កាសស្តាប់ឥតខ្សែស៊េរីថ្មីឆ្នាំ 2022 ត្រូវបានប្រកាសចេញជាផ្លូវការណ៍ហើយ ក្រោមឈ្មោះថា OPPO Enco Buds 2។ នៅក្នុងខណៈពេលនេះ OPPO Enco Buds 2 គឺមានវត្តមានតែនៅក្នុងប្រទេសម៉ាឡេស៊ី ហើយនឹងបន្តចេញលក់នៅលើបណ្តាប្រទេសមួយចំនួនទៀតក្នុងតំបន់អាស៊ីដូចជាប្រទេសឥណ្ឌា ឥណ្ឌូនេស៊ី និងសិង្ហបុរី រួមទាំងកម្ពុជាផងដែរ ហើយសម្រាប់តម្លៃរបស់ OPPO Enco Buds 2 គឺខ្ទង់ប្រមាណ 19ដុល្លារអាមេរិកប៉ុណ្ណោះ។
OPPO Enco Buds 2 មានថ្មទំហំ 40mAh នៅក្នុងគ្រាប់កាសម្ខាង និងទំហំ 460mAh នៅក្នុងប្រអប់របស់កាស ដែលមានលទ្ធភាពកាន់ក្នុងការប្រើប្រាស់សម្រាប់ស្តាប់តន្រ្តីបាន 48 ម៉ោងដោយការសាកផ្ទាល់ជាមួយប្រអប់។ ចំពោះការសាកភ្លើងប្រអប់គឺប្រើប្រាស់រន្ធចម្លងប្រភេទ USB-C ដែលកម្រមានប្រើសម្រាប់កាសដែលមានតម្លៃក្រោម $30។ ចំនុចពិសេសមួយទៀតនៅលើ OPPO Enco Buds 2 គឺបានប្រើប្រាស់ជាមួយ 10mm large titanium driver ដែលផ្តល់នូវសំឡេងលឺច្បាស់ខ្លាំងជាមួយសាច់បាសបុកបានណែនរងំជាងជំនាន់មុន។ បន្ថែមពីនេះ OPPO Enco Buds 2 មានភ្ជាប់មកជាមួយបច្ចេកវិទ្យាកាត់បន្ថយសំឡេងឆ្លាតវៃដែល OPPO ហៅថា AI Deep Noise Cancellation ដែលជួយសម្រួលឲ្យការសន្ទនាទូរស័ព្ទទទួលបានសំឡេងលឺច្បាស់ទោះស្ថិតនៅក្នុងមជ្ឈដ្ឋានអ៊ួអរយ៉ាងណាក៏ដោយ។
ជាងនេះទៅទៀត OPPO Enco Buds 2 មានភ្ជាប់មកជាមួយមុខងារ Enco Live Stereo Sound Effect ដែលអាចធ្វើការសេរេសំឡេងរបស់កាសតាមការចង់បានដូចជាសេរេកម្រិតសំឡេងបាសជាមួយមុខងារ Bass Boost ធ្វើឲ្យកម្រិតសំឡេងបាសបុកចេញបានកាន់តែរងំរណំត្រចៀក។ Enco Buds 2 ភ្ជាប់មកជាមួយបច្ចេកវិទ្យា Bluetooth 5.2 សម្រាប់ការតភ្ជាប់ជាមួយឧបករណ៍ដែលផ្តល់ស្ថិរភាពបានល្អក្នុងរយះចម្ងាយ 10 ម៉ែត្រ និងមានបច្ចេកវិទ្យាការពារទឹក និងញើសកម្រិត IPX4។ ហើយនៅលើគូទរបស់កាសទាំងសងខាងគាំទ្រមុខងារ Touch Sensitive សម្រាប់ប៉ះបញ្ជាកំនត់មុខងារផ្សេងដូចជាផ្លាស់ប្តូរបទចម្រៀង ទទួល និងផ្តាច់ការហៅទូរស័ព្ទចូល និងកំណត់សំឡេងឡើងចុះជាដើម។ កាសឥតខ្សែស៊េរីថ្មីនេះមានជម្រើសពីរពណ៌ គឺពណ៌ខ្មៅហៅថា Midnight និងពណ៌សហៅថា Moonlight៕