មកដល់ពេលនេះ Honor នៅមិនទាន់សម្ពោធជាផ្លូវការនូវស្មាតហ្វូនជំនាន់ថ្មីលំដាប់ថ្នាក់ Flagship របស់ខ្លួននៅឡើយទេ។ ខណៈដែលមានព័ត៌មានជាច្រើនរួចមកហើយនោះ នៅថ្ងៃនេះ ក្រុមហ៊ុន Honor បានទម្លាយនូវវីដេអូ និងរូបភាពថ្មីៗជាច្រើន ដោយមានការប្រៀបធៀបកាមេរ៉ា Magic 8 Pro ជាមួយនិង iPhone 17 Pro ដោយបានបញ្ជាក់ពីការថតរូបភាពនៅក្នុងពេលរាត្រីនៅលើឧទ្ធម្ភាគចក្រថែមទៀតផង។
វីដេអូខាងលើនេះ គឺត្រូវបានចែកចាយដោយ Chinese social media ដោយមានការបញ្ជាក់់ច្បាស់ពីការថតរូបភាពពេលយប់ និងការប្រើប្រាស់នូវស្មាតហ្វូននៅក្នុងស្ថានភាពគ្មានលំនឹង។ ហើយនៅក្នុងនេះ គឺត្រូវបានថតនៅលើទីក្រុងមួយដែលមានភ្លើងចំរុះ ដែលមានភាពទាក់ទាញជាទីបំផុត។
តាមរយៈរូបភាពដែលថតដោយគូរប្រជែងទាំងពីរនេះ គឺបានបង្ហាញថា ប្រព័ន្ធកាមេរ៉ានៅលើ Honor Magic 8 Pro គឺមានបំពាក់នូវ AI ដែលអាចជួយដល់ការថតបានភ្លឺ ហើយនិងមានភាពច្បាស់លាស់ខ្លាំងមែនទែន ខណៈដែល iPhone 17 Pro ក៏ធ្វើបានល្អដូចគ្នាផងដែរ ប៉ុន្តែទៅលើពន្លឺវិញ គឺមានភាពខ្យោយជាងដៃគូរបស់ខ្លួនបន្តិច។
Honor Magic 8 Pro នឹងមានការប្រើប្រាស់នូវកាមេរ៉ា 200MP គាំទ្រដោយសិនស័រ 1/1.4 អ៊ីង periscope telephoto lens (f/2.6) និងកាមេរ៉ាគោលទំហំ 50MP (សិនស័រ 1/1.31 អ៊ីង និងកម្រិត F/1.6 Aperture) ហើយនិងមួយគ្រាប់ទៀតមានទំហំ 50MP ultra-wide។ សម្រាប់កាមេរ៉ាទាំងនេះ គឺមានពង្រឹងទៅលើសមត្ថភាពខ្លាំងជាងមុន ដើម្បីប្រជែងជាមួយនិងស្មាតហ្វូនលំដាប់ថ្នាក់ Flagship។ ទៅលើថាមពលថ្ម គឺមានទំហំ 7,200mAh silicon-carbon គាំទ្រដោយល្បឿន 120W fast charging។