ថ្ងៃទី 6 ខែតុលា ឆ្នាំ 2016 មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្តុះបណ្តាល ACE បានប្រារព្ធបើកសម្ពោធទីតាំងទីបួនរបស់ខ្លូននៅទួលទំពូងជាផ្លូវការនៅក្នុងព្រះជាណាចក្រកម្ពុជា។ ACE ត្រូវបានបង្កើតឡើងដោយស្ថាប័ន IDP Education ក្នុងឆ្នាំ1992 ដើម្បីផ្តល់ការបណ្តុះបណ្តាល ភាសាអង់គ្លេសទៅបុគ្គលិក UNTAC ហើយត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយ ចំពោះគុណភាព និងសេវាកម្មផ្នែកភាសារបស់ខ្លូននៅក្នុងប្រទេសកម្ពុជា និងនៅក្នុងតំបន់។
ACE ទួលទំពូង គឺជាទីតាំងទីបួនដែលដំណើរការដោយស្ថាប័ន IDP Education នៅប្រទេសកម្ពុជាហើយនេះ ឆ្លុះបញ្ចាំងពីតម្រូវការខ្ពស់សម្រាប់ជំនាញភាសាអង់គ្លេសនៃសិស្ស និស្សិតខ្មែរ និងអន្តរជាតិនៅក្នុងប្រទេសកម្ពុជា។ សាលា ACE មានសិស្សចូលរៀនប្រហែល 15,000 នាក់ក្នុងមួយវគ្គសិក្សាសម្រាប់ទីតាំងទាំងបូននៅទូទាំងប្រទេស (បីទីតាំងនៅរាជធានីភ្នំពេញ និងមួយទីតាំងនៅខេត្តសៀមរាប)។
លោកជំទាវ Angela Corcoran ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា ឯកឧត្តមយក់ង៉ុយ រដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡានៃរាជរដ្ឋាភិបាលកម្ពុជានិងលោក Andrew Barkla នាយកប្រតិបត្តិនៃស្ថាប័ន IDP Education នឹងរូម គ្នាបើកសម្ពោធសាលា ACE ទីតាំងទួលទំពូងជាផ្លូវការ នៅព្រឹកថ្ងៃទី6 ខែតុលានេះ។
លោក Andrew Barkla នាយកប្រតិបត្តិ IDP Education ដែលជាស្ថាប័ននាំមុខគេក្នុងពិភពលោកលើវិស័យអប់រំ និងការផ្តល់សេវាប្រឹក្សា និងបញ្ជូនសិស្សនិស្សិតទៅសិក្សានៅបរទេសមានប្រសាសន៍ថា "ខ្ញុំមានក្តីរំភើបរីករាយ ចំពោះដំណើរទស្សនកិច្ចលើកដំបូងរបស់ខ្ញុំមកកាន់ប្រទេសកម្ពុជា ដើម្បីបើកសម្ពោធទីតាំងថ្មីរបស់សាលា ACE។ កម្ពុជានៅតែបន្តរីកលូតលាស់ ហើយមានតំរូវការខ្ពស់ សំរាប់សេវាបណ្តុះបណ្តាលភាសាអង់គ្លេស បើប្រៀបធៀបនឹងក្នុងតំបន់ ហើយខ្ញុំមានក្តីសោមនស្សរីករាយដែលនឹងមកឃើញអាគារ និងបរិក្ខារថ្មី ក៏ដូចជាជួបក្រុមការងារនៅប្រទេស កម្ពុជា។
លោក Andrew បានបន្ថែមថា "ខ្ញុំមានជំនឿចិត្តថា អាគារ ថ្មីនេះនឹងចូលរួមចំណែកកសាងកេរ្តិ៍ឈ្មោះដល់សាលា ACE បន្ថែមទៀត។ ខ្ញុំមានសេចក្តីរំភើប និងរីករាយដែល ACE អាចចូលរូមចំណែកក្នុងដំណើរការកសាងធនធានមនុស្សនៅក្នុងប្រទេសកម្ពុជា។" សាលា ACE ទីតាំងទួលទំពូងមាន ទំហំអាចទទូលសិស្សបានដល់ 6.000នាក់ និង មានបរិក្ខារ ថ្មីទំនើប ដូចជាមជ្ឈមណ្ឌលសិក្សាដោយខ្លូនឯង (GILC) បន្ទប់កុំព្យូទ័រ និងក្លឹបសៀវភៅជាដើម។
លោក ម៉ៅ ស្រេង នាយកប្រចាំប្រទេសកម្ពុជានៃសាលា ACE និង IDP Education បានថ្លែងថា: "យើងមានក្តីមោទន ក្នុងការបើកសម្ពោធសាលា ACE ទីតាំងទីបួននៅទួលទំពូង ក្នុងរាជធានីភ្នំពេញ"។ ទីតាំងថ្មី នេះបានបំពាក់ដោយបរិក្ខារទំនើបទាន់សម័យដើម្បីពង្រីកវិសាលភាពនៃការផ្តល់សេវាកម្មឈានមុខគេ ក្នុងផ្នែកបណ្តុះបណ្តាលភាសាអង់គ្លេសឲ្យកាន់តែទូលំទូលាយ។ ទីតាំងថ្មីនេះក៏ជាការិយាល័យកណ្តាលរបស់ មជ្ឈមណ្ឌលផ្តល់ព័ត៌មានពីការសិក្សានៅបរទេស IDP មជ្ឈមណ្ឌល តេស្ត IELTS ប្រចាំប្រទេសកម្ពុជា ការិយាល័យអាហារូបករណ៍ប្រទេសនូវែលហ្សេឡង់ និងការិយាល័យអាហារូបករណ៍ប្រទេសអូស្ត្រាលីផងដែរ។
IDP Education ដែលបង្កើតឡើងដោយសាកលវិទ្យាល័យអូស្ត្រាលីចំនួន 38 គឺជាស្ថាប័នឈានមុខគេក្នុងពិភពលោកក្នុងការប្រឹក្សា និងបញ្ជូនសិស្សទៅសិក្សានៅបរទេសដែលមាន 100 ការិយាល័យ ក្នុង 32 ប្រទេសក្នុងការជួយសិស្ស និស្សិតបន្តការសិក្សាក្នុងប្រទេសអូស្ត្រាលី កាណាដា នូវែលសេឡង់ សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។ IDP Education ក៏ជាម្ចាស់មួយនៃតេស្តអន្តរជាតិ IELTS (International English Language Testing System) ដែលជាតេស្តសម្រាប់វាស់ស្ទង់កម្រិតភាសាអង់គ្លេសពេញនិយមបំផុតក្នុងពិភពលោក។ IDP Education បាន និងកំពុងចូលរួមក្នុងការបណ្តុះបណ្តាលភាសាអង់គ្លេសតាំងពីឆ្នាំ 1988 និងដំណើរការសាលារៀនភាសាអង់គ្លេសនៅប្រទេសថៃ វៀតណាម និងកម្ពុជា។