
នេះគឺជាឡាន Toyota Land Cruiser FJ ស៊េរីឆ្នាំ 2026 ថ្មីដែលទើបតែប្រកាសចេញជាផ្លូវការដោយបានពាំនាំនូវ DNA បែបហាប់ណែននិងរឹងមាំនៅក្នុងតួខ្លួនរៀងតូចជាងមុន។ឡាន Toyota Land Cruiser FJ ឆ្នាំ 2026 ដែលនឹងចេញលក់នៅពាក់កណ្តាលឆ្នាំក្រោយនេះប្រើម៉ាស៊ីនសាំងចំណុះ 2.7L (2TR-FE) ទំហំ 4 ស៊ីឡាំងមានកម្លាំង 161 HP និងកម្លាំងរមួល 246 NM ដំណើរការដោយប្រអប់លេខដៃ 6 វគ្គនិងប្រព័ន្ធបើកបរប៉ុង 2 (Part-time 4WD)។
គួរឲ្យដឹងដែរថាម៉ាស៊ីននេះក៏ត្រូវបានប្រើនៅលើឡាន Toyota Hilux និង Fortuner ដែរហើយ Land Cruiser FJ ថ្មីនេះប្រើគ្រោងឆ្អឹងប្រភេទ IMV Series ដែលទទួលបានការកែកុនកាន់តែប្រសើរខណៈក្រុមហ៊ុន Toyota អះអាងថាវានឹងមានសមត្ថភាព Off-road ដ៏អស្ចារ្យរបស់ Land Cruiser ព្រោះពួកគេបានផ្តោតខ្លាំងទៅលើ Approach Angle, កម្ពស់ពីបាតឡានទៅដីនិងកម្រិតដែលកង់អាចឡើងចុះបានផងដែរ។


ឡាន SUV នេះមានប្រវែងតួខ្លួន 4.57m ទទឹង 1.85m កម្ពស់ 1.96m និងគម្លាតពីកង់មុខទៅកង់ក្រោយ 2.58m ពោលគឺខ្លីជាង Land Cruiser ប្រវែង 348mm និងមានគម្លាងពីកង់មុខទៅកង់ក្រោយខ្លីជាង 269mm ទៀតផង។បើនិយាយពីការឌីហ្សាញវិញវាផ្តល់នូវជម្រើសមុខចំនួន 2 ប្រភេទដោយមួយមានការឌីហ្សាញបែប Retro ជាមួយនឹងចង្កៀងមុខរាងមូលខណៈមួយប្រភេទទៀតប្រើចង្កៀងមុខរាងជាងអក្សរ C វិញ៕






