លោក He Xiaopeng ដែលជាអគ្គនាយកក្រុមហ៊ុន Xpeng Motor បានបញ្ជាក់ថ្មីៗនេះ អំពីការមកដល់ថ្មីនៃរថយន្តជំនាន់ថ្មី all-new generation របស់ Xpeng P7 ដោយអគ្គនាយករូបនេះ បានមានប្រសាសន៍ថា “យើងមិនត្រឹមតែមានការធ្វើបច្ចុប្បន្នភាពថ្មីប៉ុណ្ណោះទេ តែយើងបាននឹងកំពុងនាំមកនូវបច្ចេកវិទ្យាឆ្ពោះទៅពេលអនាគត”។ ក្រុមហ៊ុន Xpeng Motor បានធ្វើការបង្ហាញវីដេអូឃ្លីបខ្លីដែលបង្ហាញពីរថយន្តអគ្គិសនីទ្វារបួនជំនាន់ថ្មីរបស់ខ្លួនកាលពីថ្ងៃម្សិលមិញនេះ ដែលរថយន្តជំនាន់ថ្មីនេះ ត្រូវបានគេស្ដាល់ថាពាក់លេខកូដម៉ូដែល E29។ រថយន្តអគ្គិសនីប្រភេទ Sedan ជំនាន់ថ្មីនេះ នឹងមកដល់ផ្លូវការណ៍នៅឆមាសទីពីរក្នុងឆ្នាំ 2025 នេះ។
Xpeng E29 ត្រូវបានធ្វើការឌីស្សាញថ្មីដោយលោក Rafik Ferrag ដែលជាអ្នកដែលបានធ្វើការឌីស្សាញនៅលើម៉ូដែល Xpeng P7 ដែលកំពុងមានវត្តមាននៅលើទីផ្សារបច្ចុប្បន្ន។ លោក Rafik Ferrag បានចូលរួមក្នុងក្រុមហ៊ុន Xpeng Motor កាលពីឆ្នាំ 2018។ មើលតាមរូបភាពដែលត្រូវបានទម្លាយចេញមកនេះ បង្ហាញឲ្យឃើញថា ឡានអគ្គិសនី sedan ជំនាន់ថ្មីនេះ មានការឌីស្សាញបែបស្លីម aerodynamic ជាមួយការបំពាក់ចង្កៀងមុខ daytime running light និងចង្កៀងខាងក្រោយរចនាបែបស្លីមមួយឆ្នូតអូសកាត់ពីម្ខាងទៅម្ខាង និងបណ្តុំចង្កៀងគុជនៅខាងក្រោម និងនិមិត្តសញ្ញាក្រុមហ៊ុននៅចំកណ្តាលរចនាជាភ្លើង LED។
ហើយនៅផ្នែកខាងក្រោយមានជាមួយកន្ទុយ Spoiler ជាប្រភេទ retractable rear spoiler។ ផ្នែកចំហៀងឃើញមានដៃទ្វារលាក់ចូលក្នុងដូចគ្នានឹងម៉ូដែល P7+ ដែលប្រកាសចេញកាលពីឆ្នាំ 2024 ជាមួយកញ្ចក់ទ្វារគ្មានស៊ុម frameless-side mirrors។សម្រាប់ការឌីស្សាញផ្នែកខាងក្នុងមិនទាន់ត្រូវបានបង្ហាញនៅឡើងទេ ប៉ុន្តែបើតាមរូបភាពដែលបានបែកធ្លាយបង្ហាញថា នៅផ្នែកកណ្តាលតាប់ឡូមានបំពាក់អេក្រង់កម្សាន្តទំហំធំ, ដៃចង្កូតរចនាបានបីកាំ three-spoke-steering wheel ជាមួយកង់បង្វិលសម្រាប់បញ្ជាមុខងារមួយចំនួន។ បន្ថែមពីនេះយើងក៏ឃើញមានលេចចេញនៅកៅអីស្បែកពណ៌ស្វាយ ឬ purple leather upholstery ថែមទៀតផង។
ឡានអគ្គិសនី sedan ប្រណិតជំនាន់ថ្មីនេះ ក៏នឹងគាំទ្រដំណើរការជាមួយកម្មវិធី Xmart OS 2.0 ដែលរួមបញ្ចូលនូវមុខងារបញ្ជាដោយសំឡេង និងមុខងារបង្ហាញនៅលើកញ្ចក់ដំបូលខាងមុខ AR-HUD ផងដែរ។ Xpeng E29 (P7) ជំនាន់ថ្មីនេះ ក៏នឹងគាំទ្រនូវប្រព័ន្ធជំនួយការបើកបរឆ្លាតវៃកម្រិតខ្ពស់ advanced driver assistance system (ADAS) ដែលគាំទ្រដំណើរការដោយបន្ទះឈីប Turing AI ជំនាន់ថ្មីរបស់ Xpeng។
រថយន្តជំនាន់ថ្មីនេះ អាចនឹងមិនបំពាក់នូវប្រព័ន្ធសែនស័រ LiDAR ដូចជំនាន់បច្ចុប្បន្ននេះនោះទេ ដោយវាអាចនឹងប្រើសែនស័រកាមេរ៉ាសម្រាប់ជាជំនួយក្នុងការចាប់នូវសញ្ញាឧបសគ្គ និងជំនួយដល់ប្រព័ន្ធជំនួយការបើកបរ។ ទោះជាយ៉ាងណាក្រុមហ៊ុនមិនទាន់បានបញ្ជាក់ពីអនុភាពកំលាំងរបស់ Xpeng E29 នោះទេ ប៉ុន្តែ E29 នឹងជាម៉ូដែលរថយន្តអគ្គិសនីសុទ្ធដែលដំណើរការផលិតដោយប្រើប្រព័ន្ធគ្រោងឆ្អឹងថ្មី Kunpeng EV platform របស់ Xpeng។ ប្រព័ន្ធគ្រោងឆ្អឹងថ្មីនេះ ក៏អាចនឹងប្រើសម្រាប់ការផលិតម៉ូដែល range-extended ផងដែរ។
បច្ចុប្បន្ន Xeng P7i ដំណើរការដោយប្រព័ន្ធម៉ូទ័រអគ្គិសនីពីរ ឬប៉ុងពីរ dual-motor all-wheel-drive ដែលផលិតកំលាំងបាន 348kW និងបំពាក់កញ្ចប់ថ្មដែលសាកពេញម្តងអាចជិះបានចម្ងាយ 702km។ សម្រាប់ Xpeng E29 អាចនឹងប្រើប្រព័ន្ធម៉ូទ័រនេះដូចគ្នា ឬក៏មានអនុភាពខ្លាំងជាងនេះ។ ថ្មីៗនេះ មានការប្រទះឃើញលោក He He Xiaopeng បានធ្វើការបើកបរធ្វើតេស្តរថយន្តស៊េរីថ្មីមួយដែលមិនត្រូវបានស្គាល់អត្តសញ្ញាណ។
កាលពីអំឡុងខែកុម្ភៈ ឆ្នាំ 2025 Xpeng ត្រូវបានគេរាយការណ៍ថា បានធ្វើការស្នើរសុំចុះពាណិជ្ជសញ្ញារថយន្តស៊េរីថ្មីមួយដែលមានឈ្មោះថា Xpeng P7 Ultra ដូចនេះ អាចសន្និដ្ឋានបានថា E29 គឺជា P7 Ultra នៅពេលប្រកាសចេញផ្លូវការណ៍។ Xpeng P7 Ultra ត្រូវបានគេរំពឹងទុកថា អាចនឹងបង្ហាញវត្តមាននៅត្រីមាសទីបី ក្នុងព្រឹត្តិការណ៍ 2025 Guangzhou Auto Show៕