នៅថ្ងៃនេះ Xpeng ដែលជាក្រុមហ៊ុនផលិតឡានអគ្គិសនីរបស់ចិន បានប្រកាសពង្រីកទីផ្សារចំនួន 5 ទៀតហើយសម្រាប់ទ្វីបអឺរ៉ុប ដែលប្រទសទាំងនោះរួមមានដូចជា ប្រទេសស្វីស, អូទ្រីស, ហុងហ្ការី, ស្លូវ៉ានៀរ និងក្រូអាត។ ជាមួយនិងការចាប់ផ្តើមថ្មីនេះ ក្រុមហ៊ុននេះបានបញ្ជាក់ថា ប្រទេសស្វីស គឺជាទីផ្សារថ្មីមួយដែលមានភាពទាក់ទាញបំផុត ដោយសារតែថ្មីនេះ ក្រុមហ៊ុនបានចាប់ដៃគ្នាជាមួយនិង Hedin Group ដែលជាក្រុមហ៊ុនចែកចាយឡានធំមួយនៅលើទីផ្សារអឺរ៉ុប បង្ហាញចេញនូវឡានអគ្គិសនី 2025 Xpeng G6 និង G9 នៅលើទីផ្សារប្រទេសនេះ ហើយថែមទាំងមានការបង្ហើបពីការបង្ហាញចេញនូវម៉ូដែលថ្មី P7+ នៅដើមឆ្នាំ 2026 ផងដែរ។
សូមជំរាបថា ក្រុមហ៊ុននេះ បានចូលទៅកាន់ទីផ្សារអឺរ៉ុបជាលើកដំបូងនៅប្រទេសណ័រវេកាលពីឆ្នាំ 2021 ហើយក៏បន្តពង្រីកទៅកាន់ទីផ្សារជាច្រើនទៀត ដែលគិតមកដល់ពេលនេះមានចំនួន 46 ប្រទេសហើយ។ ថ្មីៗនេះ ក្រុមហ៊ុន Xpeng បានប្រកាសថាស នឹងបន្តទៅកាន់ទីផ្សារប្រទេសអូទ្រីសនៅខែតុលាខាងមុខនេះហើយ ដោយនៅលើទីផ្សារមួយនេះ ក្រុមហ៊ុននឹងនាំចូលឡានដោយតំណាងចែកចាយរបស់ខ្លួនដែលមានមូលដ្ឋាននៅអាល្លឺម៉ង់។ នៅអូទ្រីនេះ ក្រុមហ៊ុនមានដៃគូរនៅតាមតំបន់ធំៗជាច្រើនដូចជា Vienna, Salzburg, Graz និង Klagenfurt ហើយនឹងបន្តទៅ 10 ទីតាំងបន្ថែមទៀតនៅចុងឆ្នាំ 2025 និងដើមឆ្នាំ 2026។
បន្ថែមពីនេះ Xpeng ក៏នឹងបន្តទៅកាន់ប្រទេសហុងហ្ការី, ស្លូវ៉ានៀរ និងក្រូអាតបន្ថែមទៀត ដើម្បីពង្រីកទីផ្សារអោយកាន់តែធំនៅទ្វិបអឺរ៉ុប។ សម្រាប់ទីផ្សារថ្មីៗទាំងនេះ ក្រុមហ៊ុន Xpeng នឹងធ្វើការចាប់ដៃគ្នាជាមួយដៃគូរចែកចាយ AutoWallis Group និង Salvador Caetano Group ដើម្បីការងារទៅលើការលក់ឡានអគ្គិសនីថ្មីៗរបស់ខ្លួន។
សូមជំរាបថា ថ្មីៗនេះ Xpeng ក៏បានប្រកាសចាប់ដៃជាមួយក្រុមហ៊ុន Magna factory ដែលមានរោងចក្រផលិតឡាននៅទីក្រុង Graz ប្រទេសអូទ្រីសផងដែរ ដោយនឹងធ្វើការផលិតទៅលើម៉ូដែល G6 និង G9 ដែលនឹងចាប់ផ្តើមផលិតនៅត្រីមាសទី 3 ខាងមុខនេះហើយ។ គិតត្រឹមត្រីមាសដំបូងនៅឆ្នាំ 2025 នេះ Xpeng បានលក់ឡានចំនួនជាង 8,000 គ្រឿងហើយ នៅលើទីផ្សារអឺរ៉ុប។