នេះគឺជាឡាន Mitsubishi Destinator ថ្មី ដែលទើបតែបានបង្ហាញខ្លួនជាផ្លូវការ សម្រាប់ទីផ្សារអាស៊ាន បង្កើតឡើងសម្រាប់គ្រួសារមានសមាជិកច្រើន និងការប្រើប្រាស់លើស្ថានភាពផ្លូវជាច្រើន ផងដែរ។ ឡាន SUV កៅអី 3 ជួររបស់ជប៉ុនមួយនេះ បានបង្ហាញខ្លួនមុនគេ នៅលើទីផ្សារប្រទេសឥណ្ឌូនេស៊ី ហើយវាអាចមានតម្លៃចន្លោះពី $23,000 ដល់ $28,000 សម្រាប់ទីផ្សារមួយនេះ។
Mitsubishi Destinator ប្រើម៉ាស៊ីនសាំង ចំណុះ 1.5L Turbo ទំហំ 4 ស៊ីឡាំង មានកម្លាំង 161 HP និង កម្លាំងរមួល 250 NM ដំណើរការដោយប្រអប់លេខ CVT និង ប្រព័ន្ធបើកបរប៉ុង 1 (FWD) ហើយមាន Drive Mode ចំនួន 5 ប្រភេទ អមដោយកម្ពស់ពីបាតឡានខ្ពស់ ធ្វើឲ្យវាស័ក្កសមបំផុត សម្រាប់ការបើកបរ នៅលើស្ថានភាពផ្លូវជាច្រើន។
ឡាន SUV 7 កៅអីនេះ មានប្រវែងតួខ្លួន 4.68m និង គម្លាតពីកង់មុខទៅកង់ក្រោយ 2.81m ហើយមានបំពាក់ចង្កៀងមុខ LED ឌីហ្សាញបែបកាច និង ប៉ាណាមុខធំ អមដោយយ៉ាន់កង់អាលុយមីញ៉ូម ទំហំ 18 អ៊ីញ និង ស្តុបក្រោយ LED ស្រដៀងជាមួយនឹងម៉ូដែល Mitsubishi Xforce ផងដែរ។
ចំណែកឯផ្នែកខាងក្នុងវិញ វាមានកាប៊ីនធំទូលាយ អាចអង្គុយបាន 7 នាក់ ហើយក៏សម្បូរកន្លែងដាក់អីវ៉ាន់ច្រើន និង Option ទំនើបៗ ដូចជា កុងទ័រឌីជីថល ទំហំ 8 អ៊ីញ, អេក្រង់កម្សាន្ត Touchscreen ទំហំ 12.3 អ៊ីញ, Speaker ម៉ាក Yamaha, ប្រព័ន្ធភ្លើងឌីម Ambient Lighting, ដំបូលកញ្ចក់ធំ Panoramic Sunroof និង ប្រព័ន្ធជំនួយការបើកបរ ADAS ជាច្រើន ទៀតផង។
យ៉ាងណាមិញ ក្រៅពីលក់នៅលើទីផ្សារអាស៊ាន ឡាន Mitsubishi Destinator ថ្មីនេះ ក៏នឹងត្រូវដាក់លក់នៅលើទីផ្សារជាច្រើនផ្សេងទៀត ដូចជា អាស៊ីខាងត្បូង អាមេរិកឡាទីន មជ្ឈិមបូព៌ា និង អាហ្វ្រិក ផងដែរ៕