
BYD បានធ្វើការបង្ហាញចេញនូវរូបភាព teaser រថយន្តអគ្គិសនីប្រភេទ K-Car ដំបូងរបស់ខ្លួននៅលើគេហទំព័រក្រុមហ៊ុនក្នុងប្រទេសជប៉ុន។ ផ្អែកតាមរូបភាពនេះ បានបញ្ជាក់ច្បាស់ឡានអគ្គិសនី K-Car ឬ Kei Car ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ Tokyo Auto Show ដែលត្រៀមប្រារព្ធធ្វើឡើងនៅចុងខែតុលា ឆ្នាំ 2025 នេះ។
តាមរូបភាពបានបង្ហាញឲ្យឃើញថា BYD K-Car មានការឌីស្សាញជ្រុងៗបែប Box-shaped design ប្រហាក់ប្រហែលគ្នានឹងឡាន Kei Car ទូទៅរបស់ជប៉ុនដែរ។ BYD K-Car អាចនឹងចេញលក់ដំបូងតែក្នុងទីផ្សារប្រទេសជប៉ុន ខណៈទីផ្សារផ្សេងទៀត រួមទាំងទីផ្សារប្រទេសចិន មិនទាន់មានប្រភពណាមួយបញ្ជាក់នៅឡើយទេ។ បើតាមទំហំរបស់ BYD K-Car បង្ហាញថា មានភាពធំទូលាយជាងរថយន្ត Kei Car ដែលមានការឌីស្សាញបែប Box-Shaped ដូចគ្នា។ BYD K-Car EV នឹងប្រើប្រាស់ទ្វារក្រោយជាប្រភេទទ្វាររួត ឬ Sliding door ដែលផ្តល់នូវភាពងាយស្រួលទាំងការចេញ-ចូលក្នុងរថយន្ត។
ផ្នែកកញ្ចក់ទ្វារមានទំហំធំរាងចតុកោណភ្ជាប់នៅលើគ្រោងទ្វារប្រភេទ A-pillar និងផ្នែកដំបូលរចនាបែបទាលរាបស្មើ។ ចំនែកកៅអីជួរខាងមុខមានការរចនាជាកៅអីជាប់គ្នាដូចនឹងសាឡុងអង្គុយ។ រីដៃចង្កូតឌីស្សាញជារង្វង់មូលកាំបី ឬ tree-spoke steering wheel ហើយអាចនឹងមានភ្ជាប់ជាមួយមុខងារកម្តៅចង្កូតថែមទៀតផង។ ជាមួយគ្នានេះ ក៏នឹងមានអេក្រង់បង្ហាញព័ត៌មានក្រោយដៃចង្កូត និងអេក្រង់កម្សាន្តនៅកណ្តាលជាប់លើ Dashboard ផងដែរ។
ពាក់ព័ន្ធនឹងផ្នែកសំខាន់ៗផ្សេងទៀតរបស់ BYD K-Car គឺមិនទាន់មានការទម្លាយចេញនៅឡើយទេក្នុងពេលនេះ។ ឡានអគ្គិសនី Kei Car ដំបូងរបស់ BYD អាចនឹងដំឡើងមកជាមួយកញ្ចប់ថ្មទំហំ 20kWh ប្រភេទ Blade Battery ដែលសាកភ្លើងពេញម្តងអាចជិះបានចម្ងាយ 180km តាមស្តង់ដារវ៉ាស់ចម្ងាយរបស់ WLTC ដែលសាកសមសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃនៅក្នុងទីក្រុង។

យោងតាមក្រុមហ៊ុន BYD Auto Japan គំរូរថយន្ត K-Car ថ្មីនេះ ជាតំណាងឱ្យការរចនារថយន្តផ្តាច់មុខនៅទីផ្សារបរទេសលើកដំបូងរបស់ BYD ដែលអនុលោមតាមបទប្បញ្ញត្តិរថយន្តខ្នាតតូចរបស់ប្រទេសជប៉ុន។ ហើយវាក៏បានបង្កប់នូវទស្សនវិជ្ជាសាជីវកម្មរបស់ BYD ក្នុងការ "កាត់បន្ថយសីតុណ្ហភាពរបស់ផែនដីត្រឹម 1°C" និងបង្ហាញពីបច្ចេកវិទ្យាថ្មចុងក្រោយបំផុតរបស់ក្រុមហ៊ុន និងសមត្ថភាពផលិតផងដែរ៕





