
ថ្ងៃទី 15 ធ្នូ ម្សិលមិញនេះ BYD បានធ្វើការបង្ហើបនូវរូបភាពរថយន្តស៊េរីថ្មីចំនួនពីរម៉ូដែល គឺ BYD Seal 8 sedan និង Sealion 8 SUV ដែលរថយន្តស៊េរីថ្មីទាំងពីរម៉ូដែលនេះ ស្ថិននៅក្នុងគ្រួសារ Ocean Series របស់ BYD។ បើតាមប្រភពព័ត៌មានបានបញ្ជាក់ថា BYD Seal 8 និង Sealion 8 នឹងប្រកាសចេញផ្លូវការណ៍នៅត្រីមាសដំបូងក្នុងឆ្នាំ 2026 ជាមួយការបំពាក់នូវបច្ចេកវិទ្យាចុងក្រោយបំផុតរបស់ BYD។ ហើយទៅថ្ងៃអនាគត ក៏នឹងមានម៉ូដែល Seal 09 និង Sealion 09 ដែលបង្កើតឡើងនៅក្នុងស្រឡាយ “5678” Series សម្រាប់ម៉ូដែលថ្មីទាំងពីរនេះផងដែរ។
BYD Seal 8 sedan និង Sealion 8 SUV ត្រូវបានផលិតឡើងដោយប្រើប្រាស់ទម្រង់ឌីស្សាញ Ocean S Concept ដែលក្រុមហ៊ុនបានបង្ហាញនៅក្នុងព្រឹត្តិការណ៍ 2025 Shanghai Auto Show កាលពីខែមេសា។ គំរូរថយន្ត Ocean S ត្រូវបានធ្វើការឌីស្សាញឡើងដោយប្រើប្រាស់ភាសារចនាថ្មី “Ocean Aesthetic 2.0 design”។

បើតាមឯកសារដែលបានដាក់ស្នើរការលក់ក្នុងទីផ្សារប្រទេសចិនសម្រាប់ម៉ូដែល Seal 8 EV-Sedan កាលពីដើមខែធ្នូ ឆ្នាំ 2025 បានបង្ហាញថា ឡានអគ្គិសនីស៊េរីថ្មីនេះ មានប្រវែងតួរខ្លួន 4,720mm/ទទឹង1,880mm/ កំពស់ 1,495 mm ជាមួយគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 2,820mm។

ក្នុងនោះម៉ូដែល Entry-level Seal 8 បំពាក់ដោយម៉ូទ័រអគ្គិសនីមួយស៊េរី TZ180XSR ផលិតដោយ BYD ផ្ទាល់តែម្តង ដែលម៉ូទ័រនេះអាចផលិតកម្លាំងបាន 110kW ឬ 148 សេះ និងទទួលថាមពលសម្រាប់ដំណើរការពីកញ្ចប់ថ្ម Blade Battery (LFP) ទំហំ 46.2kWh ដែលការសាកភ្លើងពេញម្តងអាចបើកបរដោយប្រើអគ្គិសនីសុទ្ធបានចម្ងាយ 470km (តាមស្តង់ដារតេស្តពី CLTC)។ ចំនែកមួយម៉ូដែលទៀតដែលជា Top-Trim បំពាក់ម៉ូទ័រអគ្គិសនីមួយស៊េរី TZ200XSBE មានកម្លាំង 160kW ឬ 215 សេះ ដែលទទួលថាមពលដំណើរការពីកញ្ចប់ថ្មប្រភេទ Blade Battery ទំហំ 56.6kWh សាកភ្លើងពេញម្តងអាចបើកបានចម្ងាយផ្លូវ 545km (CLTC)។ រីម៉ូដែល BYD Sealion 8 SUV វិញ ត្រូវបានគេដឹងថា មានប្រវែងតួរខ្លួន 5,040mm ជាមួយគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 2,950mm និងបំពាក់កៅអី 3 ជួរស្មើរនឹង 7 កៅអី ដែលរៀបចំបែប 2x3x2 layout។

សូមបញ្ជាក់ថា ចាប់តាំងពីបង្កើតឡើងក្នុងខែវិច្ឆិកា ឆ្នាំ 2021 មក រថយន្តស្ថិតក្នុងត្រកូល Ocean របស់ BYD លក់បានលើសពីចំនួន 6 លានគ្រឿង។ ដែលត្រកូលរថយន្ត Ocean មានដូចជា ម៉ូដែល BYD Song Plus, Seagull, Dolphin និង Seal ដោយម៉ូដែលនីមួយៗលក់បានចំនួនច្រើនជាងមួយលានគ្រឿង៕





