
យោងតាមការបែកធ្លាយថ្មីនៅថ្ងៃនេះ បានបង្ហើបថា ក្រុមហ៊ុន OPPO បានត្រៀមខ្លួនរួចហើយនៅក្នុងការអាប់ដែរកាមេរ៉ាសម្រាប់ស្មាតហ្វូនម៉ូដែលស្តង់ដារនៃថ្នាក់ប្រណិតរបស់ខ្លួន។ បើការបញ្ជាក់នៅលើព័ត៌មានថ្មីនេះ បាននិយាយថា ស្មាតហ្វូនម៉ូដែលស្តងដារ OPPO Find X10 អាចនឹងទទួលបាននូវការបំពាក់នូវឡែន Telephoto ដែលមានសមត្ថភាខ្ពស់ជាងមុន នឹងផ្តល់នូវការចាប់រូបភាពជិតឆ្ងាយបានកាន់តែពិសេសជាងជំនាន់មុន។
សូមជំរាបថា ស្មាតហ្វូន OPPO Find X9 series ដែលទើបតែប្រកាសចេញកាលពីខែតុលាឆ្នាំ 2025 នេះ គឺមានម៉ូដែលស្តង់ដារ Find X9 មានការប្រើប្រាស់កាមេរ៉ា Periscope Telephoto ទំហំត្រឹមតែ 50MP ប៉ុណ្ណោះ ខណៈដែល Find X9 Pro មានការប្រើប្រាស់ដក់ទៅ 200MP Periscope ដែលឡែនធំនេះ គឺជាផ្នែកសំខាន់មួយសម្រាប់ជួយជុំរុញទៅដល់ការដាក់លក់ស្មាតហ្វូននៅលើទីផ្សារ។

ផ្អែកតាមការបែកធ្លាយថ្ងៃនេះ បាននិយាយថា ជាមួយនិងវត្តមានរបស់ស្មាតហ្វូនម៉ូដែលស្តង់ដារ Find X10 របស់ OPPO អាចនឹងមានការផ្លាស់ប្តូរ។ តាមការបង្ហោះរបស់អ្នកទម្លាយ Digital Chat Station បានបញ្ជាក់ថា OPPO បានធ្វើតេស្តទៅលើកាមេរ៉ា 200MP Periscope Telephoto នៅលើស្មាតហ្វូនម៉ូដែលស្តង់ដារ Find X10 រួចហើយ។ ដូច្នេះ បើមិនមានអ្វីប្រែប្រួលនោ ឆ្នាំថ្មីនេះ ស្មាតហ្វូនម៉ូដែលស្តង់ដារបស់ OPPO នឹងកាន់តែមានភាពទាក់ទាញសម្រាប់ហ្វេនៗហើយ។

មកដល់ពេលនេះ មិនទាន់មានការបញ្ជាក់ពីសិនស័រដែលនឹងប្រើប្រាស់នៅលើស្មាតហ្វូននេះនោះទេ ប៉ុន្តែមានការព្យាករណ៌ថា ក្រុមហ៊ុន OPPO អាចនឹងប្រើប្រាស់សិនស័រ ISOCELL HP5 របស់ Samsung ឬក៏សិនស័រថ្មីផ្សេងពីនេះ។ Find X10 series ត្រូវបានគេរាយការណ៌ អាចនឹងបង្ហាញវត្តមាននៅចុងឆ្នាំ 2026 នេះបើយោងតាមផែនទីបង្ហាញផលិតផលរបស់ OPPO។ ឆាប់ៗនេះដែរ OPPO ក៏គ្រោងនឹងប្រកាសចេញនូវ Find X9 Ultra ដែលជាម៉ូដែលថ្មី មានការអាប់ដែតខ្លាំងទៅលើកាមេរ៉ាផងដែរ ។





