
Xiaomi ទទួលបានការបញ្ជាទិញមុនសម្រាប់ឡានអគ្គិសនី sedan ជំនាន់ថ្មី SU7 ឆ្នាំ 2026 រហូតដល់ទៅ 100,000 គ្រឿង បន្ទាប់ពីការប្រកាសចេញលក់មុន (Pre-Sale) បានរយះពេល 15 ថ្ងៃ ដោយបានចាប់ផ្តើមកាលពីថ្ងៃទី 7 ខែមករា ឆ្នាំ 2026 នៅក្នុងប្រទេសចិន។ ក្នុងការលក់ Pre-sale សម្រាប់ Xiaomi SU7 ឆ្នាំ 2026 គឺមានតម្លៃខ្ទង់ $32,500 ដែលថ្លៃជាងម៉ូដែលឆ្នាំមុនខ្ទង់ $1,980។ ចំពោះការចេញលក់ផ្លូវការណ៍សម្រាប់ Xiaomi SU7 ជំនាន់ថ្មីឆ្នាំ 2026 នឹងត្រូវធ្វើឡើងនៅក្នុងខែមេសា ឆ្នាំ 2026 ខាងមុខនេះ។
បើតាមបុគ្គលិកផ្នែកលក់នៅតាមបណ្តាហាងលក់របស់ Xiaomi ក្នុងទីក្រុងប៉េកាំង បានរាយការណ៍ថា ចំនួនការបញ្ជាទិញ Xiaomi SU7 ឆ្នាំ 2026 នៅតាមហាងលក់នីមួយៗ គឺមានចំនួនចន្លោះពី 200 ទៅ 400 គ្រឿង។ ចំនែកនៅតាមហាងលក់រាយបន្តនៅក្នុងទីក្រុងសៀងហៃ និងវូហាន ក៏បានរាយការណ៍ថា ទទួលបានការបញ្ជាទិញ SU7 (2026) ចំនួន 100 គ្រឿងផងដែរ។ ហើយសរុបហាងលក់ទាំង 477 ហាងនៅទូទាំងប្រទេស Xiaomi បានធ្វើការព្យាករណ៍ថា គឺទទួលបានការបញ្ជាទិញមុន SU7 (2026) ជិត 100,000 គ្រឿង។
.jpg)
Xiaomi SU7 ជំនាន់ថ្មីឆ្នាំ 2026 ទទួលបានការធ្វើបច្ចុប្បន្នថ្មីៗមួយចំនួន ដូចជាប្រព័ន្ធជំនួយការបើកបរ (Driving Assistance) និងថាមពលថ្មដែលអាចបើកបរបានរយះចម្ងាយឆ្ងាយជាងម៉ូដែលមុនជាដើម។ ឡានអគ្គិសនី sedan ជំនាន់ថ្មីនេះ គាំទ្រនូវប្រព័ន្ធភ្លើងតង់ស្យុងខ្ពស់ silicon carbide high-voltage platform ដែលមានកម្លាំង 752V និង 897V។
.jpg)
បន្ថែមពីនេះ SU7 ជំនាន់ថ្មីក៏មានការបំពាក់នូវប្រព័ន្ធ Laser radar លើគ្រប់ម៉ូដែល, ប្រព័ន្ធជំនួយការបើកបរឆ្លាតវៃជាងមុនកម្រិត 700 TOPS ហើយនិងអាចបើកបរបានចម្ងាយផ្លូវដល់ 902km តាមស្តង់ដារ CLTC នៅពេលសាកភ្លើងពេញម្តង។ លោក Lei Jun នាយកប្រតិបត្តិក្រុមហ៊ុន Xiaomi បានធ្វើវគ្គផ្សាយផ្ទាល់ចំនួនបីនៅក្នុងខែមករា ឆ្នាំ 2026 ដើម្បីផ្សព្វផ្សាយសម្រាប់រយៈពេលនៃបញ្ជាទិញជាមុន។
.jpg)
ក្នុងឆ្នាំ 2025 កន្លងទៅ Xiaomi បានធ្វើការនាំចេញរថយន្តអគ្គិសនីរបស់ខ្លួនសរុបចំនួន 411,800 គ្រឿង ដែលជាតួរលេខខ្ពស់ជាងចំនួនគោលដៅដែបានកំនត់នៃការលក់សរុបប្រចាំឆ្នាំប្រមាណ 17%។ ហើយក្នុងឆ្នាំ 2026 នេះ Xiaomi ក៏បានដាក់គោលដៅក្នុងការនាំចេញឡានអគ្គិសនីសរុបឲ្យបានយ៉ាងហោចណាស់ក៏ 550,000 គ្រឿង និងមានគម្រោងក្នុងការប្រកាសចេញឡានអគ្គិសនីស៊េរីថ្មីចំនួន 2 ម៉ូដែលបន្ថែមទៀតផងដែរ។
.jpg)
ហើយនៅពេលនេះ Xiaomi បានបើកឲ្យមានការបញ្ជាទិញមុនសម្រាប់ម៉ូដែល SU7 ជំនាន់ថ្មីឆ្នាំ 2026 និងមួយម៉ូដែលទៀតដែលមិនទាន់ត្រូវបានប្រកាសចេញ គឺជា SUV ជំនាន់ថ្មី YU7 GT។ SU7 Series គឺជាឡានអគ្គិសនីដំបូងរបស់ Xiaomi ដែលត្រូវបានប្រកាសចេញក្នុងខែមេសា ឆ្នាំ 2024 និងលក់បានចំនួនជិត 400,000 គ្រឿង ហើយម៉ូដែលនេះក៏នឹងបន្តដើរតួរសំខាន់ក្នុងយុទ្ធសាស្រ្តការលក់ និងការនាំចេញរបស់ក្រុមហ៊ុនជាមួយជំនាន់ថ្មីនៅក្នុងឆ្នាំ 2026 នេះផងដែរ៕





