
ខណៈដែលកៀកពេលនៃការប្រកាសសម្ពោធជាផ្លូវការណ៌នូវ MacBooks និង iPhone 17e នៅថ្ងៃទី 4 ខែមីនាពេលខាងមុខ នៅថ្ងៃនេះ មានការលេចញនូវព័ត៌មានថ្មីៗទាក់ទងជាមួយនិង iPhone ជំនាន់ថ្មី ដែលត្រៀមចេញនៅចុងឆ្នាំនេះថែមទៀតហើយ។ ផ្អែកតាមព័ត៌មានថ្មីរបស់ Mark Gurman ដែលជាអ្នកវិភាគរបស់ស្ថាប័ន Bloomberg ដែលចេញនៅថ្ងៃនេះ គឺបានបង្ហើបពីជម្រើស ពណ៌ថ្មី ដែលនឹងប្រើប្រាស់នៅលើស្មាតហ្វូនជំនាន់ថ្មី iPhone 18 Pro series ហើយ។
លោកបានធ្វើការកត់សម្គាល់ថា វត្តមានរបស់ iPhones ជំនាន់ថ្មីនេះ អាចនឹងមានជម្រើសពណ៌ក្រហម។ ហើយពណ៌ថ្មីនេះ គឺមានតែនៅលើម៉ូដែល iPhone 18 Pro Series តែប៉ុណ្ណោះ។ លោក Gurman បានបន្ថែមថា ក្រុមហ៊ុន Apple ក៏ប្រហែលជាបន្តប្រើប្រាស់នូវពណ៌ដែលកំពុងតែពេញនិយម Cosmic Orange ដដែលសម្រាប់ស្មាតហ្វូនជំនាន់ថ្មីនេះ ខណៈដែលពណ៌ក្រហម គឺជាជម្រើសថ្មីបន្ថែមអោយកាន់តែទាក់ទាញសម្រាប់ម៉ូដែលថ្មីប៉ុណ្ណោះ។

ទាក់ទងជាមួយនិងស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មីរបស់ iPhone វិញ ត្រូវបានប្រភពខាងលើនេះរាយការណ៌ថា ក្រុមហ៊ុន Apple ទំនងជានិងមិនមានការប្រើប្រាស់នូវជម្រើសពណ៌ឆើតៗនោះទេ។ ជាមួយគ្នានេះ ក៏មានការបង្ហើបថា ស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មីម៉ូដែលដំបូងនេះ គឺអាចនឹងមានការប្រកាសចេញរួមគ្នាជាមួយនិងវត្តមានរបស់ iPhone 18 Pro និង iPhone 18 Pro Max នៅខែកញ្ញាខាងមុខនេះផងដែរ។ ទៅលើជម្រើសស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មីនេះ អាចនឹងមកជាមួយ dark gray/black និង white/silver ប៉ុណ្ណោះ។





