នាពេលបច្ចុប្បន្ននេះ ស្មាតហ្វូនដែលមានវត្តមាននៅលើទីផ្សារនៅជុំវិញដែលបានប្រកាសចេញនោះ គឺមានប្រព័ន្ធកាមេរ៉ាត្រឹមតែចំនួន 4 គ្រាប់ប៉ុណ្ណោះ គឺមានពីរគ្រាប់នៅផ្នែកខាងមុខ និងពីរគ្រាប់ទៀតនៅផ្នែកខាងក្រោយ។ ពេលនេះ មានព័ត៌មានថ្មីមួយបានបង្ហាញថា ស្មាតហ្វូននាពេលអនាគតរបស់ក្រុមហ៊ុន NOKIA គឺអាចនឹងមានកាមេរ៉ារហូតដល់ទៅ 5 គ្រាប់។ យោងទៅតាមការបង្ហោះរបស់អ្នកប្រើប្រាស់នៅក្នុងគេហទំព័រ Baidu ប្រទេសចិន បានបង្ហាញថា ស្មាតហ្វូននេះ មានរន្ធសម្រាប់កាមេរ៉ាចំនួន 7 ដែលមាន 5 សម្រាប់ដាក់ Lenses និងពីរទៀតសម្រាប់ភ្លើង LED Flash។ ប៉ុន្តែនៅមិនទាន់ដឹងច្បាស់នោះទេថាតើ Lenses នេះ នឹងបែងចែកអំពីមុខងារក្នុងការប្រើប្រាស់ដូចម្តេចនោះ ប៉ុន្តែយើងអាចប៉ាន់ស្មានបានថា ស្មាតហ្វូនេះ នឹងមានកាមេរ៉ាចំនួន 3 គ្រាប់នៅខាងក្រោយ និងកាមេរ៉ាពីរគ្រាប់នៅផ្នែកខាងមុខ។
ស្មាតហ្វូន Nokia 9 ត្រូវបានគេដឹងថា នឹងមានកាមេរ៉ាខាងមុខពីរគ្រាប់ និងខាងក្រោយពីរគ្រាប់ ឬអាចថែមមួយគ្រាប់ទៀត ប៉ុន្តែស្មាតហ្វូននេះ គឺជ ទូរស័ព្ទដែលនឹងប្រើប្រាស់ Lenses កាន់តែច្រើន។ ប្រភពដដែលនេះ បានបញ្ជាក់ថា ស្មាតហ្វូននេះ នឹងដំណើរការនូវបន្ទះឈីប Snapdragon 845 ដែលប្រើប្រាស់នៅលើស្មាតហ្វូនថ្នាក់ប្រណិតជាច្រើនស៊េរីនៅពេលខាងមុខនេះ។ ដូចនេះ ការប្រើប្រាស់បន្ទះឈីបនេះ នៅលើស្មាតហ្វូន Nokia 9 នេះមិនមែនជារឿងដែលគួរឱ្យភ្ញាក់ផ្អើលនោះដែរ ហើយការប្រើប្រាស់កាមេរ៉ាចំនួន 5 គ្រាប់ ក៏ប្រហែលជាបានជ្រើសរើសប្រើប្រាស់នូវបច្ចេកវិទ្យា Carl Zeiss lenses ដែលមានទំហំមេហ្កាភិចសែលធំថែមទៀតផង។ មានការព្យាករណ៍ថា ស្មាតហ្វូនស៊េរីថ្មីជាច្រើនស៊េរីរបស់ក្រុមហ៊ុន NOKIA នឹងប្រកាសបង្ហាញវត្តមាននៅក្នុង MWC 2018 នៅចុងខែកុម្ភៈខាងមុខនេះហើយ៕