ដូចអ្វីដែលបានរំពឹងទុក ដោយនៅទីបំផុតក្រុមហ៊ុន Nubia បានបញ្ចេញកំពូលស្មាតហ្វូនហ្គេមជំនាន់ថ្មី Red Magic 8 Pro ជាផ្លូវការណ៍ហើយនៅទីផ្សារប្រទេសចិន។ កំពូលស្មាតហ្វូនហ្គេមជំនាន់ថ្មីនេះមានជម្រើសពីរម៉ូដែល គឺ Red Magic 8 Pro និង Red Magic 8 Pro+។
កំពូលស្មាតហ្វូនជំនាន់ថ្មីនេះ គឺនៅតែរក្សាអត្តសញ្ញាណនៃការរចនាបែបស្មាតហ្វូនហ្គេមដូចជំនាន់មុនដដែល ប៉ុន្តែ មានភាពស្រស់ស្អាត និងមើលទៅកាន់តែកាច់ជាងមុន។ ដោយនៅលើផ្ទៃខ្នងខាងក្រោយរបស់កំពូលស្មាតហ្វូនហ្គេមជំនាន់ថ្មីនេះ នៅតែមានបំពាក់មកជាមួយប្រព័ន្ធកង្ហាលដើម្បីជំនួយក្នុងការបន្សាបកំដៅម៉ាស៊ីនរួមជាមួយប្រព័ន្ធសារធាតុត្រជាក់ដូចមុនដដែល។ នៅលើផ្ទៃខ្នងខាងក្រោយយើងក៏ទទួលបានលែនកាមេរ៉ាបីគ្រាប់ដែលតំរៀបបញ្ឈរកណ្តាលតួរផងដែរ។
លើសពីនេះទៅទៀត Nubia ក៏ផ្តល់នូវជម្រើសពិសេសដែលមានផ្ទៃខ្នងខាងក្រោយថ្លា Transparent back panel ថែមផង។ ជាងនេះទៅទៀតយើងក៏ឃើញមានផ្ទៃ VC Coolings ធំជាងមុនឡើងដល់ 2068mm³ ព្រមទាំងមានភ្លើង RGB នៅលើប្រព័ន្ធកង្ហាលថែមទៀតផង។ ហើយនៅលើស្មាតហ្វូនហ្គេមជំនាន់ថ្មីនេះ គឺមានប៊ូតុងបញ្ជាហ្គេម Shoulder Key ដែលមានល្បឿន 520Hz ព្រមទាំងមានរន្ធដោតកាសខ្នាត 3.5mm ផងដែរ។
ចូលមកផ្នែកម៉ាស៊ីនវិញ Red Magic 8 Pro Series គឺជាកំពូលស្មាតហ្វូនដំបូងគេក្នុងលោកដែលបានភ្លក់រសជាតិកំពូលឈីប Snapdragon 8 Gen 2។ កំពូលស្មាតហ្វូនហ្គេមជំនាន់ថ្មីនេះមានជម្រើសរ៉េមទំហំ 12GB និងម៉េមូរី 256GB នៅលើម៉ូដែល 8 Pro ខណៈម៉ូដែល 8 Pro+ មានជម្រើសរ៉េមទំហំ 16GB និងម៉េមូរីទំហំដល់ 1TB។ ស្មាតហ្វូនហ្គេមជំនាន់ថ្មីនេះមានអេក្រង់លាតសន្ទឹងពេញដល់គែមតែម្តងជាមួយទំហំ 6.8 អ៊ីញជាប្រភេទបន្ទះអេក្រង់ OLED Display 120Hz និងមានផ្ទៃបង្ហាញចេញសរុប 97.3% ធៀបនឹងខ្លួនរបស់វា។ Red Magic 8 Pro Series មានភ្ជាប់មកជាមួយប្រព័ន្ធ Speaker បំពងសំឡេងជាប្រភេទ ultra linear dual stereo speakers គាំទ្របច្ចេកវិទ្យាសំឡេង Snapdragon Sound 96kHz lossless audio និង 48ms low latency។
Red Magic 8 Pro មានថ្មទំហំធំដល់ 6,000mAh និងគាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកំលាំង 80W Wired Fast Charging ដោយក្រុមហ៊ុនអះអាងថា ការសាកភ្លើងមួយពេញម្តងអាចកាន់បានដល់ 47 ម៉ោង។ ចំនែកនៅលើម៉ូដែល Red Magic 8 Pro+ គឺមានថ្មទំហំ 5,000mAh និងគាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកំលាំង 165W Wired SuperFast Charging ដោយក្រុមហ៊ុនបញ្ជាក់ថា ការសាកថ្មពី 0% ទៅ 100% ចំនាយពេលត្រឹមតែ 14 នាទីប៉ុណ្ណោះ។ កំពូលស្មាតហ្វូនហ្គេមជំនាន់ថ្មីនេះ បានដំឡើងមកជាមួយ Red MagicOS 6.0 ដែលគាំទ្រដោយ Android 13 ចេញពីប្រអប់។
សម្រាប់លែនកាមេរ៉ាខាងក្រោយទាំងបីគ្រាប់របស់ Red Magic 8 Pro Series គឺមានភ្ជាប់ជាមួយសែនស័រមេទំហំ 50MP រួមជាមួយ Ultrawide ទំហំ 8MP និង Macro Sensor។ ហើយ Red Magic 8 Pro Series គឺជាកំពូលស្មាតហ្វូនហ្គេមដំបូងគេក្នុងលោកដែលបានប្រើបច្ចេកវិទ្យាកាមេរ៉ាបង្កប់ក្រោមអេក្រង់ដោយមានទំហំ 8MP។ Red Magic 8 Pro Series នឹងមានចេញដាក់លក់នៅលើទីផ្សារប្រទេសចិននៅថ្ងៃទី 28 ខែធ្នូ ឆ្នាំ 2022 ហើយក្រុមហ៊ុនក៏បានបើកដាក់ឲ្យធ្វើការបញ្ជាទិញចាប់ពីថ្ងៃនេះទៅផងដែរ។ សម្រាប់តម្លៃ៖
Red Magic 8 Pro ដែលមានទំហំ 8GB+128GB តម្លៃប្រហែល $575, 8GB + 256GB តម្លៃប្រហែល $632, 12GB + 256GB តម្លៃប្រហែល $689 និង Deuterium Transparent Edition 12GB + 256GB តម្លៃប្រហែល $718។
Red Magic 8 Pro+ ដែលមានទំហំ 12GB+256GB តម្លៃប្រហែល $747, 16GB + 512GB តម្លៃប្រហែល $833 និង Deuterium Transparent Edition 12GB+256GB តម្លៃប្រហែល $775 ហើយនិង Deuterium Transparent Edition 16GB + 512GB តម្លៃប្រហែល $862 ខណៈដែល Deuterium Transparent Edition 16GB + 1TB តម្លៃប្រហែល $1,005។