
ក្រុមហ៊ុនសម្ព័ន្ធមិត្តវិនិយោគទុនរួមគ្នា Zhengzhou Nissan បានប្រកាសចេញដាក់លក់មុនឬ Pre-sale ឡាន Pick up ស៊េរីថ្មីដំបូងរបស់ខ្លួនម៉ូដែល Nissan Frontier Pro នៅទីផ្សារប្រទេសចិនជាមួយតម្លៃចាប់ពីខ្ទង់ $24,800 ទៅ $35,000។ Nissan Frontier Pro គឺជាតំណាងឱ្យម៉ូដែលសកលដំបូងគេរបស់ Nissan ដែលត្រូវបានរចនាអភិវឌ្ឍនិងផលិតទាំងស្រុងនៅក្នុងប្រទេសចិនហើយឡាន Pick up នេះមកនូវជម្រើសប្រើម៉ាស៊ីនសាំងម៉ាសស៊ីនម៉ាស៊ូតនិងម៉ាស៊ីន+អគ្គិសនីឬ Plug-in-hybrid (PHEV)។ហើយការបើក Pre-sale នេះគឺធ្វើឡើងចាប់ពីថ្ងៃទី 30 ខែតុលាដល់ថ្ងៃទី 26 ខែវិច្ឆិកាឆ្នាំ 2026។
ផ្នែកខាងមុខរបស់ Nissan Frontier Pro ត្រូវបានរំលេចការឌីស្សាញជាមួយនឹងបណ្តុំចង្កៀងប្រភេទ LED រាងជាអក្សរ T ដែលក្នុងនោះរួមមានចង្កៀងបំភ្លឺពេលថ្ងៃពេលយប់និងភ្លើងស៊ីញ៉ូសុំផ្លូវសម្រាប់ម៉ូដែលប្រើម៉ាស៊ីនសាំងឬម៉ាស៊ូតចំនែកម៉ូដែល PHEV វិញមានការឌីស្សាញប្រហាក់ប្រហែលគ្នាដែលគ្រាន់តែមានផ្ទាំងប៉ាណាបិទជិតផ្នែកខាងលើនិងមានសណ្តុំចង្កៀង Daytime running light អូសកាត់ភ្ជាប់ពីចំហៀងម្ខាងទៅម្ខាងរចនាជាបន្ទាត់ដាច់ៗ។ចំនែកផ្នែកខាងក្រោយឌីស្សាញជាមួយសណ្តុំចង្កៀងបំភ្លឺពេលជាន់ហ្វ្រាំងភ្លើងស៊ីញ៉ូភ្លឺច្បាស់ដែលមានការឌីស្សាញតភ្ជាប់គ្នាពីចំហៀងម្ខាងទៅចំហៀងម្ខាងទៀត។

ឡាន Pick up ជប៉ុនកាត់ចិនស៊េរីថ្មីនេះបានបណ្តោយខ្លួនប្រវែង 5,520mm/ ទទឹង 1,960mm/ កំពស់ 1,950mm និងគម្លាតកង់មុខទៅកង់ក្រោយ 3,300mm។ចូលមកផ្នែកកាប៊ីនខាងក្នុងរបស់ Nissan Frontier Pro មានការឌីស្សាញបែបប្រណិតទំនើបនិយមដូចជាមានអេក្រង់កម្សាន្តទំហំធំនៅកណ្តាលតាប់ឡូទំហំ 14.6-inch, អេក្រង់បង្ហាញព័ត៌មានក្រោយដៃចង្កូតប្រភេទ LCD Instrument Cluster, ប៉ូតុងព្យាណូសម្រាប់បញ្ជាមុខងារមួយចំនួនស្ថិតនៅខាងក្រោមរន្ធម៉ាស៊ីនត្រជាក់ក្រោមអេក្រង់កណ្តាលហើយនិងការប្រើប្រាស់ប្រព័ន្ធប្រអប់លេខអេឡិចត្រូនិចជាដើម។

Nissan Frontier Pro មានជម្រើស Powertrain ចំនួន 3 ផ្សេងគ្នាដែលដំណើរការដោយប្រព័ន្ធបើកបរប៉ុងពីរឬ All-wheel-drive គ្រប់ម៉ូដែលដោយក្នុងនោះមានម៉ូដែលប្រើម៉ាស៊ីនសាំង 2.0T, ប្រើម៉ាស៊ីនម៉ាស៊ូត 2.3T និងម៉ាស៊ីន Plug-in-hybrid (PHEV)។ Frontier Pro បានប្រើប្រាស់នូវម៉ាស៊ីន M9T ជំនាន់ទីបីដែលភ្ជាប់ដំណើរការដោយប្រព័ន្ធប្រអប់លេខ ZF-8 Speed automatic transmission។ដែលម៉ាស៊ីនជំនាន់ថ្មីនេះមានភ្ជាប់មកជាមួយប្រព័ន្ធ BorgWarner’s Mlock intelligent four-wheel-drive system ដែលជួយបង្កើនអនុភាពម៉ាស៊ីនឲ្យបញ្ចេញកម្លាំងអស់បានដល់ 182 សេះនិងកម្លាំងរមួល 500Nm។

ចំនែលម៉ូដែល Frontier Pro PHEV វិញមានសមត្ថភាពអាចផលិតកម្លាំងបានដល់ 410 សេះជាមួយកម្លាំងរមួល 800Nm ដែលអាចអូសសណ្តោងទំងន់បានដល់ 3.5 តោននិងបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធបានដល់ 135km នៅពេលសាកថ្មពេញម្តង។ឡាន Pick up ស៊េរីថ្មីនេះមានមកជាមួយជម្រើស Mode ក្នុងការបើកបររហូតដល់ទៅ 13 ផ្សេងគ្នាតម្រូវតាមស្ថានភាពក្នុងការបើកបរជាក់ស្តែង។ Nissan Frontier Pro ទាំងបីស៊េរីនឹងត្រូវចេញលក់ផ្លូវការណ៍នៅត្រីមាសទីបួនក្នុងឆ្នាំ 2025 នេះ៕





