នៅលើគេហទំព័រផ្លូវការណ៍របស់ Nokia ទើបតែបានបង្កើតទំព័រថ្មីមួយដែលបង្ហាញពីវីដេអូ teaser នៃទូរស័ព្ទស្មាតហ្វូន Nokia ដំបូងដែលដំណើរការជាមួយប្រព័ន្ធប្រតិបត្តិការ Android ដែលវានឹងបង្ហាញខ្លួនក្នុងពេលឆាប់ៗនេះ។ ស្មាតហ្វូន Nokia ដែលត្រៀមបង្ហាញខ្លួនដំបូងនាដើមឆ្នាំ 2017 នេះគឺជាម៉ូដែល Nokia 6។ Nokia បាននិយាយថា Nokia 6 គឺជាស្មាតហ្វូនដំបូងគេដែលប្រើប្រតិបត្តិការ Android ហើយវាក៏នឹងមានលក់ដំបូងគេក្នុងទីផ្សារប្រទេសចិនផងដែរ។ ចង់មើលវីដេអូ teaser អំពីទូរស័ព្ទ Nokia 6 សូមចុចត្រង់នេះ http://www.nokia.com/en_int/phones។
ក្រុមហ៊ុន HMD Global របស់ហ្វាំងឡង់ដែលជាក្រុមហ៊ុនទទួលបានអាជ្ញាប័ត្រស្របច្បាប់ពី Nokia ក្នុងការផ្សព្វផ្សាយ និងចរាចរណ៍លក់ទូរស័ព្ទស្មាតហ្វូនជ្រោកក្រោមស្លាកសញ្ញា Nokia ក្នុងរយះពេល 10 ឆ្នាំបានបង្ហើបឲ្យដឹងថា “HMD បានសម្រេចចិត្តប្រកាសចេញស្មាតហ្វូន Nokia-Android ដំបូងក្នុងទីផ្សារប្រទេសចិន ព្រោះថាទីផ្សារប្រទេសមួយនេះជាទីផ្សារគោលដៅដ៏សំខាន់របស់ខ្លួន ហើយក៏ជាកន្លែងដែលអ្នកប្រើប្រាស់ចង់ប្រើផលិតដែលការរចនាប្រកបទៅដោយភាពរឹងមាំ និងមានគុណភាពខ្ពស់ផងដែរ។ Nokia 6 ត្រូវបានក្រុមហ៊ុនចាប់ដៃគូជាមួយក្រុងមហ៊ុនបុត្រសម្ព័ន្ធរបស់ Foxconn ក្នុងការផលិតវាឡើង។
ស្មាតហ្វូនដំបូងមួយនេះត្រូវបានផលិតឡើងដែលបានរូបរាងបែប Premium Unibody Design ពីលោហះធាតុអាលុយមីញ៉ូមស៊េរី 6000 ជាមួយកញ្ចក់អេក្រង់ទំហំ 5.5” ស្រោបការពារពីលើដោយកញ្ចក់ 2.5D Corning Gorilla Glass និងដំណើរការជាមួយប្រតិបត្តិការ Android Nougat v7.0 ចេញពីប្រអប់តែម្តង។ Nokia 6 បំពាក់នូវឈីប Qualcomm Snapdragon 430 ជាមួយរ៉េមទំហំ 4GB និងម៉េមូរីក្នុងម៉ាស៊ីនស្រាប់ទំហំ 64GB។ ចំពោះកាមេរ៉ារបស់វាវិញគឺនៅខាងក្រោយមានទំហំ 16MP និងខាងមុខទំហំ 8.0MP។
ជាមួយគ្នានេះដែរ Nokia 6 ត្រូវបានបំពាក់មកជាមួយប្រព័ន្ធបំពងសំឡេងចំនួនពីរនៅផ្នែកខាងក្រោមដែលមានសមត្ថភាពបញ្ចេញសំឡេងបានលឺខ្លាំងកម្រិត 6dB ដោយប្រើប្រព័ន្ធសំឡេង Dolby Atmos។ HMD បញ្ជាក់បន្ថែមទៀតថា Nokia 6 នឹងចេញលក់ក្នុងទីផ្សារប្រទេសចិនដំបូងគេតាមរយះបណ្តាញ jd.com ជាមួយតម្លៃប្រមាណ 1,699 យ័ន ឬប្រហែល $245។ ហើយក្នុងឆ្នាំនេះ HMD មានគម្រោងប្រកាសចេញស្មាតហ្វូន Nokia-Android ជាច្រើនស៊េរីបន្ថែមទៀតនៅឆមាសទីមួយក្នុងឆ្នាំ 2017 នេះ៕