
ក្រុមហ៊ុន Kia Australia បានត្រៀមបញ្ចេញឡាន Compact-Crossover ប្រភេទ Hybrid ស៊េរីថ្មីឆ្នាំ 2026 ម៉ូដែល K4 ដើម្បីធ្វើការប្រកូតប្រជែងទីផ្សារជាមួយឡាន Hybrid ដែលកំពុងលក់ដាច់ខ្លាំងនៅទីផ្សារអូស្ត្រាលីដូចជា Toyota Corolla Hybrid ក៏ដូចជា Hyundai i30 sedan hybrid ជាដើម។ ក្រុមហ៊ុន Kia បានបញ្ជាក់រួចហើយថា ខ្លួននឹងណែនាំរថយន្ត K4 ជំនាន់ថ្មីរបស់ខ្លួន ដែលមានទាំងប្រភេទ Hatchback និង Sedan នៅក្នុងប្រទេសអូស្ត្រាលី ដើម្បីជំនួសម៉ូដែល Cerato នៅអឺរ៉ុបនៅមុនចុងឆ្នាំ 2026។
លោក Roland Rivero អ្នកគ្រប់គ្រងទូទៅផ្នែកផែនការផលិតផលរបស់ក្រុមហ៊ុន Kia ប្រចាំប្រទេសអូស្ត្រាលី បាននិយាយថា “ដំបូងឡើយ K4 hybrid ថ្មីនេះ ត្រូវបានក្រុមហ៊ុនធ្វើការរៀបការផលិត និងអភិវឌ្ឍន៍ឡើង សម្រាប់ទីផ្សារប៉ែកអឺរ៉ុប 100%”។ ប៉ុន្តែ ខាងក្រុមហ៊ុនក៏បានធ្វើការផ្លាស់ប្តូរការសម្រេចចិត្តជាងថ្មីឡើងវិញ ដោយនឹងធ្វើការអភិវឌ្ឍន៍ និងការផលិត Kia K4 Hybrid ថ្មីនេះ សម្រាប់ទីផ្សារអូស្ត្រាលីផងដែរ។ ទោះជាយ៉ាងណា តាមការបញ្ជាក់ពីក្រុមហ៊ុន Kia K4 Hybrid 2026 អាចនឹងមិនទាន់រួចរាល់សម្រាប់ការដាក់តាំងបង្ហាញនៅក្នុងបន្ទះតាំងលក់ (showroom) នៅអឺរ៉ុបរហូតដល់ចុងឆ្នាំ 2026 ដូចសម្រាប់ការចេញលក់នៅក្នុងទីផ្សារប្រទេសអូស្ត្រាលីក៏នឹងត្រូវធ្វើការពន្យាពេលរហូតដល់ឆ្នា 2027 ផងដែរ។

សូមបញ្ជាក់ថា កាលពីដើមឆ្នាំ 2025 ក្នុងខែមករា ក្រុមហ៊ុន Kia បានធ្វើការប្រកាសចេញម៉ូដែល K4 sedan ប្រើប្រាស់ម៉ាស៊ីនសាំង និងនៅខែធ្នូឆ្នាំ 2025 ក្រុមហ៊ុនក៏បានបញ្ចេញម៉ូដែល Kia K4 Hatchback ប្រើម៉ាស៊ីនសាំងមួយទៀត។

ចំពោះម៉ូដែលថ្មី K4 Hybrid 2026 ត្រូវបានគេរំពឹងថា អាចនឹងប្រើប្រាស់ប្រព័ន្ធ Hybrid system ដូចគ្នានឹងម៉ូដែល Hyundai i30 Sedan Hybrid ដែលដំណើរការនៅលើម៉ាស៊ីនសាំង 1.6-litre មិនប្រើ turbocharged និងម៉ូទ័រអគ្គិសនីមួយកម្លាំង 104kW។ ម៉ាស៊ីន Hybrid បំពាក់នៅលើ Hyundai i30 មានកម្រិតស៊ីសាំងប្រមាណ 3.9-liter/100km។

ទោះជាយ៉ាងណាសម្រាប់ទីផ្សារអឺរ៉ុបអតិថិនជនអាចនឹងទទួលបាន Kia K4 ដែលប្រើប្រាស់ម៉ាស៊ីនមានប្រព័ន្ធ turbocharged ជាមួយនឹងប្រភេទ mild-hybrid technology ដែលនឹងមានកម្រិតបំភាយឧស្ម័ន CO2 តិចជាងម៉ូដែល K4 នៅប្រទេសអុស្ត្រាលី នេះបើតាមការបញ្ជាក់ពីលោក Roland Rivero។ យ៉ាងណាមិញសម្រាប់តម្លៃ និងលក្ខណៈសម្បត្តិលម្អិតរបស់ Kia K4 Hybrid 2026 ក្រុមហ៊ុនមិនទាន់បង្ហាញចេញនៅឡើយទេក្នុងពេលនេះ៕





