no-alternative title
no-alternative title

Dell Alienware Aurora R15 កុំព្យូទ័រហ្គេមីងដំបូងគេដែលដំឡើងជាមួយអង្គគណនា Intel 13th Gen និងអង្គក្រាហ្វិច Nvidia RTX40 Series ជំនាន់ចុងក្រោយបំផុត

ក្រុមហ៊ុន Intel ទើបតែបានប្រកាសចេញអង្គ CPU កុំព្យូទ័រជំនាន់ចុងក្រោយរបស់ខ្លួន គឺ Intel 13th Generation Core Processor ដែលមានលេខកូដសំគាល់ថា Raptor Lake។ ក្រោយពីការបង្ហាញវត្តមាន Intel 13th Gen Series ជាផ្លូវការណ៍ក៏មានក្រុមហ៊ុនម៉ាកកុំព្យូទ័រល្បីៗជាច្រើនបានប្រកាសថាខ្លួននឹងបង្ហាញចេញម៉ាស៊ីនកុំព្យូទ័រជំនាន់ថ្មីរបស់ពួកគេដែលបំពាក់អង្គ CPU ជំនាន់ចុងក្រោយមួយនេះ។ មិនខុសទេ ក្រុមហ៊ុនផលិតកុំព្យូទ័រម៉ាក Dell របស់អាមេរិក ទើបតែបានប្រកាសចេញម៉ាស៊ីនកុំព្យូទ័រហ្គេមីងជំនាន់ថ្មីរបស់ខ្លួនម៉ាក Dell Alienware Aurora R15 ដែលបំពាក់មកជាមួយអង្គ CPU Intel Raptor Lake ជំនាន់ចុងក្រោយនេះផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

Dell Alienware Aurora R15 គឺជាកុំព្យូទ័រ  Desktop Gaming ដំបូងគេ ដែលបានដំឡើងមកជាមួយអង្គ CPU ជំនាន់ទី 13 ចុងក្រោយរបស់ Intel រួមនឹងអង្គក្រាហ្វិចជំនាន់ថ្មីចុងក្រោយ RTX40-Series របស់ក្រុមហ៊ុន NVIDIA។ Alienware Aurora R15 ត្រូវបានដំឡើងមកជាមួយ Intel-core i9-13900K ដែលមានចំនួន 24-core, 68MB Cache និងមានល្បឿន Overclock ឬ Boost Speed ដល់ទៅ 5.8GHz។ Desktop Gaming ជំនាន់ថ្មីនេះ ក៏នឹងបំពាក់មកជាមួយអង្គក្រាហ្វិចជំនាន់ចុងក្រោយរបស់ Nvidia គឺ RTX4090 ជាមួយទំហំ 24GB GDDDR6X។ ជាងនេះទៅទៀត Dell ក៏ផ្តល់នូវជម្រើសម៉ាស៊ីន Alienware Aurora R15 ដែលបំពាក់អង្គ GPU របស់ AMD ស៊េរី Radeon RX6900XT ជាមួយ 16GB GDDR6 ផងដែរ។ ម៉ាស៊ីនកុំព្យូទ័រហ្គេមីងជំនាន់ថ្មីនេះ មានរ៉េមទំហំ 64GB ប្រភេទ DDR5-4800MT/s និងមានថាសរឹងផ្ទុកឯកសារចំនួនពីរទំហំធំដល់ទៅ 6TB ដោយមួយជាប្រភេទ NVMe SSD និងមួយទៀតជាប្រភេទ SATA SSD។

ក្រៅតែពីការដំឡើងមកជាមួយផ្នែករឹងខ្លាំងៗជំនាន់ថ្មីចុងក្រោយទៅ នៅក្នុងប្រព័ន្ធម៉ាស៊ីនរបស់ Dell Alienware Aurora R15 ក៏មានរៀបចំប្រព័ន្ធសារធាតុត្រជាក់ល្អប្រសើរជាងមុនផងដែរ។ ជាមួយគ្នានេះ Dell ក៏បានដំឡើងនូវប្រព័ន្ធកង្ហាលខ្នាត 120mm ចំនួន 5 រួមនិងប្រព័ន្ធសារធាតុត្រជាក់ Liquid Cooling System ខ្នាត 240mm radiator បន្ថែមទៀត។ ចំពោះធុង CPU ត្រូវបានធ្វើការឌីស្សាញថ្មីដែលផ្តល់ឲ្យលំហូរខ្យល់ចេញចូលបានល្អប្រសើរជាងមុនប្រមាណ 19%។ Alienware បញ្ជាក់ថា សម្រាប់កិច្ចការងារដែលផ្តោតទៅលើការប្រើប្រាស់អង្គ CPU គឺមានដំណើរការស្ងាត់ជាងមុនដល់ទៅ 66% ហើយសម្រាប់កិច្ចការងារដែលប្រើលើអង្គ GPU ច្រើន គឺមានដំណើរការស្ងាត់ជាងមុន 9%។

កុំព្យូទ័រ Desktop Gaming ជំនាន់ថ្មីរបស់ Alienware គឺទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីសុវត្ថិភាពទៅលើការប្រើប្រាស់ភ្លើង 80 Plus Platinum certified ដែលអាចគាំទ្រកំលាំងភ្លើងបានដល់ 750W និង 1350W ដែលនេះ គឺជាកំលាំងថាមពលភ្លើងដែលត្រូវការប្រើសម្រាប់អង្គ CPU Intel 13th Gen Raptor Lake និងអង្គ GPU Nvidia RTX40-Series ដើម្បីដំណើរការទទួលបានប្រសិទ្ធិភាពខ្ពស់។ Dell Alienware Aurora R15 ត្រូវបានគេធ្វើការព្យាករណ៍ថា អាចនឹងមានចេញដាក់លក់ផ្លូវការណ៍នៅចុងរដូងស្លឹកឈើជ្រុះឆ្នាំនេះ។ ដោយឡែកសម្រាប់តម្លៃមិនទាន់ត្រូវបានគេបង្ហើបឲ្យដឹងនៅឡើយទេ ប៉ុន្តែ បើផ្អែកទៅលើផ្នែករឹងដែលបានដំឡើងមកនេះ គឺតម្លៃរបស់ Desktop Gaming ស៊េរីថ្មីនេះ ច្បាស់ជាងមិនទាបឡើយ៕

 

ព័ត៌មានពាណិជ្ជកម្ម