
នាពេលថ្មីៗនេះ រូបភាពគំរូនៃរថយន្តប្រភេទ off-road SUV ដំបូងពីក្រុមហ៊ុន Hongqi ត្រូវបានគេប្រទះឃើញកំពុងស្ថិតនៅកន្លែងធ្វើការបើកបរតេស្តសាកល្បងនៅក្នុងរដូវរងា ក្នុងប្រទេសចិន។ ឡាន Off-road SUV ដំបូងរបស់ Hongqi ត្រូវបានគេបង្ហើបថា ដំណើរការដោយប្រព័ន្ធម៉ូទ័រអគ្គិសនីចំនួន 4 (four-electric motors)។
តាមរូបភាពដែលគេថតបាន និងចែកចាយនៅលើបណ្តាញអ៊ីនធ័រណិតបានបង្ហាញឲ្យឃើញថា ឡាន Off-road SUV EV ដំបូងរបស់ Hongqi មានការឌីស្សាញរូបរាងបែបប្រអប់ជ្រុង ឬ boxy design ជាមួយផ្នែកខាងមុខរំលេចដោយសំណាញ់ប៉ាណារចនាបែបទឹកធ្លាក់ ឬ Waterfall-style grill ដែលជាអត្តសញ្ញាណនៃការឌីស្សាញរថយន្តរបស់ Hongqi។

ហើយនៅលើដំបូលខាងមុខឃើញមានបំពាក់សែនស័រ LiDAR ដែលបញ្ជាក់ច្បាស់ឡាន off-road SUV ថ្មីនេះ គឺគាំទ្រនូវប្រព័ន្ធជំនួយការសុវត្ថិភាពកម្រិតខ្ពស់ “Advanced driving assistance”។ រថយន្តថ្មីនេះ មានចង្កៀងខាងមុខឌីស្សាញរាងជារង្វង់, ប្រើដៃទ្វារធម្មតាទូទៅ, មានរបាសម្រាប់ចាប់ធ្នើរអីវ៉ាន់នៅលើដំបូល និងកង់សាគូនៅជាប់ទ្វារក្រោយជាដើម។ ឡាន off-road SUV ដំបូងរបស់ Hongqi អាចនឹងមានប្រវែងតួរខ្លួនលើសពី 5 ម៉ែត្រ និងគម្លាតកង់មុខទៅកង់ក្រោយ 2,950mm។
បើតាមប្រភពព័ត៌មានដែលបានចេញផ្សាយនាពេលកន្លងមកបានអះអាងថា Hongqi off-road EV SUV គឺនឹងបំពាក់ដោយម៉ូទ័រអគ្គិសនី 4 ជាមួយប្រព័ន្ធចាក់សោរ (differential lock) ចំនួន 3 (ចាក់សោរម៉ូទ័រខាងមុខ កណ្តាល និងខាងក្រោយ) និងមានសមត្ថភាពខ្លាំងដែលអាចជាន់ស្ទុះល្បឿនពីកុងទ័រ 0 ទៅ 100km/h ចាយពេលប្រហែល 4 វិនាទី។

ប្រភពបញ្ជាក់បន្ថែមទៀតថា ឡាន off-road EV SUV ដំបូងរបស់ Hongqi នឹងមានជម្រើសចំនួន 5-options សម្រាប់អតិថិជនជ្រើសរើសមានដូចជា standard factory, optional factory, factory accessories, pre-installed interfaces, និងaftermarket។ ទោះជាយ៉ាងណាសម្រាប់លក្ខណៈសម្បត្តិលម្អិត កាលបរិច្ឆេទប្រកាសចេញ និងចេញលក់ ក៏ដូចជាតម្លៃរបស់ឡាន off-road SUV ពីក្រុមហ៊ុន Hongqi មិនទាន់ត្រូវបានបង្ហាញចេញនៅឡើយទេក្នុងពេលនេះ៕





