
នេះគឺជាឡានអគ្គិសនី Toyota bZ3 ស៊េរីឆ្នាំ 2026 ដែលទើបតែបានបង្ហាញខ្លួន នៅលើទីផ្សារប្រទេសចិន ដោយទទួលបានការអាប់ដេតកាន់តែទំនើប និងសុវត្ថិភាព។ ឡាន Toyota bZ3 គឺជាការសហការណ៍ផលិតរវាងក្រុមហ៊ុន FAW និង Toyota ហើយប្រើប្រាស់គ្រោងឆ្អឹងប្រភេទ e-TNGA និងអាគុយ Blade Battery របស់ BYD ហើយផ្តល់ជម្រើសចំនួន 2 ប្រភេទគឺ ប្រភេទប្រើម៉ូទ័រអគ្គិសនី 1 កម្លាំង 181 HP និង ប្រភេទប្រើម៉ូទ័រអគ្គិសនី 1 កម្លាំង 241 HP។
ឡាន Toyota bZ3 ប្រើកញ្ចប់អាគុយ ទំហំ 49.9 kWh ដែលសាកភ្លើងមួយពេញ អាចបើកបរបានចម្ងាយដល់ 517 KM (CLTC) និង ទំហំ 65.3 kWh មានចម្ងាយបើកបរ 616 KM។ សម្រាប់ស៊េរីឆ្នាំ 2026 នេះ ឡាន Toyota bZ3 បានបំពាក់បន្ថែមនូវ LiDAR នៅលើដំបូល ដោយបន្ថែមចំនួនសេនស័រ សរុបដល់ 32 គ្រាប់ ជួយឲ្យមុខងារជំនួយការបើកបរ ADAS កាន់តែមានប្រសិទ្ធិភាព និងសុវត្ថិភាព ជាងមុនទៅទៀត ព្រមទាំងបានបន្ថែមមុខងារ Remote Parking with Memory Recall ទៀតផង។

បន្ថែមពីនេះ Toyota ក៏បានបន្ថែមជម្រើសពណ៌ថ្មី ហៅថា Dark Cloud Green និងស្តុបក្រោយ LED មានបន្ថែមក្រាហ្វិចថ្មី ផង ដែរ។ អ្វីដែលជាចំណុចអាប់ដេតផ្សេងទៀតនោះ គឺកាប៊ីនខាងក្នុង ដោយបំពាក់នូវអេក្រង់កម្សាន្តបញ្ឈរ ទំហំ 15.6 អ៊ីញថ្មី និង កុងទ័រឌីជីថល អមដោយប្រព័ន្ធភ្លើងឌីម, កន្លែងសាកថ្មទូរសព្ទឥតខ្សែចំនួន 2, ដំបូលកញ្ចក់ធំ Panoramic Sunroof និង មុខងារបញ្ជាដោយសំឡេង AI Voice Assistance ផងដែរ។

សូមបញ្ជាក់ថា ឡានអគ្គិសនី Toyota bZ3 ស៊េរីឆ្នាំ 2026 ថ្មីនេះ ត្រូវបានដាក់លក់នៅលើទីផ្សារប្រទេសចិន ក្នុងតម្លៃចាប់ពីខ្ទង់ $13,000 ដល់ $22,000 ប៉ុណ្ណោះ អាស្រ័យទៅលើ Option ដែលជ្រើសរើស៕





