ក្រុមហ៊ុនផលិតរថយន្ត Peugeot ទើបតែបានធ្វើការប្រកាសចេញរថយន្តអគ្គិសនីស៊េរីថ្មីប្រភេទ Full-size SUV មានកៅអី 7 របស់ខ្លួន ម៉ូដែល Peugeot E-5008។ រថយន្តអគ្គិសនីស៊េរីថ្មីនេះ ត្រូវបានរចនាផលិតឡើងដោយឈរនៅលើទម្រង់ STLA Medium platform របស់ Peugeot ដែលមានការបង្កើននៅរយះចំងាយក្នុងការបើកបរបានឆ្ងាយជាង បើធៀបនឹងម៉ូដែល E-3008 EV SUV។ E-5008 មានជម្រើសពីរម៉ូដែល គឺម៉ូដែល Allure និង GT។
សម្រាប់់ការរចនានៃរថយន្តអគ្គិសនី SUV ស៊េរីថ្មីនេះ គឺមានភាពប្រណិត និងមានភាពហាប់រឹងមាំ ដោយុផ្នែកខាងមុខត្រូវបានរចនាឡើងជាមួយក្រឡាចក្រង្គបិតជិត រំលេចដោយលោហ្គូ Peugeot នៅកណ្តាល ហើយនៅសងខាងមានការរចនាជាមួយអំពូល LED បីបន្ទាត់បញ្ឈរចុះក្រោម និងមានចង្កៀងរចនាបែបស្លីមបង្កប់ដោយអំពូល LED បីគ្រាប់នៅខាងក្នុង។ ដោយអំពូលចង្កៀងរបស់ម៉ូដែលស្តង់ដារ (Allure Mode)ប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីហៅថា Ultra-compact projector LED headlights ខណៈម៉ូដែល GT បានបំពាក់បច្ចេកវិទ្យាថ្មីហៅថា Pixel LED technology។
បច្ចេកវិទ្យាថ្មីនេះ អនុញ្ញាតឱ្យចង្កៀងមុខធ្វើការសម្របខ្លួនដោយស្វ័យប្រវត្តិ ឬអាចនិយាយថារ៉េរទៅតាមចង្កូតនៅស្របទៅនឹងស្ថានភាពចរាចរណ៍ ហើយរក្សាពន្លឺដ៏ល្អប្រសើរដោយមិនរំខានអ្នកប្រើប្រាស់ផ្លូវផ្សេងទៀត ឬក៏យានយន្តដែលបើកបរបញ្ចាស់ទិសគ្នាឡើយ។ ម៉ូដែល Peugeot E-5008 Allure ទទួលបានយ៉ាន់បែបស្ព័រទំហំ 19 អ៊ីញ ខណៈដែលប្រភេទ GT ទទួលបានទំហំធំជាង 20 អ៊ីញ។
Peugeot E-5008 SUV EV មានជម្រើសកំលាំងចំនួន 3 ផ្សេងគ្នា ដោយក្នុងនោះមានជម្រើសប្រើម៉ូទ័រមួយចំនួនពីរកំលាំង ដោយមួយអាចផលិតកំលាំងបាន 210 សេះ និងកំលាំងរមូល 345Nm និងមួយទៀតផលិតកំលាំងបាន 230 សេះ និងកំលាំងរមូល 345Nm ដូចគ្នា។ ចំនែកម៉ូដែលប្រើម៉ូទ័រអគ្គិសនីពីរវិញ Dual-electric motors បានបំពាក់បន្ថែមម៉ូទ័រដែលមានកំលាំង 320 សេះមួយទៀត។ បើតាមការបញ្ជាក់ពីPeugeot រថយន្តអគ្គិសនី Full-Size SUV 7 Seater របស់ខ្លួនអាចបើកបរបានចំងាយផ្លូវដល់ 660km នៅពេលសាកភ្លើងមួយពេញម្តង។
សម្រាប់ការសាកថ្មវិញ រថយន្តអគ្គិសនីស៊េរីថ្មីទាំងបីជម្រើសម៉ូដែលរបស់ Peugeot គឺគាំទ្រប្រព័ន្ធបច្ចេកវិទ្យាសាកភ្លើងស្តង់ដារ 11 kW three-phase AC charger ឬ 22 kW three-phase AC charger។ ដោយកំលាំងសាកភ្លើងរបស់ E-5008 អាចផ្តល់កំលាំងដល់ 160kW ហើយមានសមត្ថភាពអាចសាកបំពេញថាមពលថ្មពី 20% ទៅ 80% ប្រើពេលខ្ទង់ 30 នាទីតែ និងសាក 10 នាទីអាចបើកបានចំងាយផ្លូវ 100km។
ជាមួយគ្នានេះ Peugeot E-5008 ក៏មានបំពាក់ជំនួយបន្ថែមដោយម៉ាស៊ីនសាំងប្រភេទ 48V mild-hybrid (MHEV) Powertrain ដែលមានសមត្ថភាពអាចផលិតថាមពលកំលាំងបាន 136 សេះ បន្ថែមទៀត ជាមួយនឹងប្រព័ន្ធប្រអប់លេខ 6 វគ្គ (6-speed dual-clutch) និងប្រព័ន្ធម៉ូទ័រអគ្គិសនីផងដែរ។ ជាមួយគ្នានេះ Peugeot E-5008 ក៏មានជម្រើសម៉ូដែលប្រភេទ PHEV ឬ Plug-in Hybrid ផងដែរដោយម៉ូដែលនេះបានបំពាក់ម៉ាស៊ីន Hybrid កំលាំង 150 សេះ និងម៉ូទ័រអគ្គិសនីមួយកំលាំង 123 សេះ ឬ 92kW ហើយសរុបថាមពលកំលាំងដែលម៉ូដែលនេះធ្វើបាន គឺ 195 សេះ។ ដោយម៉ូដែល Peugeot E-5008 PHEV អាចបើកបរដោយប្រើថាមពលអាគុយសុទ្ធបានជាង 80km។
សម្រាប់ការរចនានៅផ្នែកខាងក្នុងវិញ គឺមានភាពប្រណិតទំនើបដោយក្នុងនោះមានដូចជា អេក្រង់កោងប្រភេទថាច់ស្រ្គីនទំហំ 21-inch លាតសន្ធឹងនៅលើ Dashboard, បំពាក់ជាមួយភ្លើងប្រភេទ ambient LED Light ដែលអាចប្តូរពណ៌បានច្រើនពណ៌ដោយភ្លើងនៅបានបំពាក់នៅលើ Dashboard លើទ្វារខាងមុខ និងខាងក្រោយ និងមុខងារបាញ់បង្ហាញលើកញ្ចក់ខាងមុខ Head-up display ថែមទៀតផងសម្រាប់ម៉ូដែល GT។
ដោយឡែកសម្រាប់ម៉ូដែល Allure គឺបានបំពាក់នូវអេក្រង់ត្រឹមទំហំ 11-inch ប៉ុណ្ណោះ។ រថយន្តនេះ គាំទ្រការតភ្ជាប់ជាមួយ Apple CarPlay និង Android Auto រួមនឹងមុខងារ Chat GPT AI chatbot ផងដែរ។ សម្រាប់ម៉ូដែល Peugeot E-5008 Allure បំពាក់កៅអីស្បែកប្រភេទ leather effectនិង fabric ខណៈម៉ូដែល GT បានបំពាក់នូវកៅអីស្បែកប្រភេទ leather effect និង Alcantara។ សម្រាប់តម្លៃ និងកាលបរិច្ឆេទចេញលក់ផ្លូវការណ៍របស់ Peugeot E-5008 SUV 7 Seater EV Series ក្រុមហ៊ុនមិនទាន់បញ្ជាក់នៅឡើយទេ៕