នេះគឺជាឡាន Geely Galaxy A7 EM-i ដែលទើបតែបានបង្ហាញខ្លួនថ្មីៗ នៅលើទីផ្សារប្រទេសចិន ជាមួយនឹងតម្លៃចាប់ពីខ្ទង់ $14,000 ដល់ $25,000 សម្រាប់ទីផ្សារក្នុងស្រុក ហើយវានឹងក្លាយជាគូប្រជែងរបស់ Toyota Camry និង Honda Accord ផងដែរ។ឡាន Geely Galaxy A7 EM-i ថ្មីនេះ មានតែជម្រើសប្រើម៉ាស៊ីន ប្រភេទ Plug-in Hybrid ប៉ុណ្ណោះ ដោយសន្យាថា អាចផ្តល់ចម្ងាយបើកបរ សរុបដល់ទៅ 2,100 KM (CLTC ) នៅពេលចាក់សាំង និងសាកភ្លើងពេញ។
Geely Galaxy A7 EM-i ប្រើម៉ាស៊ីនចំណុះ 1.5L ទំហំ 4 ស៊ីឡាំង និងម៉ូទ័រអគ្គិសនី 1 ដែលអាចបង្កើតកម្លាំងបាន 175 kW ឬ 234 HP ដែលអាចរត់ស្ទុះពីកុងទ័រ 0-100 KM/H ប្រើពេលត្រឹម 7.1 វិនាទី និង មានល្បឿន Top Speed 190 KM/H ហើយមានកម្រិតស៊ីសាំងជាមធ្យម ត្រឹមតែខ្ទង់ 2.6L/100KM។ មិនតែប៉ុណ្ណោះ វាផ្តល់ឲ្យនូវជម្រើសអាគុយ ចំនួន 3 ប្រភេទ គឺ ទំហំ 8.5 kWh, 18.2 kWh និង 18.99 kWh ដែលផ្តល់ឲ្យនូវចម្ងាយបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធ ចម្ងាយ 55KM, 70KM, 120KM និង 150KM អាស្រ័យទៅតាមទំហំអាគុយ។
បើនិយាយពីរូបរាងវិញ ឡាន Geely Galaxy A7 EM-i មានការឌីហ្សាញទាន់សម័យ និងទំនើប ហើយមានទំហំប្រហាក់ប្រហែលទៅនឹង Toyota Camry ដោយមានប្រវែង 4.91m ទទឹង 1.90m កម្ពស់ 1.49m និង គម្លាតពីកង់មុខទៅកង់ក្រោយ 2.84m ហើយបំពាក់យ៉ាន់កង់ ទំហំ 19 អ៊ីញ។
ចំណែកឯផ្នែកខាងក្នុងវិញ Geely Galaxy A7 EM-i មានការឌីហ្សាញយ៉ាងទំនើប ដោយមានបំពាក់កុងទ័រឌីជីថល ទំហំ 12.3 អ៊ីញ និង អេក្រង់កម្សាន្ត Touchscreen ទំហំ 15.4 អ៊ីញ ដែលគាំទ្រមុខងារ Apple CarPlay ហើយអាចបញ្ជាដោយសំឡេងបាន អមដោយប្រព័ន្ធ Speaker Flyme Sound System ចំនួន 16 គ្រាប់ ផងដែរ។ ក្រៅពីនោះ Geely Galaxy A7 EM-i ក៏មានបំពាក់កន្លែងសាកថ្មទូរសព្ទឥតខ្សែ, កុងទ័របាញ់លើកញ្ចក់ ទំហំ 16.6 អ៊ីញ, ដំបូលកញ្ចក់ធំ Panoramic Sunroof និង ប្រព័ន្ធភ្លើងឌីម Ambient Lighting 256 ពណ៌ ក៏ដូចជា កៅអីមុខមានមុខងារក្តៅត្រជាក់ និងម៉ាស្សា ទៀតផង៕