
រថយន្តអគ្គិសនី SUV ដែលលក់ដាច់ខ្លាំងរបស់ក្រុមហ៊ុន Kia ត្រៀមចេញម៉ូដែលថ្មីឆ្នាំ 2026 ដើម្បីបង្កើនការលក់ និងដើម្បីប្រកូតប្រជែងនៅក្នុងទីផ្សារប្រទេសអូស្ត្រាលី។ រថយន្តអគ្គិសនី SUV ស៊េរីថ្មីឆ្នាំ 2026 នោះ គឺ Kia EV5 ដែលវាអាចនឹងត្រូវបានក្រុមហ៊ុនធ្វើការប្រកាសចេញនៅទីផ្សារអូស្ត្រាលីនាដើមឆ្នាំក្រោយនេះ។ Kia EV5 Facelift 2026 នឹងក្លាយជាដៃគូប្រជែងទីផ្សារជាមួយនឹង SUV EV ដូចជា Tesla Model Y, BYD Sealion 7 និងម៉ូដែលមួយចំនួនទៀត។
ទោះជាយ៉ាងណាសម្រាប់ព័ត៌មានលម្អិតអំពី Kia EV5 Facelift 2026 ក្រុមហ៊ុនមិនទាន់បានបង្ហាញចេញផ្លូវការណ៍នៅឡើយទេ ប៉ុន្តែ Kia បានបញ្ជាក់ផ្លូវការណ៍ថា EV5 ឆ្នាំ 2026 នឹងបង្ហាញវត្តមាននៅបន្ទប់តាំងបង្ហាញ (Showroom) ក្នុងប្រទេសអូស្ត្រាលីនៅក្នុងឆមាសដំបូងនៃឆ្នាំ 2026។ Kia EV5 នឹងមានវត្តមាននៅក្នុងបន្ទប់តាំងបង្ហាញក្នុងស្រុកត្រឹមតែពីរឆ្នាំប៉ុណ្ណោះ នៅពេលដែលការផ្លាស់ប្តូររូបរាងថ្មីម៉ូដែលថ្មីរបស់វាមកដល់ ប៉ុន្តែ EV5 ត្រូវបានក្រុមហ៊ុនធ្វើការប្រកាសចេញលក់នៅក្នុងប្រទេសចិនកាលពីចុងឆ្នាំ 2023។

Kia EV5 បច្ចុប្បន្ន គឺម៉ូដែល Air Standard Range គឺអាចបើកបរបានចម្ងាយផ្លូវ 400km នៅពេលសាកភ្លើងពេញម្តងជាមួយកញ្ចបថ្មទំហំ 64.2kWh នេះបើតាមស្តង់ដារធ្វើតេស្តពី WLTP ដែលធៀបនឹង Tesla Model Y ដែលបំពាក់កញ្ចប់ថ្មទំហំ 64.5kWh អាចបើកបរបានចម្ងាយផ្លូវ 466km នៅពេលសាកភ្លើងពេញម្តង។

សម្រាប់ប្រព័ន្ធសាកភ្លើង DC Fast Charging អាចនឹងត្រូវបង្កើនសមត្ថភាពក្នុងការសាកភ្លើងលឿនជាងមុន ដោយប្រើពេលខ្ទង់ 38 នាទី សាកពី 10% ទៅ 80% សម្រាប់ម៉ូដែល EV5 Long Range។ យ៉ាងណាមិញសម្រាប់ល្បឿននេះ គឺសាកយឺតជាងប៉ុន្មាននាទីបើធៀបនឹង Tesla Model Y ឬ BYD Sealion 7 ហើយនិងយឺតជាងម៉ូដែល Zeekr 7X និង Xpeng G6 ផងដែរ។

នៅផ្នែកខាងក្នុងរបស់ Kia EV5 Facelift 2026 មានបំពាក់អេក្រង់ទំហំ 12.3-inch ចំនួនពីរលាតសន្ទឹងនៅលើ Dashboard ជាមួយកញ្ចក់បង្ហាញព័ត៌មានរចនាបែបស្លីមនៅខាងក្រោយដៃចង្កូត។ សម្រាប់ស្នូលកណ្តាលរបស់ Kia EV5 Facelift 2026 ហាក់មិនមានការកែប្រែរចនាបថថ្មីខុសពីម៉ូដែលបច្ចុប្បន្នដែលផលិតនៅកូរ៉េខាងត្បូង និងម៉ូដែលលក់នៅទីផ្សារអឺរ៉ុបនោះទេ ប៉ុន្តែ មានការរំពឹងទុកថា សម្រាប់ម៉ូដែលថ្មីដែលត្រៀមចេញលក់នៅទីផ្សារអូស្ត្រាលីនឹងមានការកែប្រែផ្នែកកណ្តាលថ្មី៕





