
ឡាន Electric Pick up ខ្នាតយក្សរបស់ Ford ម៉ូដែល F-150 Lightning ត្រូវបានក្រុមហ៊ុនបញ្ជាក់ថា នឹងចូលវាយឡុកទីផ្សារឡាន Pick up ក្នុងប្រទេសអូស្ត្រាលី ជាថ្មីម្តងទៀតជាមួយជំនាន់ថ្មី ដែលជាជំនាន់ទីពីរ។ ហើយអ្វីដែលជាការចាប់អារម្មណ៍ជាងនេះ គឺ Ford បានបញ្ជាក់ថា F-150 Lightning ជំនាន់ទីពីរ គឺជាម៉ូដែល Rang-extended electric vehicle ឬ EREV ដែលមានបន្ថែមម៉ាស៊ីនសាំង ដើម្បីធ្វើជាម៉ាស៊ីនសាកភ្លើង ឬ electric generator។
Ford បានបញ្ជាក់ទៀតថា F-150 Lightning EREV គឺមិនដូចនឹងឡាន Plug-in-hybrid ឡើយ ដោយសារតែម៉ាស៊ីនសាំងមិនមានតួរនាទីក្នុងការផ្តល់ថាមពលក្នុងការទាញបង្វិលកង់ឡើយ ដោយម៉ាស៊ីនរបស់វា ត្រូវបានប្រើសម្រាប់តែការសាកភ្លើងតែប៉ុណ្ណោះ ហើយចំពោះប្រព័ន្ធដំណើរការទាញបង្វិលកង់ត្រូវពឹងផ្អែកទាំងស្រុងទៅលើប្រព័ន្ធម៉ូទ័រអគ្គិសនីដូចជំនាន់មុនដដែល។ ទន្ទឹងនឹងនេះ ក្រុមហ៊ុន Ford បានបញ្ជាក់ថា សង្វាក់នៃការផលិតរថយន្ត F-150 Lightning ដែលដំណើរការដោយថាមពលអគ្គិសនីសុទ្ធនាពេលបច្ចុប្បន្ននេះ នឹងបញ្ចប់នៅចុងឆ្នាំនេះ ហើយរោងចក្ររបស់ខ្លួននឹងត្រូវផ្អាកដំណើរការដើម្បីធ្វើការកែប្រែថ្មីឡើងវិញ មុនពេលចាប់ផ្តើមផលិតម៉ូដែល F-150 Lightning EREV។

Ford USA បាននិយាយថា បុគ្គលិកនៅរោងចក្រផលិតរថយន្ត Rogue Electric Vehicle facility របស់ខ្លួនក្នុងទីក្រុង Dearborn រដ្ឋ Michigan នឹងត្រូវបានរៀបចំរចនាសម្ព័ន្ធជាថ្មីឡើងវិញទៅកាន់រោងចក្រផលិតរថយន្ត F-150 petrol និង hybrid factory ដែលនៅក្បែរនោះ «ដើម្បីគាំទ្រដល់ក្រុមទីបី»។ យោងទៅលើឯកសារចុះបញ្ចីរបស់ Ford បានបង្ហាញថា រថយន្ត Ford F-150 Lightning EREV ថ្មី គឺអាចបើកបរបានចម្ងាយប្រហែល 1,127km នៅពេលសាកថ្ម និងចាក់សាំងពេញម្តង។ បើធៀបនឹងម៉ូដែលប្រើអគ្គិសនីសុទ្ធបច្ចុប្បន្នដែលអាចបើកបរបានចម្ងាយផ្លូវចន្លោះពី 386km ទៅ 515km។

Ford F-150 Lightning EREV ជំនាន់ថ្មី ក៏នឹងនៅរក្សាការប្រើប្រាស់មុខងារដូចម៉ូដែលបច្ចុប្បន្នផងដែរ ដូចជាមុខងារ V2L (vehicle-to-load) សម្រាប់យកភ្លើងពីរថយន្តមកប្រើជាមួយឧបករណ៍អគ្គិសនីផ្សេងៗ, ប្រើប្រាស់នៅអំឡុងពេលបោះជំរុំ ឬប្រើនៅក្នុងផ្ទះអំឡុងពេលដាច់ចរន្តអគ្គិសនីជាដើម។ រថយន្តអគ្គិសនីភីកអាប់ Ford F-150 Lightning ត្រូវបានក្រុមហ៊ុនប្រកាសចេញផ្លូវការណ៍ក្នុងឆ្នាំ 2022 ហើយប្រើរយះពេលប្រមាណជា 2 ឆ្នាំក្នុងការលក់បានចំនួន 83,000 គ្រឿង ដែលជាតួរលេខតិចជាងតួរលេខគោលដៅលក់របស់ Ford ដែលរំពឹងថា លក់បានចំនួន 150,000 គ្រឿង ដែលនេះបានបង្ហាញពីតម្លៃការទាបខ្លាំងសម្រាប់រថយន្ត Electric pick up មួយនេះ។

ចំពោះការសម្រេចចិត្តរបស់ Ford ក្នុងការផលិតជំនាន់ថ្មីនៃ F-150 Lightning EREV នេះ ស្របពេលដែលក្រុមហ៊ុន RAM បានប្រកាសលប់ចោលគម្រោងក្នុងការផលិតម៉ូដែល RAM 1500 REV។ សម្រាប់ម៉ូដែល F-150 Lightning EREV អាចនឹងត្រូវប្រកាសចេញលក់នៅក្នុងឆ្នាំ 2026 ខាងមុខនេះ។ ជាមួយគ្នានេះ Ford ត្រូវបានគេរាយការណ៍ថា គ្រោងនឹងធ្វើការប្រកាសចេញឡាន Electric Pick up ថ្មីប្រើប្រាស់ប្រព័ន្ធគ្រោងឆ្អឹងថ្មីហៅថា 'Universal EV Platform' នៅសហរដ្ឋអាមេរិកក្នុងឆ្នាំ 2027។ ហើយឡាន Electric Pick up ថ្មីរបស់ Ford គឺមានទំហំតូចជាម៉ូដែល Ranger បន្តិច៕





