ក្រុមហ៊ុមរថយន្ត Jeep បានឈប់ផលិតម៉ូដែល Cherokee ជំនាន់ទី 5 ក្នុងឆ្នាំ 2023 បន្ទាប់ពីដំណើរការផលិតរយៈពេល 10 ឆ្នាំ និងទទួលបានទីផ្សារដ៏រឹងមាំនៅក្នុងសហរដ្ឋអាមេរិក។ ប៉ុន្តែ ការបញ្ឈប់ការផលិត គឺមានរយះពេលខ្លីតែប៉ុណ្ណោះ ដោយសារតែថ្មីៗនេះ បានលេចចេញនូវគំរូ Jeep Cherokee ស៊េរីថ្មីឆ្នាំ 2026 ហើយរូបភាពដំបូងនេះ បានបង្ហាញពីការវិលត្រឡប់មកវិញនៃរថយន្ត mid-sized off-road SUV។
តាមគំរូរូបភាពដែលបានបែកធ្លាយមកនេះ បង្ហាញថា Cherokee ស៊េរីឆ្នាំ 2026 ទទួលយកភាសាឌីស្សាញចុងក្រោយបង្អស់របស់ក្រុមហ៊ុនផលិតរថយន្ត ដែនប្រើដំបូងនៅលើម៉ូដែល Wagoneer S បន្ទាប់មកនៅលើម៉ូដែល Compass ថ្មីដែលបានបង្ហាញខ្លួននៅក្នុងខែឧសភា។
ផ្នែកខាងមុខមានការឌីស្សាញជាមួយសំណាញ់ប៉ាណាបញ្ឈរពណ៌ខ្មៅចំនួន 7 ប្រឡោះ រំលេចជាមួយចង្កៀងគុជធំរចនាប្រណិត និងរបាំងការពារដែលអ៊ីណុកខាងក្រោម និងមានពីរពណ៌ two-tone color ដោយមានពណ៌ខៀវ និងពណ៌ខ្មៅនៅខាងលើនៃតួរខ្លួន។ Cherokee ជំនាន់ថ្មីឆ្នាំ 2026 នឹងប្រើប្រាស់ស្ថាបត្យកម្មគ្រោងឆ្អឹង STLA Large របស់ក្រុមហ៊ុនមេ Stellantis ដែលមានន័យថាវាអាចមានជម្រើសផ្សេងៗនៃ កម្លាំង Powertrain របស់វា។
រថយន្ត Jeep Cherokee ជំនាន់ថ្មីនេះត្រូវបានបញ្ជាក់ថា គឺមានជម្រើសប្រើប្រព័ន្ធ Hybrid ប៉ុន្តែសម្រាប់ជម្រើសប្រើម៉ាស៊ីនសាំងសុទ្ធ និងអគ្គិសនីសុទ្ធក៏នឹងមានផងដែរ។ បើតាមការបង្ហើបព័ត៌មានបានឲ្យដឹងថា សម្រាប់ម៉ូដែល Jeep Cherokee ដែលប្រើម៉ាស៊ីនសាំងសុទ្ធ នឹងទទួលបានការបំពាក់នូវម៉ាស៊ីន Twin-turbocharged 3.0-litre 'Hurricane' inline-six របស់ក្រុមហ៊ុន ដែលមានកម្លាំងរហូតដល់ 510 សេះ។ ចំនែ Jeep Cherokee ម៉ូដែលប្រើអគ្គិសនីវិញ ទំនងជាមានការដំឡើងមកជាមួយកញ្ចប់ថ្មទំហំ 100kWh ដូចម៉ូដែល Wagoneer S បច្ចុប្បន្នដែរ និងប្រើម៉ូទ័រអេឡិចត្រិចពីរមានកម្លាំងសរុប 600 សេះ និងកម្លាំងរមូល 617 pound-feet។
លោក Bob Broderdorf នាយកប្រតិបត្តិក្រុមហ៊ុន Jeep បានបញ្ជាក់ "Jeep Cherokee ស៊េរីថ្មីឆ្នាំ 2026ទាំងអស់ គឺបានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងការផ្តល់ជូននូវផលិតផលរថយន្តដែលប្រកបដោយភាពច្នៃប្រឌិត ផ្តល់នូវជម្រើសតាមតម្រូវការ និងមាតិកាស្តង់ដារបន្ថែមទៀតដល់អតិថិជនកាន់តែល្អប្រសើរជាងពេលមុន"។
"Jeep Cherokee ស៊េរីថ្មីឆ្នាំ 2026 នឹងតម្លៃប្រកួតប្រជែងខ្ពស់ជាមួយនឹងរថយន្ត mid-sized SUV ផ្សេងៗទៀត។ Jeep Cherokee 2026 ជាម៉ូដែលដ៏ល្អឥតខ្ចោះស្ថិតនៅចន្លោះរវាងម៉ូដែល Jeep Compass និង Jeep Grand Cherokee ដែលនឹងជម្រុញទីផ្សារលក់កាន់តែមានភាពជោគជ័យ"។ Jeep Cherokee ជំនាន់ថ្មីនេះ ត្រូវបានគេរំពឹងថា នឹងបង្ហាញខ្លួនជាផ្លូវការនៅចុងឆ្នាំនេះ មុនពេលដាក់លក់នៅឆ្នាំ 2026 ហើយវាក៏នឹងមានលក់នៅទីផ្សារសហរដ្ឋអាមេរិកផងដែរ៕