អ្នកណាខ្លះហ្វែនរបស់ស្មាតហ្វូនត្រកូល Galaxy Note របស់ Samsung? ចឹងឆ្នាំនេះត្រៀមលុយខ្ទង់មួយខ្ទាស់ជាងអោយហើយទៅព្រោះថាតម្លៃរបស់ Note ជំនាន់ថ្មីឆ្នាំនេះរាងខ្ពស់ជាង Note ឆ្នាំមុនបន្តិចហើយ។ យោងទៅលើព័ត៌មានផ្លូវការណ៍ក្រុមហ៊ុន Samsung នឹងដាក់សម្ពោធផ្លូវការណ៍កំពូលស្មាតហ្វូនជំនាន់ថ្មី Galaxy Note 10 Series នៅថ្ងៃទី 07 ក្នុងខែសីហាខាងមុខនេះ។
បើតាមរយះក្រុមអ្នកវិភាគឧស្សាហ៍កម្មមួយបានបង្ហើបអោយដឹងនាពេលថ្មីៗនេះថា “Samsung Galaxy Note 10 នឹងចេញលក់ក្នុងទីផ្សារទ្វីបអឺរ៉ុបជាមួយតម្លៃខ្ទង់ €999 អឺរ៉ូ ឬប្រហែល $1,125 អាមេរិកសម្រាប់ Note 10 និងតម្លៃខ្ទង់ €1,149 អឺរ៉ូ ឬប្រហែល $1,295 អាមេរិកសម្រាប់ម៉ូដែល Note 10+ ហើយម៉ូដែលទាំងពីរនេះនឹងមានទំហំផ្ទុកក្នុងម៉ាស៊ីនស្រាប់ចាប់ពី 256GB ឡើងទៅដូចគ្នា។ យ៉ាងណាមិញតម្លៃនៃទូរស័ព្ទជំនាន់ថ្មីទាំងនេះអាចខុសគ្នាពីតំបន់មួយទៅតំបន់មួយ ហើយវាក៏អាស្រ័យទៅលើការបញ្ចុះតម្លៃ និងកិច្ចព្រមព្រៀងផ្សេងៗទៀតដែលផ្តល់ដោយអ្នកលក់រាយតាមនឹងដែរ។
ក្រុមហ៊ុន Samsung មិនបានបញ្ចេញព័ត៌មានជាច្រើនទាក់ទងនឹង Note10 របស់ខ្លួននោះទេ ប៉ុន្តែក្រុមហ៊ុនបានបង្ហើបថា Note10 និង Note10 + មានរូបរាងរចនាប្រហាក់ប្រហែលគ្នាលើកលែងតែទំហំអេក្រង់ ទំហំថ្ម និងកាមេរ៉ាក្រោយប៉ុណ្ណោះដែលខុសគ្នា។ ចំនែករបាយការណ៍ផ្សេងៗទៀតបាននិយាយថា “កំពូលស្មាតហ្វូនជំនាន់ថ្មី Galaxy Note 10 នឹងបំបាត់ចោលរន្ធដោតកាសខ្នាត 3.5mm Headphone Jack និងប៊ូតុង Bixby ដែលនៅលើគែមចំហៀងខាងឆ្វេង រីឯប៊ូតុងបិទបើកទូរស័ព្ទនឹងប្តូរមកនៅចំហៀងខាងឆ្វេងក្រោមប៊ូតុងឡើងចុះសំឡេងវិញ”។
ដូចនេះសរុបជារួមមកវិញយើងនៅមានពេលប្រមាណជាជាង 3 សប្តាហ៍ទៀតសម្រាប់ព័ត៌មានដែលនឹងបន្តបែកធ្លាយនិយាយពីផ្នែក និងលក្ខណះសម្បត្តិផ្សេងៗទៀតពីកំពូលស្មាតហ្វូនស្រឡាយ Note ជំនាន់ថ្មីរបស់ Samsung ទម្រាំដល់ថ្ងៃដែលពួកវាត្រូវបានក្រុមហ៊ុនធ្វើការប្រកាសចេញជាផ្លូវការណ៍នៅខែក្រោយនេះ៕