ក្រុមហ៊ុន OPPO នឹងក្លាយជាក្រុមហ៊ុនម៉ាកយីហោមួយនៅក្នុងចំណោមម៉ាកយីហោជាច្រើនដែលប្រកាសបង្ហាញនូវស្មាតហ្វូន Flagship ជំនាន់ថ្មីរបស់ខ្លួននៅក្នុងប្រទេសចិននាពេលឆាប់ៗនះ។ យោងតាមការអភិវឌ្ឍថ្មីមួយដែលបញ្ចេញពីលោក Zhou Yibao ប្រធានផ្នែកផលិតផលរបស់ក្រុមហ៊ុន OPPO គឺបានបង្ហាញនូវកាលបរិច្ឆេទក្នុងការបង្ហាញនូវស្មាតហ្វូន Find X9 Flagship នេះហើយ។ តាមការបង្ហោះនៅលើ Weibo របស់លោក គឺមានការទម្លាយអំពីផែនការរបស់ក្រុមហ៊ុននេះសម្រាប់ឆមាសទី 2 នៅឆ្នាំនេះ និងឆមាសទី 1 នៅឆ្នាំ 2026 ខាងមុខ។
តាមការបញ្ជាក់របស់លោក Yibao បានអោយដឹងថា ស្មាតហ្វូនជំនាន់ថ្មី OPPO Find X9 និង Find X9 Pro នឹងបង្ហាញខ្លួននៅក្នុងឆមាសទី 2 ឆ្នាំ 2025 នេះ ហើយនឹងបន្តបង្ហាញវត្តមានរបស់ស្មាតហ្វូន Find X9s និង Find X9 Ultra នៅដើមឆ្នាំ 2026 នេះ។ គួរបញ្ជាក់ផងដែរថា សម្រាប់ស្មាតហ្វូន Find X8 series បង្ហាញខ្លួនកន្លងមក គឺមាន 5 ម៉ូដែល ដោយស្មាតហ្វូន X8 និង X8 Pro បង្ហាញខ្លួននៅក្នុងខែតុលាឆ្នាំ 2024 នោះ ហើយនិងស្មាតហ្វូន X8s, X8s+ និង X8 Ultra បានបន្តបង្ហាញចេញនៅខែមីនាឆ្នាំនេះ។
តាមព័ត៌មានបែកធ្លាយថ្មីនេះ គឺមានការបញ្ជាក់ថា ស្មាតហ្វូន Find X9 និង X9 Pro នឹងប្រើប្រាស់នូវបន្ទះឈីប MediaTek Dimensity 9500 ជំនាន់ថ្មី ខណៈពេលដែលស្មាតហ្វូន Find X9s នឹងប្រើប្រាស់នូវបន្ទះឈីប Dimensity 9500+។ ស្មាតហ្វូន Ultra វិញ នឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite 2 របស់ក្រុមហ៊ុន Qualcomm។ ស្មាតហ្វូនទាំង 4 នេះ នឹងប្រើប្រាស់នូវ Periscope Telephoto lens ខណៈពេលដែលស្មាតហ្វូន Ultra នឹងប្រើប្រាស់នូវកាមេរ៉ា dual periscope ដើម្បីពង្រឹងទៅលើសមត្ថភាពនៃការ zoom របស់វា។
ស្មាតហ្វូនជំនាន់ថ្មីនេះ អាចនឹងប្រើប្រាស់នូវកាមេរ៉ាទំហំ 200-Megapixel Periscope Telephoto។ បើនិយាយអំពីអេក្រង់របស់ស្មាតហ្វូន Find X9 គឺនឹងមានអេក្រង់ទំហំ 6.59-អ៊ីង ខណៈពេលដែលស្មាតហ្វូន Pro Version គឺមានអេក្រង់ទំហំ 6.78អ៊ីង ចំណែកស្មាតហ្វូន OPPO X9s គឺមានអេក្រង់ទំហំ 6.3-អ៊ីង។ ស្មាតហ្វូន OPPO X9 Ultra នេះនឹងមានអេក្រង់ទំហំ 6.82-អ៊ីង។
ស្មាតហ្វូន OPPO Find X9 series ត្រូវបានគេទម្លាយថា នឹងបោះបង់ចោលនូវកាមេរ៉ាមូលខាងក្រោយ ដែលធ្លាប់ប្រើប្រាស់នៅលើស្មាតហ្វូន Find X7។ ស្មាតហ្វូន OPPO X9 អាចនឹងក្លាយជាស្មាតហ្វូនដំបូងបំផុតរបស់ក្រុមហ៊ុន OPPO ដែលតម្លើងមកស្រាប់ជាមួយនឹង ColorOS 16 នៅលើ Android 16 ។ ស្មាតហ្វូន X9 និង X9 Pro អាច នឹងបង្ហាញខ្លួននៅក្នុងខែកញ្ញាឆ្នាំនេះ៕