
OPPO Find N6 ដែលជាស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី ត្រូវបានគេដឹងថា នឹងមានការប្រកាសចេញនៅលើទីផ្សារប្រទេស ចិននាពេលឆាប់ៗនេះហើយ ខណៈដែលពាក្យចចាមអារ៉ាមកន្លងមក គឺបាននិយាយថា ស្មាតហ្វូនថ្មីនេះ នឹងមានការបង្ហាញខ្លួននៅថ្ងៃទី 17 ខែមីនា។ ខណៈដែលមិនទាន់មានការបញ្ជាក់ច្បាស់ពីការប្រកាសនោះ នៅថ្ងៃនេះ មានការបញ្ចេញនូវរូបភាពផ្សព្វផ្សាយថ្មីមួយទៀតរបស់ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីនេះថែមទៀតហើយ។
ផ្អែកតាមរូបភាពខាងលើនេះ គឺបានបង្ហាញនៅលើបណ្តាញសង្គម Weibo ផ្លូវការរបស់ OPPO ដោយថែមទាំងមានការសសេរថា ស្មាតហ្វូន OPPO Find N6 នេះ នឹងមានបង្ហាញចេញនាពេលឆាប់ៗនេះហើយ។ បន្ថែមពីលើនេះ នៅលើរូបភាពថ្មីនេះ ថែមទាំងមានការសសេរថា ‘smooth sailing’ ជាមួយនិងអេក្រង់ខាងក្នុងរបស់ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះថែមទៀតផង។ តាមរូបភាពខាងលើនេះ បញ្ជាក់ថា អេក្រង់ខាងក្នុងនេះ គឺមិនផ្នត់ ឬក៏ស្នាមជ្រួញ ដូចម៉ូដែលមុនៗនោះទេ។
សូមជំរាបថា កាលពីដើមឆ្នាំនេះ នៅក្នុងកំឡុងពេលនៃការប្រជុំផ្ទៃក្នុងរបស់ក្រុមហ៊ុននេះ ក៏ធ្លាប់មានការបង្ហាញចេញនូវមុខងារថ្មី និងអេក្រង់គ្មានស្នាមជ្រួញនោះទេសម្រាប់ស្មាតហ្វូនថ្មីនេះ។ ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី OPPO ត្រូវបានពាក្យចចាមអារ៉ាមកន្លងមក បាននិយាយថា ស្មាតហ្វូននេះ នឹងមានការប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite Gen 5 SoC ថ្មទំហំ 6,000mAh និងមានកាមេរ៉ាគោលទំហំ 200MP អមដោយមួយគ្រាប់ទីពីរមានទំហំ 50MP periscope telephoto និងគ្រាប់ទីបីមានទំហំ 50MP ultrawide។

ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី មានអេក្រង់ខាងក្នុងទំហំ 8.12 អ៊ីងគាំទ្រដោយបច្ចេកវិទ្យាអេក្រង់ LTPO display និងអេក្រង់ខាងក្រៅមានទំហំ 6.62 អ៊ីង។





