Honor V40 Series ត្រូវបានរបាយការណ៍ថ្មីមួយបញ្ជាក់ថា នឹងក្លាយជាទូរស័ព្ទដំបូងគេដែលអាចដំណើរការជាមួយសេវាកម្ម Google Mobile Service ឡើងវិញ

ក្រុមហ៊ុន Honor ត្រៀមបញ្ចេញស្មាតហ្វូនជំនាន់ថ្មីដំបូងរបស់ខ្លួននៅថ្ងៃទី 22 ខែមករានេះ ក្រោយពីក្លាយជាក្រុមហ៊ុនទូរស័ព្ទឯករាជបន្ទាប់ពីបែកដំបូលផ្ទះជាមួយ Huawei។ ហើយស្មាតហ្វូនជំនាន់ថ្មីដែលក្រុមហ៊ុនចិនមួយនេះត្រៀមដាក់ចេញនៅលើទីផ្សារឆាប់ៗនេះត្រូវបានគេដឹងថាជាម៉ូដែល Honor V40 5G។ នាពេលកន្លងមក Honor V40 5G នឹងត្រូវប្រកាសចេញនាថ្ងៃច័ន្ទ ទី 18 ខែមករា ឯណោះទេ ប៉ុន្តែ Honor បានប្រកាសពន្យាពេល និងត្រូវរងចាំដល់ថ្ងៃទី 22 ខែមករា វិញ។ ចំពោះមូលហេតុនោះគឺថា Honor ត្រូវការរៀបចំទីកន្លែង និងពេលវេលាសមស្របមួយ បូករួមនឹងបញ្ហាបន្តិចបន្ទួចលើសង្វាក់ផលិតកម្មរបស់ខ្លួន ដែលជាដើមហេតុនៃការពន្យាពេលបែបនេះ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ប៉ុន្តែ បើតាមប្រភពចេញពីបណ្តាញសារព័ត៌មានរុស្ស៊ី Lenta RU ដែលបានចេញផ្សាយថ្មីៗនេះបានបង្ហើបអោយដឹងថា ការពន្យាពេលរបស់ Honor ក្នុងការប្រកាសចេញស្មាតហ្វូន V40 5G របស់ខ្លួនដូច្នេះ ព្រោះក្រុមហ៊ុនចង់ដាក់ចេញនូវស្មាតហ្វូនជំនាន់ថ្មីនេះដោយភ្ជាប់ជាមួយសេវាកម្ម Google Mobile Service ចេញពីប្រអប់តែម្តង។ ដូចដែលយើងបានដឹងរួចហើយថា កាលនៅជ្រកក្រោមដំបូលផ្ទះជាមួយនឹង Huawei ទូរស័ព្ទស៊េរីថ្មីម៉ាក Honor ទាំងអស់ គឺមិនអាចដំណើរការជាមួយ Google Mobile Service ទេ ដោយសារតែ Huawei ដែលជាអតិតក្រុមហ៊ុនមេរបស់ Honor ត្រូវបានសហរដ្ឋអាមេរិកដាក់ចូលក្នុង Entry-List កាលពីខែ ឧសភា ឆ្នាំ 2019 ដោយបានហាមឃាត់រាល់ផលិតផលរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនមួយនេះមិនអោយប្រើសេវាកម្ម Google Mobile Service ក៏ដូចជាបញ្ឈប់អាជីវកម្ម ពាណិជ្ជកម្មរបស់ Huawei ជាមួយក្រុមហ៊ុនបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិចទាំងអស់។ 

 

យ៉ាងណាមិញក្រោយពី Honor បានក្រោយជាស្លាកយីហោស្មាតហ្វូនឯករាជបន្ទាប់ពី Huawei បានលក់ទៅអោយក្រុមហ៊ុនផ្សេងកាលពីកំឡុងឆ្នាំ 2020 រួមមក ក្រុមហ៊ុននេះត្រូវបានគេព្យាករណ៍ថា នឹងអាចរួចខ្លួនពីការដាក់ចូលក្នុងបញ្ចីខ្មៅរបស់អាមេរិក ហើយស្មាតហ្វូនរបស់ Honor នឹងអាចប្រើប្រាស់សេវាកម្ម Google Mobile Service ដូចធម្មតាឡើងវិញ។  Honor V40 5G នឹងត្រូវប្រកាសចេញនៅទីផ្សារប្រទេសចិននាថ្ងៃទី 22 ខែមករា ឆ្នាំ 2021 ហើយបើតាមផ្ទាំងផ្សព្វផ្សាយរបស់ Honor ផ្ទាល់បានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មីនេះនឹងត្រូវនាំយកទៅប្រកាសចេញលក់នៅទីផ្សារលោកខាងលិចផងដែរក្រោមស្លាកឈ្មោះថ្មីថា “Honor V40 View” រីនៅទីផ្សារប្រទេសចិននឹងប្រកាសចេញលក់នៅថ្ងៃទី 22 ខែមករា តែម្តង។ Honor V40 5G ត្រូវបានគេដឹងថាបំពាក់នូវអេក្រង់ OLED កម្រិត 120Hz ទំហំ 6.72 អ៊ីញ និងប្រើប្រាស់បន្ទះឈីបកំពូលរបស់ MediaTek ស៊េរី Dimensity 1000+។ 

ស្មាតហ្វូនជំនាន់ថ្មីនេះក៏នឹងមានប្រព័ន្ធកាមេរ៉ាក្រោយចំនួន 4 គ្រាប់ដែលមានលែនគោលទំហំ 50MP ទ្រទ្រង់នូវបច្ចេកវិទ្យាសាកថ្មល្បឿនលឿនតាមរយះខែ្សចម្លង USB-C កំលាំង 66W និងតាមរយះ Wireless Charge កំលាំង 55W ថែមទៀតផង។ ហើយប្រសិនបើ Honor V40 5G ពិតជាអាចដំណើរការជាមួយនឹង Google Mobile Service ពិតមែននោះ ស្មាតហ្វូនជំនាន់ថ្មីនេះនឹងក្លាយជាគូប្រជែងទីផ្សារជាថ្មីជាមួយនឹងស្លាកយីហោ realme, Redmi និង POCO ដែលកំពុងតែមានទីផ្សារល្អខ្លាំង ក្រោយពីស្លាកយីហោស្មាតហ្វូនទាំងបីនេះមានភាពឯករាជលើទីផ្សារអស់រយះពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោយពីស្លាកយីហោ Honor មិនអាចវាយលុកទីផ្សារបាន ព្រោះមិនមាន Google Mobile Service៕

 

ព័ត៌មានពាណិជ្ជកម្ម