Hyundai ត្រូវបានគេដឹងថា នឹងត្រូវចំណាយទឹកប្រាក់ចំនួន 5.4 លានដុល្លារអាមេរិក សម្រាប់សំណងទៅលើបណ្តឹងរបស់អតិថិជននៅក្នុងសហរដ្ឋអាមេរិក

កាលពីថ្ងៃទី 17 ខែកុម្ភៈនេះ មានរបាយការណ៍មួយបានបញ្ជាក់ថា ក្រុមហ៊ុន Hyundai Motor យល់ព្រមជាមួយនឹងកិច្ចព្រមព្រៀងមួយ ទាក់ទងទៅនឹងបណ្តឹង ចោទប្រកាន់ពីសំណាក់អ្នកប្រើប្រាស់រថយន្ត Hyundai ពាក់ព័ន្ធទៅនឹងករណីផ្ទុះដំបូល Panoramic Sunroofs នៅសហរដ្ឋអាមេរិក។ ជុំវិញរឿងដែលផ្ទុះបែកភ្លាមៗ ក្រុមហ៊ុនកូរ៉េនេះ បានចេញនិយាយថា ការសម្រេចចិត្តថា យល់ព្រមដោះស្រាយបញ្ហានេះ គឺមិនមានន័យថា រថយន្តរបស់ខ្លួនមានបញ្ហានោះទេ។ 

ម្ចាស់រថយន្តរបស់ក្រុមហ៊ុន Hyundai ជាច្រើន បានត្អូញត្អែរថា រថយន្ត Sonata, Tucson, Santa Fe, Veloster, Elantra GT, Azera និង Genesis ស៊េរីឆ្នាំ 2010 និង 2016 គឺមានភ្ជាប់ជាមួយនឹងដំបូល sunroofs ដែលមានបញ្ហាហើយវាគ្មានការព្រមានជូនដំណឹងណាមួយកើតឡើងនោះទេ។ បណ្តឹងខាងលើនេះ ត្រូវបានគេប្តឹងទៅកាន់តុលាការក្នុងស្រុកនៅក្នុងសហរដ្ឋអាមេរិក (US District Court ) កាលពីឆ្នាំ 2015 នៅមណ្ឌលកណ្តាលនៃរដ្ឋកាលីហ្វ័រនីញ៉ា។ បើទោះបីជាដើមចោទ គ្មាននរណាម្នាក់រងរបួសក៏ដោយ ប៉ុន្តែនេះគឺជាសម្លេងរំខាន និងមានការភ័យខ្លាចបំផុត។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

អ្នកប្រើប្រាស់រថយន្ត Hyundai ទាំងអស់នោះ បានចាត់ទុកថា ករណីនេះអាចបង្កការគំរាមកំហែងសុវត្ថិភាពធ្ងន់ធ្ងរដល់អ្នកបើកបរ។ ដើមចោទនានា បានចោទប្រកាន់ថា ក្រុមហ៊ុន Hyundai បានដឹងអំពីបញ្ហានេះ ប៉ុន្តែលាក់បាំងបញ្ហានេះ ជាមួយនឹងអតិថិជន។ ជាមួយនឹងរឿងនេះ មេធាវីដើមបណ្តឹង បានទាមទារសំណងខូចខាតចំនួន 5,4 លានដុល្លារអាមេរិក។ ការទូទាត់នេះ ត្រូវបានគេដឹងថា គឺស្ថិតនៅក្រោមការអនុម័តចុងក្រោយ ពីចៅក្រមសហព័ន្ធ ដែលត្រូវបានគេរំពឹងទុកថា នៅដើមឆ្នាំក្រោយនេះហើយ

កាលពីថ្ងៃអាទិត្យនេះ ក្រុមហ៊ុន Hyundai បាននិយាយថា ខ្លួនយល់ព្រមដោះស្រាយជាមួយនឹងរឿងរ៉ាវនេះសម្រាប់តែនៅក្នុងសហរដ្ឋអាមេរិកប៉ុណ្ណោះ សម្រាប់ម៉ូដែលរថយន្តដូចគ្នានេះ ដែលត្រូវបានគេលក់នៅតាមបណ្តាប្រទេសដទៃទៀត គឺមិនមានកិច្ចព្រមព្រៀងផ្តល់ដំណោះស្រាយនោះទេ។ នៅពេលសួរថា ហេតុអ្វីបានជាស្ថានភាពនៅសហរដ្ឋអាមេរិក មានភាពខុសគ្នានោះ អ្នកតំណាងរបស់ក្រុមហ៊ុន Hyundai បាននិយាយថា នេះមិនមែនជាបញ្ហារថយន្តទេ អាចជាបំណែកថ្មដែលត្រូវបាន ខ្ទាតចេញពីកន្លែងផ្សេង ហើយធ្លាក់មកចំនៅលើដំបូលកំដៅព្រះអាទិត្យប៉ុណ្ណោះ៕

 

ព័ត៌មានពាណិជ្ជកម្ម