no-alternative title
no-alternative title

BYD ផលិតឡានដំណើរការដោយថាមពលថ្មីបានចំនួន 15 លានគ្រឿង នាំមុខ Tesla និង Volkswagen

BYD ឬ Build Your Dream ត្រូវបានគេទទួលស្គាល់ថាជាក្រុមហ៊ុនផលិត និងលក់រថយន្តអគ្គិសនីឈានមុខគេរបស់ប្រទេសចិន និងពិភពលោក។ ហើយនៅពេលនេះ BYD បានប្រកាសពីភាពជោគជ័យរបស់ខ្លួនក្នុងផលិតរថយន្តថ្មីដែលដំណើរការដោយថាមពលថ្មី ឬ New Energy Vehicles បានចំនួនដល់ទៅ 15,000,000 គ្រឿង។ ដែលតួរលេខនេះ គឺបានរាប់បញ្ចូលទាំងចំនួននៃការផលិតរថយន្តដំណើរការដោយអគ្គិសនីសុទ្ធ (BEV) និងម៉ូដែលកូនកាត់ ឬ Plug-in-hybrid vehicle (PHEV) នៃម៉ាកយីហោរថយន្តទាំងអស់ដែលស្ថិតនៅក្រោមដំបូល BYD។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន BYD ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ 1995 និងបានចូលប្រឡូកក្នុងឧស្សាហកម្មយានយន្តផ្លូវការណ៍នៅឆ្នាំ 2003។ BYD បានរក្សាលំនឹងនៃការបង្កើនសង្វាក់ផលិតរថយន្តថ្មី NEV ជាលំដាប់។ ក្រុមហ៊ុននេះ បានផលិតរថយន្តដំណើរការដោយថាមពលថ្មី (NEVs) បានចំនួនសរុបដល់ 10,000,000 គ្រឿងនៅឆ្នាំ 2024 និងដល់ 13,000,000 លានគ្រឿងនៅពាក់កណ្តាលឆ្នាំ 2025 ដែលមានរយះពេលប្រមានជា 8 ខែក្នុងការបង្កើនចំនួននៃផលិតពី 10,000,000 គ្រឿង បង្ហាញពីតួរលេខក្នុងផលិតកើនឡើងយ៉ាងឆាប់រហ័សបំផុត។

 

ហើយនៅពេលនេះ BYD បាននាំមុខការផលិតរថយន្ត NEVs ក្រុមហ៊ុន Tesla ដែលជាក្រុមហ៊ុនផលិតឡានអគ្គិសនីសុទ្ធរបស់អាមេរិកដែលផលិតបានចំនួន 8.1 លានគ្រឿង និងសម្ព័ន្ធក្រុមហ៊ុន Volkswagen ដែលផលិតឡានអគ្គិសនីសុទ្ធ និង Plug-in-hybrid សរុបបានចំនួន 3 លានគ្រឿង។

 

ការផលិតសរុបរបស់ក្រុមហ៊ុន BYD ត្រូវបានគាំទ្រដោយ ម៉ូដែលរថយន្តដែលលក់ដាច់ខ្លាំងបំផុតរបស់ខ្លួន រួមទាំងម៉ូដែល Dolphin hatchback លក់បានជាង 1 លានគ្រឿង, Seagull (Dolphin Mini/ Atto 1) លក់បានជាង 1 លានគ្រឿង រួមនិងរថយន្ត SUV ដែលមានម៉ូដែល Song Plus និង Sealion 06 ជាដើម។ ចំនែកម៉ូដែលនៅក្នុងត្រកូល Dynasty Series រួមទាំង Qin, Song និង Tang ក៏បានរួមចំណែកយ៉ាងសំខាន់ដល់ទិន្នផលសរុបផងដែរ។ ដោយម៉ូដែលទាំងនេះ គឺមានចំនួនច្រើនសម្រាប់ការលក់នៅទីផ្សារក្នុងស្រុក និងនាំចេញទៅទីផ្សារក្រៅប្រទេស។

ភាពជោគជ័យរបស់ BYD ត្រូវបានគេមើលឃើញថា ដោយសារតែក្រុមហ៊ុននេះ បានផ្តោតសំខាន់ទៅលើការរួមបញ្ចូលបច្ចេកវិទ្យាថ្មីនៅក្នុងទូទាំងផលប័ត្រយានយន្តរបស់ខ្លួន ដែលរួមទាំង ប្រព័ន្ធបច្ចេកវិទ្យាថ្ម ប្រព័ន្ធថាមពលអគ្គិសនី និងប្រព័ន្ធបើកបរឆ្លាតវៃជាដើម។ ក្រុមហ៊ុន BYD បានបញ្ឈប់ការផលិតយានយន្តប្រើប្រាស់ម៉ាស៊ីនចំហេះខាងក្នុង (ICE) ទាំងស្រុងក្នុងឆ្នាំ 2022 និងបានផ្តោតការយកចិត្តទុកដាក់ទាំងស្រុងលើការផលិតយានយន្តដំណើរការដោយប្រព័ន្ធថាមពលអគ្គិសនីសុទ្ធ BEV, hybrid និង Plug-in-hybrid។

 

រថយន្ត NEV ទី 15,000,000 គ្រឿង គឺជាតំណាងឱ្យការរួមចំណែកយ៉ាងសំខាន់ដល់ការផលិតយានយន្តអគ្គិសនីទូទាំងពិភពលោក។ ត្រឹមតែក្នុងឆ្នាំ 2025 តែមួយ ប្រទេសចិនមានចំណែកធំនៃការផលិត និងការនាំចេញរថយន្ត NEV របស់ទូទាំងពិភពលោក ហើយផលិតកម្មសរុបរបស់ BYD តំណាងឱ្យផ្នែកសំខាន់នៃចំនួនសរុបសម្រាប់រថយន្តថ្មីរបស់ប្រទេសចិន៕

 

ព័ត៌មានពាណិជ្ជកម្ម