
នៅក្នុងឆ្នាំ 2025 កន្លងទៅនេះ ទីផ្សារលក់រថយន្តប្រភេទ Plug-in-hybrid នៅប្រទេសអូស្ត្រាលី មានការកើនឡើងប្រមាណ 130.9%។ បើយោងតាមរបាយការណ៍បាន បានបញ្ជាក់ថា នៅក្នុងឆ្នាំ 2025 កន្លងទៅការលក់រថយន្តប្រភេទ
Plug-in-hybrid ក្នុងទីផ្សារអូស្ត្រាលី មានចំនួនសរុបជាង 50,000 គ្រឿង ដែលក្នុងនោះ BYD Shark 6 ute និងម៉ាកយីហោ PHEV ថ្មីមួយចំនួនទៀតបាននាំមុខការលក់។
ម៉ាកយីហោ BYD បានគ្រប់គ្រងដំណែងលេខ 1 សម្រាប់ការលក់រថយន្ត Plug-in-hybrid ក្នុងទីផ្សារអូស្ត្រាលីដោយមានចំនែកទីផ្សារសរុប 50.7% ដោយក្នុងនោះម៉ូដែល BYD Shark 6 Pick up បាននាំមុខគេក្នុងការលក់ ដោយលក់បានចំនួន 18,073 គ្រឿង និងម៉ូដែល Sealion 6 SUV ឈរនៅបន្ទាប់ ដោយលក់បានចំនួន 9,055 គ្រឿង។

យោងទៅលើរបាយការណ៍ចេញផ្សាយដោយ Federal Chamber of Automotive Industries (FCAI) បានឲ្យដឹងថា ការលក់រថយន្តប្រភេទ Plug-in-hybrid ក្នុងទីផ្សារអូស្ត្រាលីក្នុងឆ្នាំ2025 គឺមានចំនួនសរុប 53,484 គ្រឿង កើនឡើង 130.9% ធៀបនឹងឆ្នាំ 2024 ដែលលក់បានចំនួន 23,163 គ្រឿង។ ចំនែកការលក់រថយន្តដែលប្រើប្រាស់ប្រព័ន្ធម៉ាស៊ីន Hybrid មានការកើនឡើងប្រមាណ 15.3% ខណៈការលក់រថយន្តអគ្គិសនីបានកើនឡើងប្រមាណ 13.1% ផងដែរ។

ដោយឡែកសម្រាប់ការរថយន្ត ដែលប្រើប្រាស់ម៉ាស៊ីនចំហេះក្នុងទាំងប្រើម៉ាស៊ូត និងប្រើសាំងឃើញថាមានការធ្លាក់ចុះការលក់ក្នុងឆ្នាំ 2025 ប្រមាណ 1.7% និង 10% រៀងៗខ្លួន។ ងាកមកក្រុមហ៊ុនផលិតឡានអាមេរិក Ford វិញ នៅតែបន្តជាជើងខ្លាំងក្នុងការលក់ជាមួយនឹងម៉ូដែល Ranger របស់ខ្លួននៅក្នុងទឹកដីអូស្ត្រាលី។ ដោយក្នុងឆ្នាំ 2025 ក្រុមហ៊ុន Ford លក់ Ranger ប្រភេទ 4x4 សរុបមានចំនួន 56,555 គ្រឿងទាំងម៉ូដែលប្រើម៉ាស៊ីនសាំង ម៉ាស៊ីនម៉ាស៊ូត និង HYBRID។

ជាមួយគ្នានេះ Ford Ranger ម៉ូដែល Plug-in-hybrid ដែលបានប្រកាសចេញលក់នៅពាក់កណ្តាលឆ្នាំ 2025 ក៏លក់បានចំនួន 1,143 គ្រឿងផងដែរ ដែលស្មើរនឹង 2% នៃការលក់សរុបប្រចាំឆ្នាំ។ សូមបញ្ជាក់ថា Ford Ranger នៅតែជារថយន្ត Pick up 4x4 ដែលលក់ដាច់ខ្លាំងបំផុតនៅក្នុងទីផ្សារអូស្ត្រាលីក្នុងរយះពេល 3 ឆ្នាំជាប់ៗ គ្នាគិតត្រឹមឆ្នាំ 2025៕





