
ក្រុមហ៊ុន Toyota បានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងកម្មវិធីតាំងពិព័រណ៌ឡាន Japan Mobility Show 2025 នៅក្នុងប្រទេសជប៉ុនដោយបានបញ្ចេញនូវគំរូឡាន Toyota Corolla Concept ថ្មីដែលមានការឌីហ្សាញបែបអនាគតខុសពីត្រកូល Corolla បច្ចុប្បន្នដាច់តែម្តង។
គួរឲ្យដឹងដែរថា Corolla គឺជាម៉ូដែលលក់ដាច់បំផុតនិងមានអាយុកាលយូរបំផុតរបស់ក្រុមហ៊ុន Toyota ដោយបច្ចុប្បន្ននេះមានជាជម្រើសប្រើម៉ាស៊ីនសាំងនិង Hybrid ផងដែរ។ គំរូឡាន Toyota Corolla ថ្មីនេះគឺជាការឌីហ្សាញឡើងដោយមជ្ឈមណ្ឌលរចនារបស់ Toyota នៅអឺរ៉ុបដែលស្ថិតក្នុងទីក្រុង Nice ប្រទេសបារាំងដោយបានពាំនាំនូវការឌីហ្សាញបែបទាន់សម័យនិង Futuristic ដូចទៅនឹងឡានអគ្គិសនីអីចឹង។

នៅផ្នែកខាងមុខវាបានបំពាក់អំពូល Daytime Running Light ទ្រវែងលាតពេញផ្នែកខាងមុខអមដោយចង្កៀងមុខ LED បញ្ឈរហើយមានរន្ធខ្យល់នៅផ្នែកខាងក្រោមកាងមុខនិងរន្ធខ្យល់នៅក្បែរគល់នៃកញ្ចក់មុខផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយវានៅតែរក្សាការរចនាតួខ្លួនជាប្រភេទ Sedan ទ្វារ 4 ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍មួយទៀតនោះគឺការបំពាក់ស្តុបក្រោយ LED ទ្រវែង, ដៃទ្វារបង្កប់ក្នុងតួខ្លួននិងការរចនាដំបូលអណ្តែតពណ៌ខ្មៅយ៉ាងទាក់ទាញ។

ក្រឡេកទៅមើលផ្នែកខាងក្នុងវិញវាពិតជាខុសពីម៉ូដែល Corolla បច្ចុប្បន្ន 360 ដឺក្រេតែម្តងចាប់តាំងពីការឌីហ្សាញតាបឡូដល់កន្លែងអង្គុយ។ យ៉ាងណាក៏ដោយវាគ្រាន់តែជាគំរូឡានប៉ុណ្ណោះខណៈក្រុមហ៊ុន Toyota មិនបានបញ្ជាក់ឡើយថាម៉ូដែល Corolla ជំនាន់ក្រោយនឹងមានរូបរាងបែបនេះឬបែបណាដូច្នេះយើងមានតែរង់ចាំមើលតទៅទៀតប៉ុណ្ណោះ៕






