ក្រុមហ៊ុន LG Electronics បានបង្ហាញចេញស្រឡាយម៉ូនីទ័រហ្គេម UltraGear OLED Gaming Monitor ដែលម៉ូនីទ័រថ្មីៗនេះ ក្រុមហ៊ុនត្រៀមនាំយកទៅដាក់បង្ហាញនៅក្នុងព្រឹត្តិការណ៍ពិពរណ៌ប្រចាំឆ្នាំ CES2024 ខាងមុខនេះ។ ក្នុងចំនោមម៉ូនីទ័រស៊េរីថ្មីៗនោះ ក៏មានម៉ូនីទ័រម៉ូដែលពិសេសមួយដែលមានលេខកូដម៉ូដែល 32GS95UE ដោយម៉ូនីទ័រមួយនេះ គឺបានបំពាក់នូវបច្ចេកវិទ្យាអេក្រង់ OLED Display ទំហំ 32 អ៊ីង ហើយក៏ជាម៉ូនីទ័រដំបូងគេក្នុងលោកដែលគាំទ្រមុខងារ Dual-Hz ថែមទៀតផង។
មិនខុសទេ គឺ Dual-Hz… ដោយមុខងារថ្មីនេះ គឺអនុញ្ញាតិឲ្យអ្នកប្រើអាចកម្រិតទំហំ resolution របស់អេក្រង់បានពីកម្រិត និងពីរល្បឿន refresh rate។ ដោយម៉ូនីទ័រថ្មីនេះ អាចគាំទ្រកម្រិតល្បឿន refresh rate 240Hz ជាមួយកម្រិតបង្ហាញ 4K (3840x2160px) និង 480Hz ជាមួយកម្រិតបង្ហាញ Full-HD (1920x1080px)។ អ្នកប្រើប្រាស់មានភាពងាយស្រួលក្នុងការឆ្លាតប្តូរកម្រិតល្បឿន refresh rate និងកម្រិតភាពច្បាស់តាមរយះការចុចនៅលើ Hotkey ឬ Joystick នៅលើម៉ូនីទ័រផ្ទាល់តែម្តង។ ហើយការផ្លាស់ប្តូរល្បឿនអេក្រង់ គឺបានបង្ហាញនៅលើផ្នែកខាងលើអេក្រង់តែម្តងដោយអាចឲ្យយើងដឹងច្បាស់ថាអេក្រង់ម៉ូនីទ័រកំពុងដំណើរការជាមួយល្បឿន 4K-240Hz និង 1080px-480Hz។ ទោះបីជា អេក្រង់របស់ LG-32GS95UE កំណត់ការបង្ហាញដល់ 240Hz ជាមួយកម្រិត 4K ក៏ពិតមែន ប៉ុន្តែ វាក៏អាចគាំទ្រការបង្ហាញពេញដល់ 480Hz ក្នុងកម្រិត 4K បានផងដែរ។
បន្ថែមពីនេះបច្ចេកវិទ្យាអេក្រង់ OLED Display របស់ម៉ូនីទ័រស៊េរីថ្មីរបស់ LG ក៏មានគាំទ្រប្រព័ន្ធបច្ចេកវិទ្យាចាក់ទឹកពណ៌កម្រិតស្តង់ដារ DCI-P3 98.5%, មានល្បឿន response time 0.03ms GtG, DisplayHDR True Black 400 support, និងមានរន្ធ HDMI 2.1 ចំនួនពីរសម្រាបការតភ្ជាប់។ ប៉ុន្តែ សម្រាប់រន្ធ DisplayPort វិញ គឺប្រើត្រឹមស្តង់ដារ 1.4 ប៉ុណ្ណោះ មិនដល់ស្តង់ដារ 2.1 នោះទេ ដូចនេះ វាអាចនឹងមានភាពយឺតយ៉ាវបន្តិចក្នុងការដំណើរការបង្ហាញគុណភាពរូបភាពពេញលិញនៅលើអេក្រង់ Display Stream Compression (DSC) និងកម្រិតល្បឿន refresh rate ពេញលិញនៅលើរបស់អេក្រង់។
ម៉ូនីទ័រស៊េរីថ្មីនេះ ក៏គាំទ្រប្រព័ន្ធបំពង់សំឡេងជាមួយមុខងារ Dual Woofers ដោយប្រព័ន្ធ Speaker របស់វាត្រូវបានបង្កប់ផ្ទាល់នៅក្រោមបន្ទះអេក្រង់ OLED តែម្តង ដែល LG បានហៅថា Pixel Sound technology ហើយប្រព័ន្ធ Speaker នេះ ក៏គាំទ្របច្ចេកវិទ្យាសំឡេង DTS Virtual:X ព្រមទាំងមានរន្ធដោតកាសថែមទៀតផង។ ក្រៅពីម៉ូនីទ័រអេក្រង់ OLED Display Dual-Hz នេះទៅ LG Electronics ក៏មានការដាក់បង្ហាញចេញនៅម៉ូនីទ័រ OLED ជាច្រើនទៀតដូចជា ម៉ូដែល 34GS95QE និង 39GS95QE ដែលមានអេក្រង់ទំហំ 34-inch និង 39-inch ដែលជាប្រភេទអេក្រង់កោងកម្រិត 800R Curvature គាំទ្រកម្រិតបង្ហាញ 3440x1440px ជាមួយល្បឿន refresh rate 240Hz។
ម៉ូដែល 45GS95QE និង 45GS96QB ដែលមានអេក្រង់ទំហំ 45-inch Curved OLED Display គាំកម្រិតបង្ហាញ 3440x1440px ល្បឿន 240Hz ហើយម៉ូដែល 45GS96QB មានភ្ជាប់ជាមួយប្រព័ន្ធ Speaker និងកំលាំងសាកភ្លើង USB-C 65W។ ជាចុងក្រោយមានម៉ូដែល 27GS95QE ដែលមានអេក្រង់ទំហំ 27-inch ជាប្រភេទ OLED Flat-panel គាំទ្រកម្រិតបង្ហាញ 2560x1440 ជាមួយល្បឿន 240Hz។ ចំពោះតម្លៃ និងកាលបរិច្ឆេទចេញលក់ម៉ូនីទ័រ OLED ស៊េរីថ្មីទាំងអស់នេះ LG អាចនឹងប្រាប់នៅក្នុងថ្ងៃព្រឹត្តិការណ៍ CES2024៕