ទូរស័ព្ទ Nokia 3310 ដែលធ្លាប់មានប្រវត្តិល្បីល្បាញពេលនេះ អាចនឹងទទួលបានបានការចាប់អារម្មណ៍សារជាថ្មីនៅលើទីផ្សារពិភពលោកហើយដោយសារតែក្រុមហ៊ុនបច្ចេកវិទ្យា HMD Global ចាប់ផ្តើមផលិតនូវស្មាតហ្វូនប្រើប្រាស់ស្លាកយីហោរបស់ក្រុមហ៊ុន Nokia ហើយថែមទាំងបានប្រកាសបង្ហាញនូវស្មាតហ្វូន Nokia ស៊េរីថ្មីដែលដាក់លក់នៅក្នុងប្រទេសចិនមុនដំបូងគេបំផុត។ នៅក្នុងក្រុមហ៊ុន HMD Global ក៏មាននាយកប្រតិបត្តិកំពូលជាច្រើននាក់របស់ក្រុមហ៊ុន Nokia ដែលគ្រោងនឹងបង្ហាញនូវស្មាតហ្វូនត្រកូល Nokia ស៊េរីថ្មីជាច្រើននៅក្នុងឆ្នាំនេះ។ ប្រសិនបើលោកអ្នកសង្ឃឹមថា ទូរស័ព្ទ Nokia 3310 ជំនាន់ថ្មីនឹងប្រើប្រាស់នូវកាមេរ៉ា និងមុខងារពិសេសៗខ្លាំងៗនោះ លោកអ្នកប្រហែលជាខកចិត្តហើយ។ នៅក្នុងព័ត៌មានថ្មីចុងក្រោយបំផុតអំពីទូរស័ព្ទជំនាន់ថ្មីឆ្នាំ 2017 នេះត្រូវបានទម្លាយឱ្យដឹងដោយគណនី Evan Blass (@evleaks) ដែលជាអ្នកទម្លាយនូវអាថ៌កំបាំង និងលក្ខណៈពិសេសរបស់ស្មាតហ្វូនស៊េរីថ្មីៗ។
ទូរស័ព្ទ Nokia 3310 ជំនាន់ថ្មីស៊េរីឆ្នាំ 2017 នេះនឹងប្រើប្រាស់នូវផ្ទៃនៅលើអេក្រង់ប្រភេទ Series 30 Interface គ្រន់តែវាប្រើប្រាស់នូវផ្ទៃពណ៌អេក្រង់កូល័រ មិនមែនសខ្មៅដូចដែលលោកអ្នកធ្លាប់បានជួបកាលពី 17 ឆ្នាំមុននោះទេ។ Nokia 3310 ជំនាន់ថ្មីនេះនឹងមានច្រើនពណ៌សម្រាប់ធ្វើការជ្រើសរើសអាស្រ័យទៅតាមចំណង់ចំណូលចិត្តរបស់លោកអ្នក។ មួយវិញទៀត យើងអាចស្រម៉ៃអំពីរួបភាពរបស់ Nokia 3310 ជំនាន់ថ្មីនេះបានតាមរយៈទូរស័ព្ទ Nokia 3310 និង Nokia 150 ដែលបានប្រកាសបង្ហាញខ្លួននៅចុងឆ្នាំ 2016 ។
លក្ខណៈពិសេសល្អផ្តាច់គេរបស់ទូរស័ព្ទ Nokia 3310 ជំនាន់ថ្មីនេះនឹងមានថាមពលថ្មប្រើប្រាស់បានយូរគិតជាថ្ងៃ មិនមែនគិតជាម៉ោងដូចស្មាតហ្វូនបច្ចុប្បន្ននោះទេ។ យ៉ាងណាមិញ យើងនៅមិនទាន់បានដឹងអំពីកម្រិតនៃការប្រើប្រាស់ថាមពលរបស់ទូរស័ព្ទ Nokia 3310 ជំនាន់ថ្មីនេះបាននៅឡើយទេ៕