 kg និង 2,080 kg។ សម្រាប់អាគុយឡាននេះ គឺមានទម្ងន់ 538.6 kg និង 571.3 kg.
សូមជំរាបថា ឡានអគ្គិសនី Sealion 06 EV ដែលលក់នៅលើទីផ្សារថ្មីៗនេះ មានការបំពាក់នូវអាគុយទំហំ 65.28 kWh និង 78.72 kWh Blade battery នឹងអាចបើកបរបានតាមស្តង់ដារ CLTC range បានចម្ងាយ 520 km និង 605 km ប៉ុណ្ណោះ។ សម្រាប់តម្លៃឡានវិញ គឺមានចាប់ពី 143,800 យ៉ន់ ទៅ 163,800 យ៉ន់ ដែលប្រហែល 20,600 ដុល្លារ ទៅ 23,400 ដុល្លារ។

យោងតាមការចុះបញ្ជី MIIT របស់ចិន បានបង្ហាញថា ឡានអគ្គិសនីថ្មី Sealion 06 EV នេះ គឺមានការអាប់ដែតទៅលើម៉ូទ័រ កម្លាំងខ្លាំងដល់ទៅ 270 kW (362 hp) ខណៈដែលម៉ូដែលមុនត្រឹមតែ 170 kW (228 hp) និង 180 kW (241 hp) ប៉ុណ្ណោះ។ និយាយទៅឡាននេះ មានការបង្កើនកម្លាំង 90 kW (121 hp) និងអាចបើកបានល្បឿនលឿនបំផុតដល់ទៅ 210 km/h។ ឡានថ្មីនេះមានប្រវែង 4810mm ទទឹង 1920mm កំពស់ 1675mm ខណៈដែលគម្លាតកង់មុខក្រោយមានប្រវែង 2820 mm។

គួរបញ្ជាក់ថា នៅខែវិច្ឆិកាកន្លងទៅនេះ Sealion 06 lineup (EV និង PHEV) លក់បាន 35,081 គ្រឿង ដែលបានក្លាយជាខែទី 4 ដែលក្រុមហ៊ុននេះលក់បានច្រើនជាង 30,000 units។ គិតចាប់តាំងពីខែកក្កដាមក ឡាន Sealion 06 លក់បាន 134,665 គ្រឿងហើយ។





