ក្រុមហ៊ុន Google Inc បានបញ្ចេញប្រតិបត្តិការ Android Go Edition ដំបូងសម្រាប់ស្មាតហ្វូនថ្នាក់ទាបនៅអំឡុងឆ្នាំ 2017។ ហើយក្នុងរយះពេលជាច្រើនឆ្នាំមកនេះ Google បានបញ្ចេញជំនាន់ថ្មីបន្តបន្ទាប់មិនខុសពីជំនាន់ Android ស្តង់ដារទូទៅឡើយ ដោយឡែកក្នុងឆ្នាំ 2022 នេះក្រុមហ៊ុនបណ្តាញរុករកលើប្រព័ន្ធ Internet ខ្នាតយក្សលំដាប់ជួរមុខក្នុងពិភពលោកមួយនេះក៏បានប្រកាសចេញជំនាន់ចុងក្រោយ គឺ Android 13 Go Edition។
ជាមួយប្រតិបត្តិការ Go Edition ជំនាន់ចុងក្រោយនេះ គឺមានភ្ជាប់មកជាមួយមុខងារថ្មីៗដែលមាននៅលើ Android 13 ស្តង់ដារផងដែរ។ ដោយមុខងារពិសេសមួយក្នុងចំនោមមុខងារថ្មីៗដែល Android 13 Go Edition ទទួលបាននោះ គឺ Material You Design ដែលអាចឲ្យអ្នកប្រើប្រាស់ធ្វើការផ្លាស់ប្តូរពណ៌ពីក្នុងរូបភាពតាំងអេក្រង់ Wallpaper ដើម្បីប្រើនៅលើ System Color របស់ស្មាតហ្វូនបាន។ ដោយអ្នកប្រើអាចធ្វើការជ្រើសរើសពណ៌បានចំនួន 4 (four color schemes) ចេញពីចំនួន 16 ដែលមាននៅលើ Android 13។ បន្ថែមពីនេះ Google ក៏បាននាំយកមកនូវមុខងារពិសេសផ្សេងទៀតដែលមាននៅលើ Android 13 មកដាក់បញ្ចូលនៅលើ Android 13 Go Edition ផងដែរ ក្នុងនោះមានមុខងារ Notification permission និងPer-app language controls ជាដើម។
ជាមួយគ្នានេះនៅលើ Android 13 Go Edition ក៏ទទួលបានការដាក់ឲ្យធ្វើកំណែ Updated នៅលើប្រព័ន្ធ Android Play System updates ដូចនៅលើ Android 13 ស្តង់ដារថែមទៀតផង។ បន្ថែមពីនេះ Google ក៏នាំយកមុខងារ Discover Home Screen មកដាក់នៅលើ Android Go Edition ជាលើកដំបូងផងដែរ។ បើតាមការបញ្ជាក់ពី Google តាមរយះ Developer post បានឲ្យដឹងថា Android 13 Go Edition នេះ គឺអាចដំឡើងបានដំបូងនៅលើឧបករណ៍ដែលមានរ៉េមទំហំ 1GB ទៅ 2GB ប៉ុន្តែ កាលពីខែមុននេះមានការប្រកាសជាថ្មីថា ប្រតិបត្តិការថ្មីនេះ គឺទាមទារឲ្យមានអង្គផ្ទុកក្នុងម៉ាស៊ីនរបស់ឧបករណ៍ទំហំ 16GB ជំនូសឲ្យទំហំ 8GB៕