ស្រោបពេលដែលមានព័ត៌មានជាច្រើនបាននិយាយថា Samsung និង Apple ត្រៀមបញ្ចេញទូរស័ព្ទដែលមានកម្រាស់ដ៏ស្តើងបំផុតមិនធ្លាប់មាន ស្រាប់តែពេលនេះ លេចលឺព័ត៌មានថា ក្រុមហ៊ុនផលិតស្មាតហ្វូន Infinix ក៏បានត្រៀមអាវុធថ្មីដើម្បីប្រជែងជាមួយស្មាតហ្វូនកម្រាស់ស្តើងថ្មីរបស់ Samsung និង Apple ផងដែរ។
បើតាមប្រភពព័ត៌មានថ្មីចុងក្រោយនេះ បាននិយាយថា Infinix ត្រៀមធ្វើការប្រកាសចេញឆាប់ៗនេះនូវស្មាតហ្វូនអេក្រង់កោងដែលមានកម្រាស់ស្តើងជាងគេបំផុតក្នុងពិភពលោកត្រឹម 5.95mm ម៉ូដែល Inifinix Hot 60 Pro+។ ដែលស្មាតហ្វូនស៊េរីថ្មីមួយនេះ គឺមានកម្រាស់ក្រាស់ជាងម៉ូដែល Samsung Galaxy S25 Edge ប្រមាណ 0.15mm តែប៉ុណ្ណោះ។ Galaxy S25 Edge មានកម្រាស់ 5.8mm។
បើតាមការបញ្ជាក់ពី Ice Universe បានឲ្យដឹងថា Infinix Hot 60 Pro+ នឹងក្លាយជាផលិតផលស្មាតហ្វូនអេក្រង់កោងដែលមានកម្រាស់ស្តើងជាងគេបំផុតក្នុងពិភពលោក។ ហើយបើតាមរូបភាពដែលធ្វើការប្រៀបធៀបកម្រាស់របស់ Hot 60 Pro+ ជាមួយ iPhone 14 ដែលមានកម្រាស់ 7.8mm បង្ហាញថា Hote 60 Pro+ ពិតជាមានកម្រាស់ស្តើងស្លីមជាងមែនទែនតែម្តង។ ស្មាតហ្វូនអេក្រង់កោងស៊េរីថ្មីដែលមានកម្រាស់ស្តើងបំផុតរបស់ Infinix មួយនេះ ត្រូវបានគេព្យាករណ៍ថា អាចមានតម្លៃខ្ទង់ក្រោម $500 ដុល្លារ ហើយជាតម្លៃធូរថ្លៃជាង Galaxy S25 Edge របស់ Samsung ដែលតម្លៃខ្ទង់ $1,099.99។
ទោះជាយ៉ាងណាសម្រាប់គុណសម្បត្តិរបស់ Infinix Hot 60 Pro+ ត្រូវបានគេរំពឹងថា ស្ថិតនៅក្នុងលំដាប់ស្មាតហ្វូនកម្រិតថវិកាប៉ុណ្ណោះ ដោយក្រៅតែពីមានកម្រាស់ស្តើងទៅ ស្មាតហ្វូនស៊េរីថ្មីនេះ អាចនឹងបំពាក់ឈីប បន្ទះអេក្រង់ និងប្រព័ន្ធកាមេរ៉ាក្នុងកម្រិតស្មាតហ្វូនលំដាប់ថវិកាប៉ុណ្ណោះ។
ទោះជាយ៉ាងណាដើម្បីធ្វើឲ្យការឌីស្សាញរបស់ Hot 60 Pro+ មានកម្រាស់ស្តើងបាន Infinix នឹងប្រើប្រាស់នូវបច្ចេកវិទ្យាថ្មប្រភេទ silicon-carbon battery tech ព្រោះថាបច្ចេកវិទ្យាថ្មថ្មីនេះ មិនត្រឹមតែជួយឲ្យស្មាតហ្វូនរក្សាកម្រាស់បានស្តើងប៉ុណ្ណោះទេ វាក៏ជួយធ្វើឲ្យថាមពលថ្មកាន់ប្រើបានយូរ និងមានសុវត្ថិភាពខ្ពស់ផងដែរ។ ទោះជាយ៉ាងណា មិនទាន់មានការបញ្ជាក់ពីកាលបរិច្ឆេទនៃការបង្ហាញវត្តមានផ្លូវការណ៍របស់ Infinix Hot 60 Pro+ នៅឡើយទេក្នុងពេលនេះ៕