យោងតាមលោក Li Hui ដែលជាប្រធានផ្នែកផលិតរបស់ក្រុមហ៊ុន Denza បញ្ជាក់កាលពីម្សិលមិញនេះ បានអោយដឹងថា ក្រុមហ៊ុន Denza ដែលជាម៉ាករថយន្តប្រណិតរបស់ BYD បានធ្វើការប្រកាសលក់រថយន្តគ្រួសារដែលដំណើរការដោយប្រព័ន្ធម៉ាស៊ីន Hybrid ស៊េរីថ្មីរបស់ខ្លួនម៉ូដែល N8L នៅទីផ្សារប្រទេសចិន នាចុងខែនេះ ជាមួយតម្លៃចាប់ពី 44,870។ លោក Li បានបន្ថែមថា N8L គឺជាម៉ូដែលមួយដែលសក្តិបំផុតសម្រាប់លក្ខណៈគ្រួសារ ជាមួយនិងកូនៗ។ កន្លងមក Denza ក៏មានការ pre-sales ទៅលើ N8L នេះ កាលពីថ្ងៃទី 26 ខែកញ្ញាផងដែរ។
Denza N8L គឺជាប្រភេទរថយន្តគ្រួសារដែលដំណើរការដោយប្រព័ន្ធម៉ាស៊ីន Hybrid។ រថយន្ត Large-size PHEV SUV 6-កៅអីមួយនេះ មានប្រវែងតួរខ្លួន 5,200mm/ ទទឹង 1,999mm/ កំពស់ 1,820 និងគម្លាតកង់មុខទៅកង់ក្រោយ 3,075mm។ Denza N8L ដំណើរការជាមួយប្រព័ន្ធ e3 technology របស់ BYD រួមជាមួយប្រព័ន្ធម៉ូទ័រអគ្គិសនីឯករាជ្យចំនួន 3 និងប្រព័ន្ធកង់ខាងក្រោយរេបត់តាមចង្កូត។ សម្រាប់ម៉ូទ័រខាងមុខមានកម្លាំង 200kW ខណៈម៉ូទ័រខាងក្រោយទាំងពីរមានកម្លាំង 180kW ក្នុងម៉ូទ័រនីមួយៗ។
ចំនែកម៉ាស៊ីន Hybrid វិញ គឺមានកម្លាំង 152kW ដែលធ្វើឲ្យរថយន្ត SUV 6-កៅអីមួយនេះ មានសមត្ថភាពជាន់ស្ទុះពីកុងទ័រ 0 ទៅ 100km/h ចាយពេលខ្ទង់ 3.9 វិនាទី។ N8L បំពាក់កញ្ចប់ថ្មប្រភេទ Blad Battery របស់ BYD ដែលឌីស្សាញផលិតឡើងសម្រាប់រថយន្ត PHEV ដែលសាកភ្លើងពេញម្តងអាចជិះបានចម្ងាយ 230km ដោយប្រើថាមពលអគ្គិសនីសុទ្ធ តាមស្តង់ដារ CLTC និងជិះបានដល់ 1,300km នៅពេលប្រើគូបជាមួយម៉ាស៊ីនចាក់សាំងពេញ។
សម្រាប់ផ្នែកខាងក្នុងរបស់ Denza N8L មានភាពទូលាយល្អផ្តល់នូវផាសុខភាពក្នុងការធ្វើដំណើរ ដោយក្នុងនោះមានការរៀបចំកៅអី 3 ជួរ រៀបជា 2x2x2 Layout, មានទូរទឹកកក, មានអេក្រង់កម្សាន្តទំហំធំសម្រាប់អ្នកអង្គុយកៅអីជួរក្រោយ, នៅលើតាឡូមានអេក្រង់កម្សាន្តធំនៅកណ្តាល ដែលដំណើរការជាមួយមុខងារ DeepSeek AI large model, អេក្រង់សម្រាប់អ្នករួមដំណើរការកៅអីខាងមុខជាដើម។ បន្ថែមពីនេះ N8L ក៏បំពាក់នូវប្រព័ន្ធជើងក្រោមទំនើប DiSus-A chassis control system របស់ BYD និងសម្បកកង់ប្រភេទ high-speed flat tire stability system។
សូមបញ្ជាក់ថា ក្នុងខែសីហា ការលក់រថយន្តម៉ាក Denza របស់ BYD មានចំនួន 11,993 គ្រឿង កើនឡើងប្រមាណ 20.06% ធៀបពីមួយឆ្នាំទៅមួយឆ្នាំ និងប្រមាណ 5.43% បើធៀបនឹងខែកក្តដា។ ក្នុងខែសីហា ឆ្នាំ2025 ក្រុមហ៊ុន Denza លក់រថយន្តម៉ាក D9 MPV បានចំនួន 8,712 គ្រឿង, ម៉ាក Z9 Series បានចំនួន 1,102 គ្រឿង, ម៉ាក N9 បានចំនួន 2,021 គ្រឿង និងម៉ាក N7 បានចំនួន 158 គ្រឿង៕