ក្រុមហ៊ុន Samsung ត្រូវបានគេរាយការណ៍ថា នឹងធ្វើការកែប្រែការឌីស្សាញនៅលើស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មីជាមួយនឹងរូបរាងដែលមានកម្រាស់ស្តើងជាង និងទំងន់ស្រាលជាងមុន ជាមួយនឹងការប្រើប្រាស់តួរជាប្រភេទ Titanium។ តាមរយះរបាយការណ៍ថ្មីចុងក្រោយនេះបានបញ្ជាក់ថា ស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មី Galaxy Z Fold 7 និងស្មាតហ្វូនអេក្រង់បត់បីបត់ Galaxy Tri-Fold ដំបូង នឹងប្រើប្រាស់តួរជាប្រភេទលោហៈធាតុ Titanium ដែលធ្វើឲ្យមានភាពធន់ក្នុងការប្រើប្រាស់ ហើយនឹងធ្វើឲ្យការឌីស្សាញមានកម្រាស់ស្តើងស្លីមអាចប្រគូតប្រជែងជាមួយនឹងស្មាតហ្វូនអេក្រង់បត់របស់ក្រុមហ៊ុនផលិតក្នុងប្រទេសចិន។
Samsung ត្រូវបានគេទទួលស្គាល់មានបទពិសោធន៍ក្នុងការប្រើប្រាស់លោហៈធាតុ Titanium សម្រាប់ការឌីស្សាញផលិតផលស្មាតហ្វូនរបស់ខ្លួនរួចហើយ មានជាអាថ៌នៅវត្តមានរបស់ម៉ូដែល Galaxy Z Fold Special Edition ដែលចេញលក់ផ្តាច់មុខនៅទីផ្សារប្រទេសកូរ៉េខាងត្បូង ដែលប្រើប្រាស់តួរជាប្រភេទ Titanium backplate។
ក្រុមហ៊ុនក៏នឹងប្រើការឌីស្សាញរបស់ Galaxy Z Fold Special Edition នៅលើម៉ូដែល Galaxy Z Fold 7 និង Galaxy Tri-fold ដែលត្រៀមបង្ហាញវត្តមានឆាប់ៗខាងមុខនេះផងដែរ។ ហើយសម្រាប់កំពូលស្មាតហ្វូន Galaxy S25 Ultra បច្ចុប្បន្ន គឺមានស៊ុមជាប្រភេទ Titanium Frame។
ជាមួយការប្រើប្រាស់តួរជាប្រភេទ Titanium backplate សម្រាប់ស្មាតហ្វូនអេក្រង់បត់ គឺផ្តល់នូវភាពធន់ក្នុងការភ្ជាប់ជាមួយគន្លឹះត្រចៀកបត់ (Hinge) និងភាពបត់បែនយ៉ាងមានប្រសិទ្ធិភាពនៃបន្ទះអេក្រង់បត់។ បច្ចុប្បន្ននេះ Samsung បានប្រើនូវតួរជាប្រភេទ Stainless Steel backplates សម្រាប់ការឌីស្សាញស្មាតហ្វូនអេក្រង់បត់របស់ខ្លួន ដែលបានផ្លាស់ប្តូរពីប្រភេទតួរ Carbon fiber backplate ដែលបានប្រើនៅលើ Galaxy Z Fold 3។
តាមការបញ្ជាក់ពី Samsung ការប្រើប្រាស់តួរជាប្រភេទ Titanium backplate គឺផ្តល់នៅភាពធន់ ហើយជួយកាត់បន្ថយទំងន់ និងកម្រាស់របស់ស្មាតហ្វូន។ ទោះជាយ៉ាងណាបើតាមប្រភពពី NitPro បានអះអាងថា ការប្រើប្រាស់ Carbon Fiber សម្រាប់ការឌីស្សាញតួររបស់ស្មាតហ្វូន គឺធ្វើឲ្យស្មាតហ្វូនមានទំងន់ស្រាលជាប្រភេទ Titanium ហើយនិងមានតម្លៃក្នុងផលិតថ្លៃជាងផងដែរ។
បើយោងតាមរបាយការណ៍ដែលបានចេញផ្សាយពីមុន បាននិយាយថា Samsung នឹងមិនមានការប្រើប្រាស់ប៊ិក S-Pen សម្រាប់ Galaxy Z Fold ជំនាន់ថ្មីឡើយ ដោយហេតុផលថា ដើម្បីកាត់បន្ថយកម្រាស់ឲ្យស្តើងជាងមុន ប៉ុន្តែ Samsung នៅតែអនុញ្ញាតិឲ្យមានការគាំទ្រក្នុងការប្រើប្រាស់ជាមួយនឹង S-Pen បានដដែល។
បន្ថែមពីនេះ Samsung ត្រូវបានគេដឹងថា បាននឹងកំពុងធ្វើការអភិវឌ្ឍន៍ផលិតបន្ទះអេក្រង់ OLED ថ្មី សម្រាប់ Galaxy Z Fold 7 និង Tri-Fold ឲ្យគាំទ្រជាមួយការប្រើប្រាស់ប៊ិច ដូច Apple ដែលអនុញ្ញាតិឲ្យប្រើប្រាស់ Pencil នៅលើ iPad ផងដែរ។ យ៉ាងណាមិញ យើងរងចាំតាមដានព័ត៌មានទាំងអស់គ្នាជាបន្តទៀត រហូតដល់ការមកដល់ជាផ្លូវការណ៍របស់ Galaxy Z Fold 7 និង Z Flip 7 ដែលនឹងមកដល់នៅដើមខែកក្តដា ខាងមុខនេះ៕