ក្រុមហ៊ុនផលិតរថយន្តល្បីឈ្មោះរបស់ជប៉ុន Toyota ទើបតែបានបង្ហាញចេញរថយន្តស៊េរី Alphard ជំនាន់ទី 4 រួមជាមួយស៊េរី Vellfire 2024 របស់ខ្លួន។ រថយន្ត minivan ស៊េរីឆ្នាំ 2024 របស់ Toyota ត្រូវបានធ្វើការរចនាឡើងជាមួយប្រណិតភាពលំដាប់អភិជនតែម្តង ដោយតួររបស់រថយន្តត្រូវបានរចនាឡើងតាមលំនាំ Lexus LM ដោយប្រើនៅគ្រោង TNGA-K platform ដូចគ្នា។ 2024 Toyota Alphard និង Vellfire គឺជារថយន្តដំបូងរបស់ Toyota ដែលបំពាក់ទ្វាររអិលបើកសងខាង ព្រមជាមួយគម្លាត 220 មីលីម៉ែត្រ ពីលើដី។
រថយន្ត minivan ស៊េរីថ្មីដ៏ប្រណិតទាំងពីរនេះមានប្រវែង 4.995ម៉ែត្រ, គម្លាតកង់មុខទៅកង់ក្រោយ 3 ម៉ែត្រ និងទទឹង 1.850 ម៉ែត្រ។ ខណៈពេលដែលកម្ពស់អាស្រ័យលើម៉ូដែល គឺចាប់ 1.935 ម៉ែត្រ ឬ 1.945 ម៉ែត្រ។ Alphard និង Vellfire អាចអង្គុយមនុស្សបាន 6 នាក់រួមទាំងអ្នកបើកដែលតំរៀបប្លង់កៅអី 2+2+2។ ហើយអ្វីដែលពិសេស Toyota បានពង្រីកគម្លាតបន្ថែមប្រមាណ 5mm រវាងកៅអីជួរទីមួយ និងទីពីរ និង 10mm បន្ថែមរវាងកៅអីជួរទីពីរ និងទីបី។ និយាយរួមទៅការឌីស្សាញផ្នែកខាងក្នុងរបស់ Totota Alphard និង Vellfire 2024 គឺប្រកបដោយភាព Luxury បំផុតដែលផ្តល់នូវផាសុខភាពសម្រាប់ការធ្វើដំណើរ។
Alphard និង Vellfire ជារថយន្តដំបូងបង្អស់របស់ក្រុមហ៊ុនដែលបំពាក់របាការពារកំដៅថ្ងៃ pull-down sunshades ជាមួយនិងកៅអីដែលទើបបង្កើតថ្មី ដែលផ្តល់នូវផាសុកភាពជាងមុន ព្រមទាំងកាត់បន្ថយរំញ័របានប្រសើរជាងមុនថែមទៀតផង។ សម្រាប់ប្រព័ន្ធសាកស៊ីថ្មីរបស់ Toyota ដែលប្រើនៅលើ Alphard និង Vellfire 2024 គឺត្រូវបានក្រុមហ៊ុនបញ្ជាក់ថា មានភាពរឹងមាំជាងមុនដល់ទៅ 50%, ទប់ស្កាត់ភាពរលាក់ និងការពារសំលេងរំខានពីក្រៅបានល្អជាងមុន ជាមួយសំបកកង់ត្រូវបានរចនាឡើងថ្មីដើម្បីកាត់បន្ថយសំឡេងចូលក្នុងកាប៉ីនបានប្រសើរជាងមុនផងដែរ រួមទាំងផ្នែកសំខាន់ជាច្រើនផ្សេងទៀត។
ទាំងម៉ូដែល Alphard និង Vellfire 2024 មានជម្រើសប្រើប៉ុងមួយ FWD ឬ Front-wheel drive និងប៉ុងពីរ AWD ឬ All-wheel drive ក៏ដូចជាជម្រើសប្រើប្រព័ន្ធ Hybrid Powertrain ផងដែរ។ ជាងនេះទៅទៀត Toyota ក៏នឹងបញ្ចេញម៉ូដែលដំណើរការដោយប្រព័ន្ធ Plug-in hybrid នៅពេលក្រោយមួយថែមទៀតផង។ ម៉ូដែល Vellfire 2024 បំពាក់ម៉ាស៊ីនចំនុះ 2.4liter turbocharged មាន 4-ស៊ីឡាំង ដែលផ្តល់នូវកំលាំង 275hp (205kW) និងកំលាំងរមូល 430Nm។ Toyota ក៏ផ្តល់នូវជម្រើស Hybrid ជាមួយម៉ាស៊ីនចំនុះ 2.5liter gasoline engine ដែលផ្តល់នូវកំលាំង 250hp (184kW)។ ចំនែកម៉ូដែល Lesser Alphard បំពាក់ម៉ាស៊ីនចំនុះ 2.5liter មាន 4-ស៊ីឡាំងផ្តល់នូវកំលាំង 180hp (134kW) និងកំលាំងរមូល 235Nm។ រថយន្ត minivan ស៊េរីថ្មីទាំងពីរម៉ូដែលនេះមានជម្រើសប្រើប្រអប់លេខ CVT និង e-CVT Auto ប្រាំបីវគ្គ។
Toyota បានកំនត់គោលដៅក្នុងការលក់ឲ្យចំនួន 8,500 គ្រឿងក្នុងមួយខែដោយក្នុងនោះម៉ូដែល Alphard ចំនួន 70% និង Vellfire ចំនួន 30%។ សម្រាប់តម្លៃវិញត្រូវបាន Toyota បញ្ជាក់ថា ចាប់ពីរ $38,000 ទៅ $61,000 សម្រាប់ម៉ូដែល Alphard និង $46,100 ទៅ $62,800 សម្រាប់ម៉ូដែល Vellfire (តម្លៃនៅទីផ្សារជប៉ុន)៕